ការ​ស្រាវជ្រាវមួយ​​របស់​អង្គការ​មនុស្ស​ចាស់​កម្ពុជា ​ដែល​ធ្វើ​ឡើង​ដោយ​វិទ្យាស្ថាន​ជាតិ​សង្គម​កិច្ច​ កាលពី​ឆ្នាំ​២០១៩​​រក​ឃើញ​ថា​ ​មនុស្ស​ចាស់​មាន​ទំនោរ​ និង​ការ​វិវត្ត​នៃ​ជំងឺ​ និង​ពិការភាព​ខ្ពស់។ ​ មនុស្ស​ដែល​មាន​វ័យ​កាន់​តែច្រើន​ មាន​បញ្ហា​ប្រឈម​ខ្លាំង​ទាក់ទង​នឹង​ជំងឺ​ឆ្លង​ ជំងឺ​មិន​ឆ្លង ​ចំណេះ​ដឹង​នៃ​ការ​ថែទាំ​សុខភាព ​និង​ការ​មិន​ទទួល​បាន​ការ​ជូន​ដំណឹង​ពី​សេវា​នានា។​

ខាង​ក្រោម​នេះ​ជា​កិច្ច​សម្ភាស​រវាង​លោក​ ដូ​ង​ ដាវីឌ​ និង​លោក​ ទុំ​ វីរ៉ា​ នាយក​ប្រតិបត្តិ​អង្គការ​មនុស្ស​ចាស់​កម្ពុជា​នៅ​​​ថ្ងៃទី២៣ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​។

Q: ជម្រាបសួរលោក ទុំ វីរ៉ា​!

A: បាទ ជម្រាបសួរ​!

Q: តើស្ថានភាពមនុស្សចាស់នៅកម្ពុជាបែបណាដែរ?​

A: និយាយពី​ស្ថាន​ភាព​មនុស្ស​ចាស់​នៅ​កម្ពុជា​មិន​ខុស​ពី​ប្រ​ទេស​នៅ​ជុំ​វិញ​តំ​បន់​អា​ស៊ី​អា​គ្នេយ៍​យើង​ទេ​ ប្រទេស​កម្ពុជា​យើង​​កំពុង​តែមាន​កំណើន​មនុស្ស​ចាស់​ច្រើន​ យើងធ្វើការប្រៀបធៀប​របាយការណ៍ជំរឿន​ឆ្នាំ​២០១៩​ ជាមួយ​ឆ្នាំ​២០០៨​ យើង​ឃើញ​មនុស្សចាស់​មាន​ការ​កើន​ឡើង​ច្រើន​។ បច្ចុប្បន្នកម្ពុជា មានចំនួនមនុស្ស ចាស់​ប្រមាណ​ជា ១.៤០០.០០០(មួយលានបួនសែន)​ នាក់​ ស្មើនឹង ៨,៤​ភាគរយ​ អ៊ី​ចឹងចំនួននេះក្រសួង ផែនការបានព្យាករណ៍ថា​នឹង​មាន​កំណើន​​ឆ្នាំ២០២៥ ខាងមុខនេះមនុស្ស​ចាស់កម្ពុជា​យើង​នឹង​ឡើង​ដល់​១១ភាគរយ ​ប្រទេសកម្ពុជាយើង​នឹង​ក្លាយជាសង្គម​មួយ​ដែលមាន​មនុស្ស​ចាស់​ច្រើន(ចាប់ពី​១០​ភាគ​រយ​ឡើង​គេ​រាប់​ថា​ជា​សង្គម​មួយ​ដែល​មាន​មនុស្ស​ចាស់​ច្រើន​) ២០២៥ យើងមានកើនដល់ចំនួនហ្នឹង​ ហើយ២០៥០​ខាងមុខនេះយើងមានឡើង​រហូតទៅដល់​ប្រមាណ​ជា​២៣ភាគរយ ​ចំនួនមនុស្សចាស់​​នៃចំនួន​ប្រជាជនសរុប​​​របស់​ប្រ​ទេស​យើង​អ៊ី​អ៊ីចឹង​យើង​ក្លាយ​ជា​សង្គម​មួយ​ដែល​​មា​ន​ចំនួ​ន​​មនុស្ស​ចាស់​ច្រើន​មែន​ទែន ​ដែល​រដ្ឋា​ភិ​បាល​ត្រូវ​ធ្វើការ​គួរ​យក​ចិត្ត​ទុក​ដាក់​ ហើយ​ផ្កើម​ដោះ​ស្រាយ​ពី​ពេល​នេះ​ទៅ​ទាន់​យើង​មាន​ប្រជា​ជន​វ័យ​ចាស់​តិច។

ទាក់ទងមនុស្សចាស់​ជា​ស្រ្តី​នៅ​កម្ពុជា​យើង​មាន​ចំនួន​ច្រើន​ជាង​មនុស្ស​ចាស់ជា​បុរស​ មានប្រមាណជា​​៦០​ភាគរយ​ នៃ​មនុស្សចាស់​ ហើយ​៤០​ភាគ​រយ​ទៀត​គឺ​ជា​មនុស្សចាស់​បុរស​ ចំនួននេះ​​បើ​យើង​ធៀប​ទៅ​នឹង​អាស៊ី​អា​គ្នេយ៍​យើង​​នឹង​ គឺ​យើង​ច្រើន​ជាង​គេ​ហើយ​​ ចំនួន​ភាគរយ​មនុស្ស​ចាស់​ជា​ស្ត្រីហ្នឹង​។ ហើយ​ភាគ​ច្រើន​នៃ​ពួកគាត់​ គឺ​គាត់​រស់​នៅ​ជនបទ​ នៅទីជនបទ ហើយ​ក្នុងចំនួនស្ថានភាពមនុស្សចាស់​នេះ​គឺ​គាត់​នៅមាន​ផលិតភាព​ មានន័យថា​បើ​សិន​ជា​វ័យ​ហ្នឹង​នៅ​កម្ពុជា​ យើងធ្វើការ​បែងចែក​​មនុស្សចាស់​ជា​បី​ក្រុម​ ក្រុម​ទី​១​ អាយុពី៦០ ដល់​៦៩ឆ្នាំ​ ហៅថា​ Young Old មានន័យថា​ វ័យទើប​នឹងចូល​ជា​មនុស្ស​ចាស់​ ក្រុមទី២​ អាយុពី ៧០ ទៅ​៧៩​ឆ្នាំ​ គេហៅថា​ Little Old​ ដល់ពេល ៨០ឆ្នាំ​ឡើងទៅ​ហៅ​ថា​ចាស់​​ជរា​(old the old) ហើយខ្ញុំបាន​លើកមិញនេះថា​យើងស្ថិតនៅក្នុង​ Active​ [សកម្ម] គឺ​ដោយ​សារ​តែ​នៅ​ពេល​ដែល​យើង​និយាយ​ពី​មនុស្ស​ចាស់​នៅ​កម្ពុជា ​យើង​តែង​តែ​យល់​ថា​មនុស្ស​ចាស់​នឹង​គាត់​ទន់ជ្រាយ គាត់​ឈឺ​អី​ចឹង​ទៅ។​​ ប៉ុន្តែបើ​យើង​មើលទៅ​ទិន្នន័យ​ជាក់​ស្ដែង​​ អ្នកដែលមាន​អាយុ​ចាប់​ពី​ ៦០ឆ្នាំ ទៅ​ ៦៩ឆ្នាំ​ ដែល​ជា​ Young Old ហ្នឹង​មាន​រហូតដល់​៦០ភាគរយ​នៃ​មនុស្សចាស់សរុបនៅកម្ពុជា ហើយអ្នកដែល​គាត់មានអាយុ​៨០ឆ្នាំ​ឡើង ដែលជា​មនុស្ស​ជរាហ្នឹង​មាន​តែ​១១ភាគរយ​ទេ។ អ៊ីចឹងមាន​ន័យមាន​ចំនួនប្រមាណ២៩ភាគរយទៀត​ដែល​គាត់ស្ថិតនៅក្នុងចាស់​ Little Old។

យើងឃើញមួយទៀតយើងនិយាយ​ពី​ភាព​ក្រី​ក្រឃើញ១៦ភាគរយ​នៃ​មនុស្សចាស់​គាត់មានក្នុង​ភាពក្រីក្រ​ មួយទៀត​និយាយពី​កត្តា​ប្រាក់​ចំណូល​របស់​ពួ​ក​គាត់​ហ្នឹង​យើង​ឃើញ​មាន​ត្រឹម​តែ​៧ភាគរយ​ទេ នៃ​មនុស្សចាស់​អាយុ៦០​ឡើងទៅ​ហ្នឹង​ គាត់ទទួលបាន​ការ​គាំទ្រ​សង្គម​ ជា​ពិសេស​យើង​និយាយ​ពី​ប្រាក់​សោធននិវត្ត​ពី​រដ្ឋាភិបាល នៅក្នុង​ត្រឹម​ឆ្នាំ​២០១៩​នេះ​មាន​ប្រ​មាណ​ជា​៧ភាគរយ​ទេ​​ អ៊ី​ចឹងចំនួន​នេះ​គឺ​នៅ​ទាប​មែន​ទែន​ អ្នកដែល​ទទួល​បាន​​គឺ​ជា​ទូ​ទៅ​​គឺ​សុទ្ធ​តែ​​ជា​អតីត​មន្ត្រីរាជ​ការ ឬក៏ជា​ទាហាន​ អ៊ី​ចឹង​លើកលែងតែ​កម្មវិធីជំនួយសាច់ប្រាក់រាល់ថ្ងៃ​នេះ​ អនុវត្តថ្មីៗ​នេះ​ទេ​ ដែល​មនុស្ស​ចាស់​​ក្រីក្រ​​គាត់​​ទទួ​ល​បាន ប៉ុន្តែ​បើ​និ​យាយ​ជា​ទូទៅ​គឺ​អត់​ទាន់​ទទួល​បាន​ទេ​។ ​​

Q: អ្វីជាការប្រឈម​របស់​មនុស្ស​ចាស់នៅកម្ពុជា​​?

A: មានបញ្ហា​ច្រើន​ គាត់​ប្រ​ឈម​ទី១ នៅពេលដែល​ឈានចូលដល់​វ័យចំណាស់​ហ្នឹង​គឺ​គាត់​មាន​ប្រឈមជា​មួយ​ជំងឺ​ជា​ច្រើន​ ជាពិសេសជំងឺ​មិន​ឆ្លង​តែម្ដង​។​ នៅដែល​គាត់​មាន​ជំងឺ​មិន​ឆ្លង​ដូច​ជា​ជំងឺ​លើស​ឈាម​ ជំងឺ​ទឹក​នោម​ផ្អែម​ អ៊ីចឹង​មាន​ន័យថាគាត់ការប្រឈមនឹងរឿង​សុខភាព និង​បញ្ហា​សន្តិសុខ​ប្រាក់ចំណូល។​​  នៅពេលដែលចាស់​ទៅ​ការងារ​អី​ ​កុំ​និយាយថា​​ដល់​៦០​ឆ្នាំទៅ នៅកម្ពុជាយើង​ ប្រសិនតែរាង​ចំណាស់​តិច​ទៅ​​​ពិបាករកចំណូល​ រក​​កិច្ច​ការងារ​ រាងកាយ​ក៏ចាប់ផ្ដើម​ចុះ​ខ្សោយ​ ហើយប្រសិនបើ​កិច្ចការ​ងារ​អី​គេ​អត់សូវចាប់អា​រម្មណ៍ក្នុងការ​ជ្រើសរើស​​​មនុស្ស​ដែលគាត់​វ័យ​ចាស់ហ្នឹង​ឱ្យ​គាត់​ធ្វើការ​ទេ​​ នេះជាបញ្ហា​ប្រ​ឈម​មួយ​ដែលជះឥទ្ធិពល​ទៅ​ដល់​ស្ថាន​ភាព​ហិរញ្ញវត្ថុ ឬសន្តិសុខ​ប្រាក់​ចំណូល​​របស់​​ពួក​គាត់។

យើងធ្លាប់បាន​ធ្វើការ​សិក្សា​ជាមួយ​នឹង​ខាង​វិទ្យា​ស្ថានជាតិ​សង្គមកិច្ច​ និង​ក្រសួង​សង្គម​កិច្ច កាលពី​​ចន្លោះពេលដែល​ Covid ឃើញមាន​ទិន្នន័យពួកគាត់ភាគច្រើន អ្នកដែល​ចូលរួម​ហ្នឹង​ ភាគច្រើនពួក​គាត់​ report [រាយការណ៍] ​ថា​ ចំណូលរបស់​ពួក​គាត់​បាន​មកពី​កូន​ចៅ​អ្នក​​គាំទ្រ​គាត់។ អ៊ី​ចឹងនៅ​ពេល​ដែល​ចំណូល​របស់​ពួក​គាត់ត្រូវបាន​​រំពឹង​លើក​កូន​ចៅហ្នឹង​​ ជាទូទៅ​យើ​ង​ឃើញ​ថាគាត់​​អត់​មានស្វ័យភាព​ ​អាហ្នឹងជា​បញ្ហាប្រឈមមួយទៀត​ ថាគាត់ចង់​ធ្វើ​អី ​សម្រេចចិត្តអី​គាត់​អត់​ហ៊ាន​ ព្រោះថា​ចំណូល​របស់​គាត់​​ត្រូវ​ពឹង​ផ្អែក​លើ​កូន។​​ ហើយ​និង​រឿង​មួយ​ទៀត​ យើង​សង្កេត​ឃើញ​មាន​ជាករណី​នាំ​ឱ្យមានជាការបំពានទៅលើមនុស្សចាស់​ដោយសារតែ​បញ្ហាទាំង​អស់​ហ្នឹង​។

យើង​ក្រលែកទៅ​មួយទៀត ទៅលើ​ស្ថានភាពដែលមនុស្សចាស់​កំពុងតែ​ប្រឈម​​ ​គឺកង្វះទៅលើការ​ថែ​ទាំ​ ជាពិសេស​ ​ នៅ​​តាម​ជនបទ​ នៅតាមខេត្តដែលជុំវិញ​ប្រទេសថៃ ដូចបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ឃើញ​ថា​មាន​ចំណាក​ស្រុក​ច្រើន។ អ៊ី​ចឹងនៅ​ពេល​មាន​ចំណាក​ស្រុក​ហ្នឹង​ មនុស្សចាស់ជាក់ស្ដែង​មនុស្សចាស់គាត់គួរតែត្រូវមានកា​រ​គាំទ្រ​ពី​កូន​ ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ ប៉ុន្តែដោយសារ​តែកត្តាបញ្ហា​ជីវភាព​ បញ្ហាតម្រូវការក្នុងគ្រួសារហ្នឹងកូន​គាត់នឹង​គឺត្រូវចំណាក​ស្រុកទៅ​ធ្វើការ​នៅថៃ​ នៅភ្នំពេញអី​ចឹង​ទៅ​ អ៊ី​ចឹងអត់បាន​ថែ​ទាំ​ឪពុកម្ដាយ​នោះទេ​ អត់បាន​ថែ​ទាំ​ឪពុកម្ដាយ​​ជារឿង​មួយ​ ប៉ុន្តែគាត់បានទុក​ផ្ទះ​ ទុកកូនចៅ​ជាបន្ទុកឱ្យឪពុកម្ដាយហ្នឹងមើលការថែទាំទៀត​ អ៊ី​ចឹង​អាហ្នឹង​ជា​បន្ទុក​មួយ​ដែ​ល​យើង​ឃើញ​ថា​​គាត់​​អត់​មាន គាត់ពិបាកចូលរួមក្នុងសកម្មភាពសង្គម ឬ​គាត់​អត់​បាន​ធ្វើអ្វី​ដែល​គាត់​គិតថាគួរធ្វើសម្រាប់ជីវិតរបស់​គាត់​។

ការបំពានមានច្រើន ការ​បំពានលើរឿង​ផ្លូវចិត្ត ទៅលើរាងកាយ ទៅលើហិរញ្ញវត្ថុរបស់គាត់​ ទៅលើការមិនអើពើ មិន​អើពើ​ហ្នឹង​ក៏រាប់ជាការបំពានមួយដែរ។ ប៉ុន្តែអ្វីដែល​ខ្ញុំលើសំខាន់ហ្នឹងគឺលើចំណុច​ទាក់ទង​នឹងការ​ទុកគាត់ចោល​ អាហ្នឹង WHO គេរាប់ជាការបំពាន។​ អ៊ីចឹងការដែលធ្វើឱ្យគាត់មានអារម្មណ៍ល្អ យើង​ចង់​និយាយ​អំពើ​ហិង្សា​ផ្លូវចិត្ត​ហ្នឹងក៏​រាប់​ជា​ការ​បំពានដែរ។​​ យើងឃើញមានច្រើន​នៅតាម​សហគមន៍ ហើយមនុស្ស​ចាស់គាត់អត់យល់​ថា​អាហ្នឹងជាការបំពាន​មកលើ​គាត់​ទេ ដូច​ករណី​ដែលថា​យកកូន​ទៅឱ្យគាត់មើលដោយមិន​មានការពិគ្រោះ ដាក់​បន្ទុក​ទៅ​លើ​ឳពុកម្ដាយ​ជា​ការបំពាន​ទៅ​លើ​ឪពុកម្តាយ​។ ហើយធ្លាប់ឮធ្លាប់ឃើញ ហើយថាបង្ខំទៅឪពុកម្ដាយយកទ្រព្យរបស់ឪពុកម្ដាយជាគោ ជា​ដី​​យកទៅដាក់បញ្ចាំអីជាដើម ហ្នឹងជាការបំពានទៅ​លើផ្នែកហិរញ្ញវត្ថុ លើផ្លូវចិត្តរបស់មនុស្សចាស់ហ្នឹង​។

យើងមើលបញ្ហាជារួម ខ្ញុំ​សូ​មបែង​ចែងមនុស្ស​ចាស់​ជា​ពីរ​ក្រុម​ចុះណា​​ ទី​១​គឺក្រុមដែលគាត់មាន​លទ្ធភាព​ ខ្ញុំសូ​ម​មិន​និយាយ​ លទ្ធ​ភាព​ហ្នឹងគាត់​ចាស់មែន​ ប៉ុន្តែ​ជាអតីតអ្នកនេះ អ្នកនេះ​​គាត់មាន​អំណាច​ គាត់​មានអីចឹង​ទៅ​គាត់​មិន​សូវ​ប្រ​ឈម​ទេ​ អាច​ថា​គាត់​ប្រ​ឈម​តែការ​ថែ​​ទាំ​​សុខ​ភាព​​។​

ប៉ុន្តែ​បើសិនជា​យើងក្រលែក​​មើល​ទៅ​លើ​មនុស្ស​ចាស់​ដែល​ភាគ​ច្រើន​គាត់​នៅ​ជន​បទ​ ហើយ​គាត់​មាន​បញ្ហា​លើ​ជី​វភាព គ្រួសារ​​មិន​ធូរធា​​ អ៊ីចឹង​ឃើញ​ថា​មាន​ច្រើនហើយ​បញ្ហា​ហ្នឹង​ខ្ញុំអាច​និយាយ​ថា​ បើដាក់​​ពី​​ចំ​ណុច​​ដែ​ល​គិត​គូរ​ពី​១ ទៅ​ដល់​១០​ ខ្ញុំ​អាចនិយាយថា​គាត់ស្ថិតក្នុង​​ចន្លោះ​ពី​៧ ទៅ​៨​ គាត់កំពុង​ប្រ​ឈម​ ហេតុ​អី​បើសិន​យើង​ក្រ​លែក​ទៅ​មើល​លើ​រឿ​ង​សុខ​ភាព​ យើងអត់ទាន់​មាន​ គេ​ហៅ​ថា​រដ្ឋអាច​ថា​គាត់​កំពុង​តែ​រៀប​ចំ​​ ប៉ុន្តែអ្វី​ដែល​យើង​កំពុង​តែ​កើត​មក​ដល់​បច្ចុប្បន្ន​នេះ​យើង​និយាយ​​ពី​ការ​ថែ​ទាំ​សុខ​ភាព​ទៅ​ដល់​មនុស្ស​ចាស់​ យើង​អត់​ទាន់​មាន​កម្មវិធី​ពិនិត្យ​ព្យាបាលទៅ​ដល់​មនុស្ស​ចាស់​ទេ​​ ចឹងយើង​អត់​មាន​កម្មវិធី​ហ្នឹងដើម្បី​​ជួយទៅ​ដល់​មនុស្ស​ចាស់​ទេ​។

ហើយកម្មវិធី​នៅតាម​មណ្ឌលសុខភាព​ក៏ដូច​គ្នា​ដែរ​ភាគ​ច្រើន​អត់មាន​ជា​សកម្មភាព​អី​ដែល​ជួយ​ដល់​មនុស្ស​ចាស់​ ដែល​គាត់​នៅ​ឆ្ងាយ​ឬ​ពិបាក​ធ្វើ​​ដំណើរ​ អ៊ី​ចឹង​យើង​អត់​មាន​​កម្មវិធី​ ឬ​ប្រព័ន្ធណា​ដើម្បី​ជួ​យ​ទ្រទ្រង់​ទៅ​ដល់​ពួក​គាត់​ ថ្នាំ​សង្កូវ​ដែល​ទាក់ទង ជំងឺ​មនុស្ស​ចាស់​នឹង​ក៏​មាន​តិច​ទៀត​ ភាគច្រើនមនុស្សចាស់​នៅ​ពេល​ដែល​គាត់​ចូល​ទៅ​ក្នុង​មន្ទី​រពេទ្យ​ មន្ទី​រអី​ហ្នឹង​ គេ​ច្រើន​​យល់ថា​ពួក​គាត់​ហ្នឹង​ជំងឺ​ចាស់​ចាស់ អ៊ី​ចឹងគេ​មិន​សូវ​ជា​ចាប់​អារម្មណ៍​ជួយ​ព្យាបាល​ទេ​ ជាការ​រើស​អើង​មួយ​។

​Q: អរគុណលោក! តើ​មនុស្សចាស់​គួរតែ​ទទួល​បាន​ការ​គាំ​ពារ​ពី​សង្គម​បែប​ណា​ដែរ?

A: បាទ! ​​ចំណុចនេះ​ខ្ញុំលើកអម្បាញ់​មិញទីមួយទាក់ទង​ការ​ឱ្យមាន​កម្មវិធី​គាំទ្រ​គាំ​ពារសុខភាព​ដល់​មនុស្ស​ចាស់​ ទាក់ទង​បើសិន​ជា​គាត់​មិន​ទាន់​ឈឺ​ទេ​ យើងត្រូវ​មាន​ជា​ការ​អប់​រំ​​ឱ្យបាន​ទូលាយ​ មិនមែន​អប់​រំ​តែ​មនុស្ស​ចាស់​បច្ចុប្បន្ន​​ទេ​ ប៉ុន្តែ​យើង​ស្ថិតក្នុង​វ័យ​ក្មេង​ វ័យ​ឈាន​ចូល​វ័យ​ចាស់​ហ្នឹ​​ង ​ក៏គាត់ត្រូវ​យល់​ដឹង​ដែរ​ អ៊ីចឹង​អាហ្នឹងទាក់ទងនឹង​ការ​​គាំទ្រសុខភាព។​ ហើយបើសិនសម្រាប់​អ្នក​កំពុងមាន​ជំងឺ​ គាត់​ឈឺ​គាត់អី​គួរតែ​មាន​ការ​ពិនិត្យ​សុខភាព​ ឬ​ក៏​ការ​ព្យាបាល​ដោយ​​មិនបង់​ថ្លៃ ​ឬ​ក៏មានជា​ការ​បញ្ចុះ​​តម្លៃ​​មួយ​ឱ្យបាន​​សាក​សម​ជាមួយការ​លះបង់​របស់​ពួក​​គាត់​សម្រាប់​សង្គ​ម​យើង​កន្លង​មក​ហ្នឹង​។​​

ទី​ពីរ​ រដ្ឋាភិបាល​គួរ​ពិនិត្យ​មើល​លើ​កញ្ចប់​មួយ​គាំ​ទ្រ​ទៅដល់​មនុស្ស​ដែល​អាចក្នុង​វ័យណា​មួយ​ ជាពិសេស​ស្ថិត​ក្នុង​វ័យ​ចាស់​ជរា​ ឱ្យគាត់​​​អាចទទួលបាន​ជា​ប្រាក់​ឧបត្ថម្ភ​​ពី​រាជរដ្ឋាភិបាល​ដោយ​មិន​ចំបាច់​ថាគាត់​មាន​បណ្ណ​ក្រីក្រអី​ទេ​ នៅ​ពេលដែល​គាត់​​ដល់​វ័យ​ហ្នឹង​ហើយ​គាត់​មិន​អាច​រក​ចំណូល​បាន​តទៅទៀត​ទេ។​

មួយទៀត​​កម្ម​វិធី​សំខាន់​មួយ​ទៀត​ រដ្ឋាភិបាល​គួរ​ពិ​ចារណា​មើល​ទៅ​លើកម្មវិធី​មុខរបបរនានា ដូច​ដែលខ្ញុំលើក​ខាងដើម​ចឹង​ មនុស្សចាស់​នៅ​ស្រុក​យើង​គឹមិន​មែន​មនុស្ស​ចាស់​ជរា​ទេ​៦០​ភា​គរយ​នៃ​ពួ​កគាត់​គឺ​នៅ​ ​Young Old អ៊ីចឹង​គួរ​តែ​មើ​ល​​​ឱកាសមួយ​ ទោះបី​ជា​គាត់​មិន​មក​ធ្វើ​ទាំ​ងអស់​គ្នា​ ឬ​ក៏​គាត់​យ៉ាង​ម៉េច​ហ្នឹង​គួ​រមានជា​កម្មវិធី​មួយ​ បើ​ចាស់​ទៅ​នៅ​ចង់​មាន​សកម្មភាព​ ឬអត់​ចង់​ទំនេរចោល តើរដ្ឋនឹង​មាន​អី​ជួយទៅ​ពួក​គាត់អត់​។​​ គួរពិចារណា​លើ​ចំណុច​ហ្នឹង​អាចថា​ជា​មុខ​របរ​ខ្នាត​តូច​សម្រាប់​មនុស្សចាស់​ដើម្បី​ឱ្យ​គាត់​នៅ​តែ​មាន​សកម្ម​ភាព​ គាត់​នៅ​តែ​បន្ត​ កុំ​ឱ្យ​​ឈឺ​ ព្រោះ​ថា​គាត់​អត់​ធ្វើ​អី​ទេ​ គាត់ចាប់​ផ្ដើម​មាន​ជា​ជំងឺ​មកហើយ​បាទ​ ចឹង​អាហ្នឹង​យើង​ចង់​ផ្ដោតទៅ​លើ​​មុខ​របរ។

យើង​ឃើញ​មាន​រាល់​ដង​កម្ម​វិធី​មុខ​របរ​ ឬ​ក៏​កម្ម​វិធី​ចិញ្ចឹម​ជី​វិត​ហ្នឹង​ភាគ​ច្រើន​អាទិ​ភាពទៅ​ក្មេងៗ​។ ហើយមួយ​ទៀត​ការ​គាំពារ​ពី​រដ្ឋហ្នឹង​យើង​ឃើញ​កន្លង​មក​មនុស្ស​ចាស់​មាន​ក្រុម​មួយ​ហៅ​ថា​សមាគម​មនុស្ស​ចាស់​ គាត់​បង្កើត​គ្នាៗ​គាត់​អ៊ី​ចឹង​ទៅ​ដើម្បីចែក​រំលែក​បញ្ហា​ ជួយ​ដោះ​ស្រាយ​​បញ្ហា​គ្នា។​ រដ្ឋាភិបាល​​គួ​រជំរុញ​ទៅ​លើ​ការគាំទ្រទៅ​ដល់​​សមា​គម​មនុស្ស​ចាស់​​ ខ្ញុំបញ្ជាក់​ម្ដង​ទៅ​យើង​ជំរុញ​លើ​ការ​គាំទ្រ​ គាត់​បាន​ធ្វើ​ គាត់​បាន​​បង្កើត​បាន​អី​ខ្លះ​ដែរ​ ប៉ុន្តែ​ការ​គាំទ្រ​នៅ​មាន​កម្រិត​ ចឹង​គួរ​តែ​គាំ​ទ្រ​ទៅ​កាន់​​ពួក​គាត់​ទៅ​គាត់​អាច​ជួយ​ទៅ​គ្នា​ៗគាត់​។

យើង​ទាំង​អស់​គ្នា​យើង​មិន​អាច​ជៀសផុត​​ពី​វ័យ​ចាស់​នឹង​ទៅ​ លើកលែង​តែ​យើង​ស្លាប់​មុន​វ័យ​ចាស់ អ៊ី​ចឹងម្នាក់​ៗ​យើង​​ត្រូវ​តែ​ឆ្លង​កាត់​វ័យ​ចាស់​ហ្នឹង ចឹង​ការ​ដែល​យើង​គោរព​ ការ​​ជួយ​គាំទ្រ ការ​ដឹង​គុណ​ទៅ​ដល់​មនុស្ស​ចាស់​ វាដូច​ជា​ការ​ជួយ​ទៅ​ដល់​ខ្លួន​ឯង​ចឹង​ តាមរយៈដែល​យើង​បង្កើតវប្បធម៌មួយ​នៅ​ក្នុង​សង្គម​។ នេះ​ជាសារ​មួយ​ដែលខ្ញុំ​ចង់​លើក​ទៅ​សាធារណជន។ ហើយ​រឿងមួយ​ទៀត​ដែល​ជា​ចំណុច​សំខាន់​ផង​ដែរ​នោះ​គឺ​រដ្ឋាភិបាល​​គួរ​តែ​រៀបចំ​សិក្សា​បន្ថែមទៀត​ ទៅ​លើ​លទ្ធភាព​ដែលអាច​មាន​ជួយលើក​កម្ពស់​​ទៅ​ដល់​មនុស្ស​​​ចាស់ ដើម្បី​ឱ្យ​ទៅ​ដល់​វ័យ​ចាស់​មួយ​ហ្នឹង​គឺ​យើង​មិនគួរ​ឱ្យខ្លាចហាស​ ប៉ុន្តែ​ជា​វ័យ​មួយ​ដែរ​គួរ​ឱ្យ​សប្បាយ​រីករាយ​វិញ​។ បន្ថែមពី​នេះ​សង្គម​យើង​គួ​រ​សិក្សា​ឈ្វេង​យល់​ពីបញ្ហា​ ពី​តម្រូវការ​របស់​​មនុស្ស​ចាស់ឱ្យបាន​ច្រើន​ថែម​ទៀត​បាទ! ។​

Q: អរគុណច្រើនលោក ទុំ រ៉ា​វី​!

A: បាទ​អរគុណ៕​