អតីតតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ នៃអតីតគណបក្សសង្រ្គោះជាតិ លោក ដាំ សិទ្ធិ បានប្រកាសសុំចុះចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយបានសរសេរលិខិតដោយដៃនិងមានចុះហត្ថលេខា ទៅខុទ្ទកាល័យលោកនាយករដ្ឋមន្រី្ដ ហ៊ុន សែនកាលពីពេលថ្មីៗនេះ។
នៅក្នុងលិខិតរបស់លោកសិទ្ធិ ជាអតីតចាងហ្វាងកាសែតប្រឆាំងមនសិការខ្មែរ បានដាក់លិខិតជាផ្លូវការទៅលោក ហ៊ុន សែន នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។ លោកសិទ្ធិ បានលើកឡើងក្នុងលិខិតនេះថា ដោយមើលឃើញគោលនយោបាយដ៏ល្អ ត្រឹមត្រូវក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា លោកបានសម្រេចចិត្តចួលរួមនយោបាយជាមួយរដ្ឋាភិបាល ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។
លោកបានបញ្ជាក់ថា ការចុះចូលរបស់លោកជាមួយគណបក្សកាន់អំណាចនាពេលនេះធ្វើឡើងដោយ គ្មានការគំរាមកំហែង បង្ខិតបង្ខំទេ។
Newsroom Cambodia បានព្យាយាមទាក់ទងទៅ លោកសិទ្ធិ ជាច្រើនដង ដោយខលទូរសព្ទចូលប៉ុន្ដែលោកបាននិយាយថារវល់ សុំមិននិយាយ។
លោកសេក សុជាតិ ជានាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត បានយល់ឃើញថានៅក្នុងរដ្ឋធម្មនុញ្ញក៏បានចែងដែលថាបុគ្គលគ្រប់គ្នាមានសិទ្ធិនៅក្នុងការសម្រេចចិត្ដចូលរួម កិច្ចការសង្គម កិច្ចការនយោបាយ អាស្រ័យទៅលើការពេញចិត្ដរបស់គាត់រៀងៗខ្លួន មិនមាននរណាអាចបង្ខិតបង្ខំបានទេ នេះជាចំណុចដែលយើងមើលនៅក្នុងផ្លូវច្បាប់នៅក្នុងរដ្ឋធម្មនុញ្ញ។
លោកមានប្រសាសន៍ថា៖ «សម្រាប់លោកផ្ទាល់ មិនសូវជាមានការចាប់អារម្មណ៍ចំពោះអ្នកនយោបាយដែលតែងតែធ្វើការផ្លាស់ប្ដូរជីវភាពនយោបាយរបស់គាត់នោះទេ ព្រោះដោយសារតែអ្នកនយោបាយយើងឃើញហើយនៅក្នុងពេលបច្ចុប្បន្ននេះ គាត់ក៏មានជាអតីតមន្រ្ដីជាន់ខ្ពស់របស់គណបក្សប្រឆាំងដែរ។»
«ក៏ប៉ុន្ដែយើងឃើញក្រុមអ្នកប្រជាធិបតេយ្យហាក់បីដូចជាគ្មានផ្លូវណាមួយដែលអាចរួមផ្សះផ្សាគ្នាបាន អ៊ីចឹងការសម្រេចចិត្ដរបស់គាត់គឺគាត់មិនចង់ចូលរួមជាមួយក្រុមដែលមិនចេះនិយាយគ្នា ឬក្រុមដែលមិនចេះយកបញ្ហាដាក់នៅលើតុដើម្បីរកដំណោះស្រាយរួមគ្នា»។
លោកសុជាតិ បានបន្ថែមថា៖ «មួយទៀតលោកគិតថាវាក៏ជាបញ្ហាមួយដែលធ្វើឱ្យពួកគាត់អស់ចិត្តនៅក្នុងការបន្ដជីវភាពនយោបាយជាមួយអ្នកប្រជាធិបតេយ្យ ដែលមើលទៅពិបាកក្នុងការសម្រេចគោលដៅសម្រាប់អនាគតមានរយ:ពេលយូរ ក៏ជារឿងមួយដែលយើងដឹងថា អ្នកនយោបាយគឺគាត់មានសិទ្ធិក្នុងការជ្រើសរើស បើសិនជាកន្លែងចាស់របស់គាត់មិនមានឱកាស ឬក៏មិនបានផ្ដល់ឱកាស ឬក៏មិនបានផ្ដល់នូវអ្វីមួយពេញលេញសម្រាប់គាត់ទេ គឺគាត់អាចសម្រេចចិត្ដសារជាថ្មីនៅក្នុងការជ្រើសរើសគណបក្សនយោបាយណាមួយ ជាកន្លែងដែលគាត់អាចបញ្ចេញសម្ថតភាព ឬក៏ទទួលបាននូវអ្វីដែលអាចជាសេចក្ដីបំណងប្រាថ្នារបស់គាត់ផងដែរ»។
លោកសិទ្ធិកន្លងមកធ្លាប់រិះគន់រដ្ឋាភិបាល និងក៏បានទទួលរងបណ្តឹងផងដែរពីបទផ្សាយព័ត៌មានមិនពិត និងបរិហារកេរ្តិ៍។ នៅឆ្នាំ២០១៣ លោកសិទ្ធិ ក៏បានជាប់ឆ្នោត ជាអ្នកតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ មកពីគណបក្សសង្គ្រោជាតិ៕