អាជ្ញាធរ​ខេត្ត​បាត់​ដំបង និង​ខេត្ត​ត្រាត​ប្រទេស​ថៃ បើក​ដំណើរ​ការ​ឡើង​វិញ​នូវ​​ច្រក​ទ្វារ​តំបន់​ព្រំ​ដែន​ ៤០០​ ស្រុក​សំឡូត​ ខេត្ត​បាត់ដំបង​ ទល់​នឹង​ច្រក​ទ្វារ​តំបន់​ព្រំ​ដែន​បានម៉ាក់មួង​ ស្រុក​បរ៉ៃ​ ខេត្ត​ត្រាត បន្ទាប់​ពី​ស្ថានភាព​ជំងឺ​កូវីដ​១៩ មាន​ភាព​ប្រសើរ​ឡើង។​

យោង​តាម​លិខិត​របស់​​រដ្ឋបាល​ខេត្ត​បាត់ដំប​ង​ ជូន​ទៅ​អភិបាល​ខេត្ត​ត្រាត កាល​ពី​ ​ថ្ងៃ​ទី​៥ ខែ​ធ្នូ​ ឆ្នាំ​២០២២​ បញ្ជាក់​ថា ​ដោយសារ​បច្ចុប្បន្ន​ចំនួន​អ្នកឆ្លង​កូវីដ​១៩​​​មាន​ការថយ​ចុះ ហើយ​ប្រជា​ពលរដ្ឋ​ទទួល​បាន​ការ​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​កូវីដ​១៩​ បាន​យ៉ាង​ពេញ​លេញ​ និង​មាន​ប្រសិទ្ធ​ភាព ទើប​សម្រេចឱ្យ​បើក​ច្រកទ្វារ​នេះ​ឡើង​វិញ។​

ក្នុង​លិខិត​របស់​រដ្ឋបាល​ខេត្ត​បាត់​ដំបង​ដដែល​បញ្ជាក់​តាម​ន័យ​ដើម​ថា៖ «ដើម្បី​បន្ត​សហ​ប្រតិបត្តិ​ការ​ រវាង​ព្រះរាជា​ណាចក្រ​​កម្ពុជា​ និង​ព្រះរាជា​ណាចក្រ​ថៃ ជាពិសេស​ខេត្ត​ជាប់​ព្រំ​ដែន (​ខេត្តបាត់​ដំបង និង​ខេត្តត្រាត) រដ្ឋ​បាល​ខេត្ត​បាត់ដំបង​ សូម​ឯក​ភាព​ និង​ចូល​រួម​សហ​ការ​បើក​ដំណើរ​ការ​ឡើង​វិញ​ច្រក​ទ្វារ​តំបន់​ព្រំ​ដែន​ ៤០០​ ស្ថិតក្នុង​​ស្រុក​សំឡូត​ ខេត្ត​បាត់ដំបង​ ទល់​នឹង​ច្រក​ទ្វារ​ព្រំ​ដែន​បាន​ម៉ាក់​មួង​ ស្រុក​បរ៉ៃ​ ខេត្ត​ត្រាត​ ដោយ​អនុវត្ត​ទៅ​តាម​នីតិវិធី​នៃ​កិច្ច​ព្រម​ព្រៀង​រវាង​រាជ​រដ្ឋា​ភិបាល​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ និងរាជ​រដ្ឋាភិបាល​នៃ​ព្រះរាជា​ណាចក្រ​ថៃ ស្តី​ពី​ការ​ឆ្លង​កាត់​ព្រំ​ដែន​រវាង​ប្រទេស​ទាំង​ពី​ កម្ពុជា​-ថៃ»។

​កន្លងមក​​​ច្រក​ទ្វារ​តំបន់​ព្រំ​ដែន​ ៤០០​ ស្រុក​សំឡូត​ ខេត្ត​បាត់ដំបង​ ទល់​នឹង​ច្រក​ទ្វារ​តំបន់​បានម៉ាក់មួង​ ស្រុក​បរ៉ៃ​ ខេត្ត​ត្រាត​ ត្រូវ​បាន​​បិទ​បណ្ដោះ​អាសន្នអំឡុង​ពេល​មាន​​ការ​រាល​ដាល​​នៃ​ជំងឺ​កូវីដ​១៩​ និង​មេរោគ​បំប្លែង​ថ្មី​៕​