ប្រមុខ​រដ្ឋាភិបាល​ លោកហ៊ុន សែន បានប្រកាសថា កម្ពុជា​នឹង​ធ្វើ​អង្គរ​សង្រ្គាន​ឡើង​វិញ​នៅ​ឆ្នាំ​ក្រោយ​ បន្ទាប់ពីខកខានអស់រយៈពេលរាប់ឆ្នាំដោយសារតែជំងឺកូវីដ១៩។

លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន បានថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​បិទ​កីឡា​ថ្នាក់​ជាតិ​លើក​ទី​៣​ និង​កីឡា​ជាតិ​ប៉ារ៉ា​ហ្គេម​លើក​ទី​១​ នា​ថ្ងៃ​ទី​៣០​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២ ​នេះ​ ដែល​ធ្វើ​ឡើង​នៅ​ស្តាត​មរតក​តេជា​ ក្នុង​រាជធានី​ភ្នំពេញ​។

លោក​បានថ្លែង​ថា​៖ «ខ្ញុំ​សូម​បញ្ជាក់​ជូន​ជន​រួម​ជាតិ​ទាំង​អស់​ថា​ អង្គរ​សង្ក្រាន្ត​នឹង​ចាប់​ផ្តើម​ឡើង​វិញ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នៅ​ខែ​មេសា​ ឆ្នាំ​២០២៣​។ [ខ្ញុំ] សង្ឃឹម​ថា​គុន​ល្បុក្កតោ​ (ក្បាច់​គុន​បុរាណ​ខ្មែរ​) នឹង​ក្លាយ​ជា​និមិត្ត​សញ្ញា​សំខាន់​នៃ​ការ​ជួប​ជុំ​គ្នា​នៅ​អង្គរ​សង្ក្រាន្ត​»។

គួរ​បញ្ជាក់​ដែ​រថា​ អង្គរ​សង្រ្គាន​តែង​ធ្វើ​ឡើង​រៀង​រាល់​ពេល​ពិធី​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ក្នុង​ខែ​មេសា​ ដែល​ប្រារព្ធ​ឡើង​ក្នុង​ខេត្ត​សៀមរាប​ ប៉ុន្តែ​ត្រូវ​បាន​ផ្អាក​អស់​រយៈ​ពេល​បី​ឆ្នាំ​គិត​ចាប់​ពី​ឆ្នាំ​២០១៩​ មុន​ជំងឺ​រាត​ត្បាត​កូវីដ​១៩​ ផ្ទុះ​ឡើង​៕