អាជ្ញាធរខេត្តបាត់ដំបង និងខេត្តត្រាតប្រទេសថៃ បើកដំណើរការឡើងវិញនូវច្រកទ្វារតំបន់ព្រំដែន ៤០០ ស្រុកសំឡូត ខេត្តបាត់ដំបង ទល់នឹងច្រកទ្វារតំបន់ព្រំដែនបានម៉ាក់មួង ស្រុកបរ៉ៃ ខេត្តត្រាត បន្ទាប់ពីស្ថានភាពជំងឺកូវីដ១៩ មានភាពប្រសើរឡើង។
យោងតាមលិខិតរបស់រដ្ឋបាលខេត្តបាត់ដំបង ជូនទៅអភិបាលខេត្តត្រាត កាលពី ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ បញ្ជាក់ថា ដោយសារបច្ចុប្បន្នចំនួនអ្នកឆ្លងកូវីដ១៩មានការថយចុះ ហើយប្រជាពលរដ្ឋទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ បានយ៉ាងពេញលេញ និងមានប្រសិទ្ធភាព ទើបសម្រេចឱ្យបើកច្រកទ្វារនេះឡើងវិញ។
ក្នុងលិខិតរបស់រដ្ឋបាលខេត្តបាត់ដំបងដដែលបញ្ជាក់តាមន័យដើមថា៖ «ដើម្បីបន្តសហប្រតិបត្តិការ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ជាពិសេសខេត្តជាប់ព្រំដែន (ខេត្តបាត់ដំបង និងខេត្តត្រាត) រដ្ឋបាលខេត្តបាត់ដំបង សូមឯកភាព និងចូលរួមសហការបើកដំណើរការឡើងវិញច្រកទ្វារតំបន់ព្រំដែន ៤០០ ស្ថិតក្នុងស្រុកសំឡូត ខេត្តបាត់ដំបង ទល់នឹងច្រកទ្វារព្រំដែនបានម៉ាក់មួង ស្រុកបរ៉ៃ ខេត្តត្រាត ដោយអនុវត្តទៅតាមនីតិវិធីនៃកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពី កម្ពុជា-ថៃ»។
កន្លងមកច្រកទ្វារតំបន់ព្រំដែន ៤០០ ស្រុកសំឡូត ខេត្តបាត់ដំបង ទល់នឹងច្រកទ្វារតំបន់បានម៉ាក់មួង ស្រុកបរ៉ៃ ខេត្តត្រាត ត្រូវបានបិទបណ្ដោះអាសន្នអំឡុងពេលមានការរាលដាលនៃជំងឺកូវីដ១៩ និងមេរោគបំប្លែងថ្មី៕