អតីតតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ​ នៃអតីតគណបក្សសង្រ្គោះជាតិ លោក ដាំ សិទ្ធិ បានប្រកាស​​សុំចុះចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​​កម្ពុជា​ ដោយបានសរសេរលិខិត​​​​ដោយដៃ​និងមានចុះ​ហត្ថលេខា​ ទៅ​ខុទ្ទកាល័យ​លោកនាយករដ្ឋមន្រី្ដ ហ៊ុន សែនកាលពីពេលថ្មីៗនេះ។

នៅក្នុង​លិខិត​របស់លោកសិទ្ធិ ជាអតីតចាងហ្វាង​​កាសែត​​ប្រឆាំងមនសិការ​ខ្មែរ ​បានដាក់លិខិត​ជាផ្លូវការ​ទៅលោក​​ ហ៊ុន សែន នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។ ​លោកសិទ្ធិ បានលើកឡើងក្នុងលិខិតនេះថា ដោយ​មើលឃើញ​គោលនយោបាយ​ដ៏ល្អ ត្រឹមត្រូវ​ក្រោមការដឹកនាំ​របស់គណបក្ស​ប្រជាជន​កម្ពុជា​ លោកបានសម្រេចចិត្តចួលរួមនយោបាយជាមួយ​​រដ្ឋាភិបាល​ ចាប់ពីថ្ងៃចុះ​ហត្ថលេខានេះតទៅ​។

លោក​បានបញ្ជាក់ថា ការ​ចុះចូល​របស់លោកជាមួយគណបក្ស​កាន់អំណាច​នាពេលនេះធ្វើឡើងដោយ គ្មានការគំរាមកំហែង បង្ខិតបង្ខំទេ។

Newsroom Cambodia បានព្យាយាម​ទាក់​ទង​ទៅ លោកសិទ្ធិ ជាច្រើន​ដង​ ​ដោយខល​ទូរសព្ទ​ចូល​ប៉ុន្ដែលោកបាននិយាយថារវល់​ សុំមិននិយាយ។

លោកសេក សុជាតិ ជានាយកប្រតិបត្តិ​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត​ បានយល់ឃើញថានៅក្នុងរដ្ឋធម្មនុញ្ញក៏បានចែងដែលថាបុគ្គលគ្រប់គ្នាមានសិទ្ធិនៅក្នុង​ការសម្រេចចិត្ដ​ចូលរួម កិច្ចការសង្គម​ កិច្ចការនយោបាយ អាស្រ័យទៅលើការពេញចិត្ដរបស់គាត់រៀងៗខ្លួន មិនមាននរណា​អាចបង្ខិតបង្ខំ​បានទេ នេះជាចំណុចដែលយើងមើលនៅក្នុង​ផ្លូវច្បាប់​នៅក្នុង​រដ្ឋធម្មនុញ្ញ។

លោកមានប្រសាសន៍ថា៖ ​«សម្រាប់លោកផ្ទាល់ មិនសូវ​ជាមាន​ការចាប់អារម្មណ៍​ចំពោះអ្នកនយោបាយដែលតែងតែ​ធ្វើការផ្លាស់ប្ដូរជីវភាព​នយោបាយ​របស់គាត់នោះទេ ព្រោះដោយសារតែអ្នកនយោបាយយើងឃើញហើយនៅក្នុងពេល​បច្ចុប្បន្ន​នេះ គាត់ក៏មានជា​អតីតមន្រ្ដី​ជាន់ខ្ពស់របស់​គណបក្សប្រឆាំងដែរ។»

«ក៏ប៉ុន្ដែ​យើងឃើញក្រុមអ្នកប្រជាធិបតេយ្យហាក់បី​ដូចជា​គ្មានផ្លូវណាមួយដែលអាច​រួមផ្សះផ្សាគ្នាបាន អ៊ីចឹងការសម្រេចចិត្ដរបស់គាត់គឺគាត់មិនចង់ចូលរួមជាមួយក្រុមដែលមិនចេះនិយាយគ្នា ឬក្រុមដែលមិនចេះយកបញ្ហាដាក់នៅលើតុ​ដើម្បីរក​ដំណោះស្រាយ​រួមគ្នា»។

លោកសុជាតិ បានបន្ថែម​ថា៖ «មួយទៀតលោកគិតថាវាក៏ជាបញ្ហាមួយដែលធ្វើឱ្យពួកគាត់អស់ចិត្តនៅក្នុងការបន្ដជីវភាពនយោបាយជាមួយអ្នកប្រជាធិបតេយ្យ ដែលមើលទៅ​ពិបាកក្នុងការ​សម្រេចគោលដៅ​សម្រាប់អនាគតមានរយ:ពេលយូរ ក៏ជារឿងមួយ​ដែលយើង​ដឹងថា ​អ្នកនយោបាយគឺគាត់មានសិទ្ធិក្នុងការ​ជ្រើសរើស បើសិនជា​កន្លែងចាស់​របស់គាត់មិនមាន​ឱកាស ឬក៏មិនបាន​ផ្ដល់ឱកាស​ ឬក៏មិនបាន​ផ្ដល់នូវអ្វី​មួយពេញលេញ​​សម្រាប់គាត់ទេ ​​គឺគាត់អាចសម្រេចចិត្ដសារជាថ្មីនៅក្នុងការជ្រើសរើសគណបក្សនយោបាយណាមួយ ជាកន្លែងដែលគាត់អាចបញ្ចេញ​សម្ថតភាព ​​ឬក៏ទទួលបាននូវ​អ្វីដែលអាចជា​សេចក្ដីបំណងប្រាថ្នារបស់គាត់ផងដែរ»។

លោកសិទ្ធិកន្លងមកធ្លាប់រិះគន់រដ្ឋាភិបាល និងក៏បានទទួលរងបណ្តឹងផងដែរពីបទ​ផ្សាយ​ព័ត៌មាន​មិនពិត និង​បរិហារកេរ្តិ៍។ នៅឆ្នាំ២០១៣ លោកសិទ្ធិ ក៏បានជាប់ឆ្នោត ជាអ្នកតំណាងរាស្ត្រមណ្ឌល​រាជធានីភ្នំពេញ មកពី​គណបក្សសង្គ្រោជាតិ​៕