ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បានផ្ដល់ប្រាក់កម្ចី​ចំនួន​៥០លានដុល្លារ​សម្រាប់​កម្មវីធិ​ពាណិជ្ជកម្ម​ និងសមត្ថភាព​ប្រកួត​ប្រជែង​ ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុងការ​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច ​ ជំរុញសមត្ថភាព​ប្រកួតប្រជែងជា​សកល ​និងគាំទ្រ​ដល់ការស្ដារសេដ្ឋកិច្ចក្រោយកូវីដ​-១៩ របស់កម្ពុជាផង​។

ក្នុង​សេចក្ដី​ប្រកាសព័ត៌មាន​របស់​​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB ចេញ​នៅថ្ងៃទី​៦ ​ខែវិច្ឆិកា​ ឆ្នាំ២០២២ បញ្ជាក់​ថា ការផ្ដល់​​កម្ចី​នេះ​គឺដើម្បីគាំទ្រការស្ដារសេដ្ឋកិច្ច​របស់​កម្ពុជា​​ក្រោយវិបត្តិកូវីដ១៩ ​តាមរយ:​ការជួយ​ដល់កំណែ​ទម្រង់​របស់រាជរដ្ឋាភិបាល​​ដើម្បី​បង្កើន​ការ​វិនិយោគ​ និង​បរិយាកាស​ធុរកិច្ច​ ជំរុញ​កំណើន​សហគ្រាស​ខ្នាតតូច​និង​មធ្យម​ (MSMEs) និងកែលម្អ​គោល​នយោបាយ​ពាណិជ្ជកម្ម​ និងកិច្ច​សម្រួល​ពាណិជ្ជកម្ម​។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ស្រង់​សម្តី​របស់​សេដ្ឋ​​វិទូ​​ជាន់ខ្ពស់​​របស់​​ធនាគារ​​អភិវឌ្ឍន៍​អាស៊ី ADB លោក ​​Sion L.Morton ដោយ​និយាយថា ជំងឺ​​រាតត្បាតកូវី​ដ​​១៩ បាន​ជះ​ឥទ្ធិពល​​យ៉ាង​ធ្ងន់ធ្ងរ​​ដល់​វិស័យ​​សំខាន់ៗ​​នៃ​​សេដ្ឋកិច្ច​​កម្ពុជា ដូចជា វិស័យ​កាត់ដេរ ផលិត​ស្បែកជើង និង​វាយ​ន​ភណ្ឌ ក៏ដូចជា​វិស័យ​ទេសចរណ៍ និង​សំណង់​​។​

លោក​បន្តថា៖ «កំណែ​ទម្រង់​​ក្រោម​​កម្មវិធី​​នេះ​នឹង​ជួយ​​ដល់​គោលដៅ​​ស្ដារ​​សេដ្ឋកិច្ច​​កម្ពុជា​​​ឡើង​វិញ ក្រោយ​​វិបត្តិ​​ជំងឺ​​កូវី​ដ​​១៩ ដោយ​​ជួយ​​ត្រួសត្រាយ​​ផ្លូវ​​សម្រាប់​​អាជីវកម្មរីកចម្រើន និង​ឈាន​ទៅរក​ផ្នែក​តម្លៃបន្ថែម​កាន់តែ​ខ្ពស់ និងសម្របខ្លួនទៅនឹង​ទិដ្ឋភាព​ពាណិជ្ជកម្ម​ដែលកំពុង​ផ្លាស់ប្ដូរ​»​។​

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បន្ថែម​ថា កម្មវិធីនេះគាំទ្រ​ដល់ការអភិវឌ្ឍ និងការធ្វើ​ពិពិធកម្ម​ MSMEs ធ្វើឱ្យ​ប្រសើរ​ឡើងនូវលទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ​ និងការបង្កើតទីផ្សារថ្មីសម្រាប់អ្នកវិនិយោគជាតិ និង​បរទេស​ វារួមបញ្ចូលទាំងការ​សម្រួល​និយមន័យ​ផ្លូវ​ច្បាប់​នៃ​សហគ្រាស​​ធុនតូច និងមធ្យម និងដាក់ចេញកញ្ចប់​ជំនួយ​ដែលផ្ដល់​មូលនិធិ​ដោយរាជរដ្ឋាភិបាល​ដើម្បីផ្ដល់ជំនួយ​ និងជំនួយ​បច្ចេកទេស​ដល់សហគ្រាស​ធុនតូច និង​មធ្យម​ក្នុង​ឧស្សាហកម្ម​​អាទិភាព​ដែលមានការចូលរួមពីស្រ្ដីច្រើន៕​