ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្ដល់ប្រាក់កម្ចីចំនួន៥០លានដុល្លារសម្រាប់កម្មវីធិពាណិជ្ជកម្ម និងសមត្ថភាពប្រកួតប្រជែង ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច ជំរុញសមត្ថភាពប្រកួតប្រជែងជាសកល និងគាំទ្រដល់ការស្ដារសេដ្ឋកិច្ចក្រោយកូវីដ-១៩ របស់កម្ពុជាផង។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ចេញនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ បញ្ជាក់ថា ការផ្ដល់កម្ចីនេះគឺដើម្បីគាំទ្រការស្ដារសេដ្ឋកិច្ចរបស់កម្ពុជាក្រោយវិបត្តិកូវីដ១៩ តាមរយ:ការជួយដល់កំណែទម្រង់របស់រាជរដ្ឋាភិបាលដើម្បីបង្កើនការវិនិយោគ និងបរិយាកាសធុរកិច្ច ជំរុញកំណើនសហគ្រាសខ្នាតតូចនិងមធ្យម (MSMEs) និងកែលម្អគោលនយោបាយពាណិជ្ជកម្ម និងកិច្ចសម្រួលពាណិជ្ជកម្ម។
ក្នុងសេចក្តីប្រកាសព័ត៌មានបានស្រង់សម្តីរបស់សេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB លោក Sion L.Morton ដោយនិយាយថា ជំងឺរាតត្បាតកូវីដ១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់វិស័យសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា ដូចជា វិស័យកាត់ដេរ ផលិតស្បែកជើង និងវាយនភណ្ឌ ក៏ដូចជាវិស័យទេសចរណ៍ និងសំណង់។
លោកបន្តថា៖ «កំណែទម្រង់ក្រោមកម្មវិធីនេះនឹងជួយដល់គោលដៅស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ១៩ ដោយជួយត្រួសត្រាយផ្លូវសម្រាប់អាជីវកម្មរីកចម្រើន និងឈានទៅរកផ្នែកតម្លៃបន្ថែមកាន់តែខ្ពស់ និងសម្របខ្លួនទៅនឹងទិដ្ឋភាពពាណិជ្ជកម្មដែលកំពុងផ្លាស់ប្ដូរ»។
សេចក្តីប្រកាសព័ត៌មានដដែលបន្ថែមថា កម្មវិធីនេះគាំទ្រដល់ការអភិវឌ្ឍ និងការធ្វើពិពិធកម្ម MSMEs ធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានហិរញ្ញវត្ថុ និងការបង្កើតទីផ្សារថ្មីសម្រាប់អ្នកវិនិយោគជាតិ និងបរទេស វារួមបញ្ចូលទាំងការសម្រួលនិយមន័យផ្លូវច្បាប់នៃសហគ្រាសធុនតូច និងមធ្យម និងដាក់ចេញកញ្ចប់ជំនួយដែលផ្ដល់មូលនិធិដោយរាជរដ្ឋាភិបាលដើម្បីផ្ដល់ជំនួយ និងជំនួយបច្ចេកទេសដល់សហគ្រាសធុនតូច និងមធ្យមក្នុងឧស្សាហកម្មអាទិភាពដែលមានការចូលរួមពីស្រ្ដីច្រើន៕