បេក្ខជនរាប់ពាន់បានចាប់ផ្តើមប្រលងមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)នៅទូទាំងប្រទេសនៅថ្ងៃចន្ទនេះ ដោយមានការរឹតបន្តឹងខ្លាំង រួមមានការត្រួតពិនិត្យកូនសិស្សមិនចូលមណ្ឌលនិងការដាក់ពង្រាយកំលាំងសន្តិសុខផងដែរ។

ក្រសួងអប់រំ​ យុវជន​ និងកីឡា នៅព្រឹក​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ២០២២​ បានចាប់ផ្ដើមបិទបញ្ជី​ឈ្មោះបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ទាំងអស់ ហើយ​បេក្ខជន​ចាំបាច់ត្រូវទៅពិនិត្យ លេខ​តុ លេខ​បន្ទប់​ តារាង​ប្រព្រឹត្ត​ទៅ​នៃ​វិញ្ញាសា និង​ប្លង់​បន្ទប់ ព្រមទាំងអានបទប្បញ្ញត្តិ​ប្រឡង ដែលត្រូវ​បាន​បិទ​នៅ​តាម​​គ្រប់​មណ្ឌល​ប្រឡង​ទូទាំង​២៥​រាជធានី-ខេត្តដែលប្រព្រឹត្តទៅ​​នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២។

នៅក្នុងគេហទំព័រ​ហ្វេសប៊ុករបស់​ ក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវឱ្យបេក្ខជន​ទាំងអស់ ត្រូវគោរព​បទប្បញ្ញត្តិ​នៃ​ការប្រឡង​ឱ្យបាន​ត្រឹមត្រូវ ជាពិសេស​មិនត្រូវលាក់​ទុកជាប់​នឹងខ្លួន​នូវ ​ឧបករណ៍​អេឡិច​ត្រូនិច​គ្រប់ប្រភេទ​ចូល​ក្នុងមណ្ឌល​ ប្រឡង ឬបន្ទប់ប្រឡង​ជា​ដាច់ខាត។

​ក្នុង​ករណី​​រក​ឃើញ​ថា​​ បានប្រព្រឹត្ត​សកម្មភាព​ផ្ទុយនឹង​បទប្បញ្ញត្តិ​ និង​កម្រិតវិន័យ​ បេក្ខជន​នឹងត្រូវបាន​កំណត់​ឱ្យធ្លាក់​ជាស្វ័យប្រវត្តិ​។ ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិនៅថ្ងៃទី០៥​ ដល់ថ្ងៃទី០៦ ខែធ្នូ នេះ​ មាន​​បេក្ខជ​​​​​​​​​​​​​​​​​​​​​​​ន​​ចុះឈ្មោះ​​ប្រ​ឡង​សរុប​ ១២៨ ១៣៤​នាក់ ស្រី ៦៨ ៧៧១​នាក់ មណ្ឌល​ប្រឡង​សរុប​ ២២១​មណ្ឌល ​ដែលមាន​​​ ៥ ១៧៤​​បន្ទប់។

តាមរយ:ប្រភព​ដដែល​បន្ដថា ក៏មានការ​ចូលរួម​ដោយ​គណៈ​មេ​ប្រយោគ​​ទូទាំង​​ប្រទេស​ គណៈ​កម្មការ​​អប្បមាទ​ ជំនួយការ​​អប្បមាទ​ ប្រធាន​ និង​អនុប្រធាន​​មណ្ឌល ប្រចាំ​រាជធានី-​ខេត្ត​នីមួយៗដែលសរុបចំនួន ២៧ ៧៥៣ នាក់ ​​ រួម​ជាមួយគ្នានេះ​​អង្គភាព​​ប្រឆាំង​​អំពើ​​ពុក​​រលួយ​​ ក៏បានចុះ​​ត្រួត​​​ពិនិត្យ​​​ស្ថាន​ភាព​​​ទូទៅ​​នៅ​តាម​​មណ្ឌល​​ប្រឡង​​ដោយ​ផ្ដោត​​សំខាន់​​ទៅ​លើ​​បរិវេណ​​មណ្ឌល​​​ប្រឡង​ ឧបករណ៍​​​បំពង​​​សំឡេង​​ ស្ថានភាព​​អាគារ​​​ ​បន្ទប់​​​ប្រឡង​​​​នីមួយៗ​​ និង​​គ្រឿង​​បរិក្ខា​​នានា​ ព្រមទាំង​​បន្ទប់​​បម្រុង​ទុក។​​

ករណីមាន​បេក្ខជន​មាន​បញ្ហា​សុខភាព​ត្រូវការ​ ការ​សង្គ្រោះ​បឋមផ្សេងៗ​ ការរក្សា​នូវ​អនាម័យ​​ និង​សុវត្ថិភាព​ ដើម្បី​​ធានា​​បាន​ថា​ ​ដំណើរ​ការនៃ​​ការ​​​ប្រឡង​បាក់ឌុប​នេះ​ប្រព្រឹត្ត​ទៅដោយ​រលូន​។
​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ គ្រោងនឹង​ប្រកាស​លទ្ធផល​ប្រឡង​​នៅ​ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្រាប់​រាជធានី​ភ្នំពេញ​ និង​ខេត្ត​កណ្ដាល​ និងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សម្រាប់​ខេត្ត​ផ្សេងទៀត​ ព្រមទាំង​មានផ្សាយ​នៅលើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​៕