បេក្ខជនរាប់ពាន់បានចាប់ផ្តើមប្រលងមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)នៅទូទាំងប្រទេសនៅថ្ងៃចន្ទនេះ ដោយមានការរឹតបន្តឹងខ្លាំង រួមមានការត្រួតពិនិត្យកូនសិស្សមិនចូលមណ្ឌលនិងការដាក់ពង្រាយកំលាំងសន្តិសុខផងដែរ។
ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២ បានចាប់ផ្ដើមបិទបញ្ជីឈ្មោះបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ទាំងអស់ ហើយបេក្ខជនចាំបាច់ត្រូវទៅពិនិត្យ លេខតុ លេខបន្ទប់ តារាងប្រព្រឹត្តទៅនៃវិញ្ញាសា និងប្លង់បន្ទប់ ព្រមទាំងអានបទប្បញ្ញត្តិប្រឡង ដែលត្រូវបានបិទនៅតាមគ្រប់មណ្ឌលប្រឡងទូទាំង២៥រាជធានី-ខេត្តដែលប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២។
នៅក្នុងគេហទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវឱ្យបេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានត្រឹមត្រូវ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវ ឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទចូលក្នុងមណ្ឌល ប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។
ក្នុងករណីរកឃើញថា បានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅថ្ងៃទី០៥ ដល់ថ្ងៃទី០៦ ខែធ្នូ នេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១២៨ ១៣៤នាក់ ស្រី ៦៨ ៧៧១នាក់ មណ្ឌលប្រឡងសរុប ២២១មណ្ឌល ដែលមាន ៥ ១៧៤បន្ទប់។
តាមរយ:ប្រភពដដែលបន្ដថា ក៏មានការចូលរួមដោយគណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទ ជំនួយការអប្បមាទ ប្រធាន និងអនុប្រធានមណ្ឌល ប្រចាំរាជធានី-ខេត្តនីមួយៗដែលសរុបចំនួន ២៧ ៧៥៣ នាក់ រួមជាមួយគ្នានេះអង្គភាពប្រឆាំងអំពើពុករលួយ ក៏បានចុះត្រួតពិនិត្យស្ថានភាពទូទៅនៅតាមមណ្ឌលប្រឡងដោយផ្ដោតសំខាន់ទៅលើបរិវេណមណ្ឌលប្រឡង ឧបករណ៍បំពងសំឡេង ស្ថានភាពអាគារ បន្ទប់ប្រឡងនីមួយៗ និងគ្រឿងបរិក្ខានានា ព្រមទាំងបន្ទប់បម្រុងទុក។
ករណីមានបេក្ខជនមានបញ្ហាសុខភាពត្រូវការ ការសង្គ្រោះបឋមផ្សេងៗ ការរក្សានូវអនាម័យ និងសុវត្ថិភាព ដើម្បីធានាបានថា ដំណើរការនៃការប្រឡងបាក់ឌុបនេះប្រព្រឹត្តទៅដោយរលូន។
ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ខេត្តផ្សេងទៀត ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា៕