អាជ្ញាធរ​ជាតិ​អប្សរា បានប្រកាស​បើក​ឱ្យ​សាធារណ​ជន​ចូល​រួម​ដោយ​សេរី​ចំពោះ​កម្មវិធី​នានា​ក្នុង​ព្រឹត្តិការណ៍​ «រំលឹក​គុណ​អង្គ​» ដើម្បី​ចូល​រួម​អបអរ​សាទរ​ខួប​៣០​ឆ្នាំ​នៃ​ការ​ចុះ​រមណីយដ្ឋាន​អង្គរ​ ក្នុង​បញ្ជី​នៃ​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​នា​ថ្ងៃ​ទី​១៤​ ខែ​ធ្នូ​ ឆ្នាំ​១៩៩២​។

យោងតាម​សេចក្តី​ជូន​ដំណឹង អាជ្ញាធរ​ជាតិ​អប្សរា​​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួននៅ​ថ្ងៃ​សុក្រ​ បាន​ជូន​ដំណឹង​ដល់​ ក្រសួង​ ស្ថាប័ន​ជាតិ​-អន្តរ​ជាតិ​ អាជ្ញាធរ​ដែនដី​ មន្ទីរ​-អង្គភាព​ សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​ សមាគម​មគ្គុទេសក៍​ទេសចរណ៍ សមាគម​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ​ ក្រុមហ៊ុន​ទេសចរណ៍​ ភ្ញៀវ​ទេសចរ​ជាតិ​-អន្តរ​ជាតិ​ និង​សាធារណ​ជន​ទាំង​អស់​ឱ្យ​បាន​ជ្រាប​ និង​ចូល​រូម​ឱ្យ​បាន​ច្រើន​កុះករ​ នៅ​ក្នុង​ការ​ប្រារព្វ​ពិធី​រៀប​ចំ​ «រំលឹក​គុណ​អង្គរ​» នៅ​រមណីយដ្ឋាន​អង្គរ​ នឹងប្រព្រឹត្តិ​ទៅ​ចាប់​ពី​ថ្ងៃ​ទី​១៤​ ដល់​ថ្ងៃ​ទី​១៦​ ខែ​ធ្នូ​ ឆ្នាំ​២០២២​​ ខាង​មុន​នេះ​។

ក្នុង​សេចក្តី​ជូន​ដំណឹង​បាន​បញ្ជាក់បន្ថែមទៀត​ថា​ ចំពោះ​កម្ម​វិធី​ថ្ងៃ​ទី​១៤​ ចាប់​ពី​ម៉ោង​៦​ព្រឹក​ មាន​ពិធីបើក​ព្រឹត្តិការណ៍​រំលឹក​គុណ​អង្គរ​ និង​ដាក់​បាត្រ​ព្រះសង្ឃ​ ចំនួន​១៣០​អង្គ​ ទី​តាំង​នៅ​ផ្នែក​ខាង​មុខ​ប្រាសាទ​អង្គរ​វត្ត​ ហើយ​ចាប់ពី​ម៉ោង​១៨​យប់​ត​ទៅ​ មាន​ការ​រៀប​ចំ​ព្រឹត្តិការណ៍​រាត្រី​ចង​ចាំ​ និង​មាន​ការ​សម្តែង​សិល្បៈ​ទស្សនីយភាព​នានា​ ដោយ​ក្រុម​សិល្បៈ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ ដែល​មាន​​ទីតាំង​នៅ​ខាង​ក្រោយ​ប្រាសាទ​អង្គរ​វត្ត​។

ចំពោះ​ថ្ងៃ​ទី​១៥​ ចាប់​ពី​ម៉ោង​១៨​យប់​ត​ទៅ ​នឹង​មាន​ការ​សម្តែង​សិល្បៈ​អាយ៉ៃ​ឆ្លើយ​ឆ្លង​ដោយ​លោក​តា​ស្មៀន​ ម៉ាញ​ នៅ​បរិវេណ​ព្រះ​លាន​ជល់​ដំរី​ នៃ​ក្រុង​អង្គរ​ធំ​។ ឯ​ថ្ងៃ​ទី​១៦​ ចាប់​ពី​ម៉ោង​១៨​យប់​ត​ទៅ​ នឹង​មាន​ការ​សម្តែង​សិល្បៈ​ល្ខោន​ស្បែក​ធំ​ ដោយ​ក្រុម​សិល្បៈ​វត្តរាជ​បូរណ៌ នៅ​បរិវេណ​អតីត​ទី​ស្នាក់​ការ​ប៉ូលិស​បេតិភណ្ឌ​ចាស់​ ជាប់​នឹង​ទី​លាន​ប៉ារីសប្រាសាទ​អង្គរ​វត្ត៕