រដ្ឋមន្រ្តីក្រសួងកិច្ចការនារីលើកឡើងថា កម្ពុជានឹងរៀបចំផែនការសកម្មភាពជាតិស្តីអំពីស្ត្រី សន្តិសុខ និងសុវត្ថិភាពនៅឆ្នាំក្រោយ បន្ទាប់ពីអាស៊ានទើបបានសម្ពោធផែនការសកម្មភាពក្នុងតំបន់ឱ្យប្រទេសនៅអាស៊ានអនុវត្តតាមប្រទេសនីមួយៗ។
ផែនការសកម្មភាពក្នុងតំបន់ស្តីអំពីស្ត្រី សន្តិសុខ និងសុវត្ថិភាពដែលទើបសម្ពោធដាក់ឱ្យប្រទេសក្នុងតំបន់អាស៊ានអនុវត្តកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ កំពុងត្រូវបានអនុវត្តក្នុងប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម និងថៃ។
លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារីប្រាប់អ្នកសារព័ត៌មានក្នុងពិធីសម្ពោធដាក់ដំណើរការផែនការសកម្មភាពក្នុងតំបន់អាស៊ានស្តីពីស្ត្រី សន្តិភាព និងសុវត្ថិភាព (ASEAN RPA on WPS) នៅរាជធានីភ្នំពេញថា កម្ពុជាតែងតែផ្តោតលើសមភាពយេនឌ័រ និងការពង្រឹងអំណាចរបស់ស្រ្តី។ លោកស្រីថា កម្ពុជាទើបបានចាប់ផ្តើមគិតគូរលើផែនការសកម្មភាពនេះដោយផ្អែកលើបរិបទក្នុងប្រទេស។
លោកស្រីបញ្ជាក់ថា៖ «ឥឡូវពួកយើងកំពុងតែចាប់ផ្តើមដែលហៅថាមូលដ្ឋាន ហើយជាតំបន់ដូចខ្ញុំជម្រាបជូនអ៊ីចឹង យើងត្រូវមើលតំបន់ឱ្យវាចូលក្នុងបរិបទរបស់ខ្មែរយើង អ្វីដែលជាអាទិភាពចំពោះខ្មែរយើង។ អ៊ីចឹងយើងនឹងចាប់ផ្តើមរៀបចំពេលដែលយើងផ្សព្វផ្សាយផែនការតំបន់នេះហើយយើងនឹងចាប់ផ្តើមធ្វើហើយ ហើយបើថាចាំបាច់គឺឆ្នាំក្រោយ គឺត្រូវការគិតគូរឱ្យបានច្បាស់លាស់ មិនមែនចេះតែភ្លាមៗអ៊ីចឹងបានទេ»។
លោកស្រីបានបន្ថែមថា មូលហេតុដែលឥណ្ឌូនេស៊ី ហ្វីលីពីន និងប្រទេសក្នុងតំបន់ខ្លះកំពុងអនុវត្តផែនការសកម្មភាពនេះ គឺដោយសារប្រទេសទាំងនោះមានបញ្ហាអស្ថិរភាព ប៉ុន្តែសម្រាប់កម្ពុជាគឺជាប្រទេសមានសុខសន្តិភាព។
លោកស្រីថា៖ «គាត់ធ្វើពីព្រោះយើងឃើញគាត់មានអស្ថិរភាពក្នុងតំបន់ខ្លះ ឥណ្ឌូនេស៊ី ហ្វីលីពីន មានបញ្ហាយើងដឹងហើយណា ដែលគេហៅថាទង្គិចផ្នែកអាវុធ ឥណ្ឌូនេស៊ីដូចគ្នា ប្រទេសយើងអត់ទេមានសុខសន្តិភាពនៅគ្រប់ខេត្តទូទាំងប្រទេស អ៊ីចឹងយើងដែលហៅថាអាទិភាពគឺខុសគ្នា»។
នាយកក្នុងតំបន់នៃ UN Women ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក លោកស្រី Sarah Knibbs បានលើកឡើងថា កម្ពុជាជាតំបន់ដែលបង្ហាញភាពជាដឹកនាំដ៏អសា្ចរ្យក្នុងការជំរុញស្ត្រី ហើយលោកស្រីមើលឃើញថា កម្ពុជាតែងតែចូលរួមរក្សាសន្តិភាពទៅកាន់ពិភពលោក។
លោកស្រីថា៖ «កម្ពុជាជាតំបន់ដែលកម្ពុជាពិតជាបាននិងកំពុងនាំមុខគេ ក៏ដូចជាបង្ហាញពីភាពជាអ្នកដឹកនាំដ៏អស្ចារ្យក្នុងការជំរុញស្ត្រី សន្តិភាព និងសុវត្ថិភាព។ រហូតមកដល់ពេលនេះ យើងមានផែនការសកម្មភាពថ្នាក់តំបន់ ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាប្រធាន និងដឹកនាំអាស៊ាន និង ACW នាំមុខគេ។ ចំណុចសំខាន់មួយទៀតដែលកម្ពុជាកំពុងធ្វើ គឺការដឹកនាំក្នុងន័យលើកកម្ពស់តួនាទីស្ត្រី និងការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ»។
លោកស្រីបន្ថែមថា កម្ពុជាបាននឹងពិចារណលើផែនការសកម្មភាពថ្នាក់ជាតិតាមរយៈបរិបទនៃប្រទេសកម្ពុជា។
«ដូច្នេះកម្ពុជាប្រហែលជានឹងបន្តកសាងភាពជាអ្នកដឹកនាំលើវិស័យរក្សាសន្តិភាព ហើយអ្វីដែលសម្រាប់កម្ពុជាពិចារណានឹងមានផែនការសកម្មភាពជាតិស្តីពីស្ត្រី សន្តិភាព និងសុវត្ថិភាព ដើម្បីធ្វើមូលដ្ឋានគ្រឹះនៃរបៀបវារៈរបស់បរិបទកម្ពុជា»។
នាយកប្រតិបត្តិនៃអង្គការសីលការ អ្នកស្រី សេង រាសី បានប្រាប់មក Newsroom Cambodia ថា ការដាក់បញ្ចូលផែនការថ្នាក់ជាតិនេះពិតជាមានសារៈសំខាន់ សម្រាប់កម្ពុជា។ ទោះយ៉ាងណាអ្នកស្រីថា នឹងរងចាំមើលការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជាលើការបញ្ចូលផែនការថ្នាក់ជាតិស្តីពីស្ត្រី សនិ្តភាព និងសុវត្ថិភាពនេះ។
អ្នកស្រីថា៖ «វាមានសារៈសំខាន់មួយដោយសារតែវាត្រូវតែមានភាពប្រទាក់ក្រឡាគ្នារវាងផែនការនៃកម្រិតតំបន់ និងផែនការនៅថ្នាក់ជាតិ បើមិនចឹងទេយើងនឹងមានចន្លោះប្រហោងក្នុងការធ្វើឱ្យផែនការជាតិហ្នឹង អាចរួមចំណែកនៅក្នុងការចង់ឃើញភាពជាក់ស្តែងក្នុងកម្រិតតំបន់»។
«ខ្ញុំសូមមិនមានយោបល់ថា ពាក់ព័ន្ធនឹងអ្វីដែលលោកជំទាវលើកឡើងថាពាក្យថា សន្តិភាព ឬក៏យ៉ាងម៉េចទេតែខ្ញុំចង់មើលលើការបេ្តជ្ញាចិត្តវិញ លោកជំទាវក៏បានលើកគឡើងពីការប្តេជ្ញាចិត្តដែរ អ៊ីចឹងយើងត្រូវតាមដានទាំងអស់គ្នាថាតើនៅពេលនៃការដាក់បញ្ចូលនៅឆ្នាំក្រោយនេះ»។
នាយិកាប្រតិបត្តិអង្គការសីលការរូបនេះបន្តថា អ្នកស្រីចង់ឃើញការអនុវត្តនេះមានប្រសិទ្ធភាពជាជាងបានត្រឹមតែសរសេរក្នុងក្រដាស ហើយអ្នកស្រីជំរុញឱ្យមានការខិតខំប្រឹងប្រែងបន្ថែម។
អ្នកស្រីថា៖ «ប្រសិទ្ធភាពកម្រិតណាវាអាស្រ័យទៅលើដូចដែលនាងខ្ញុំជម្រាបជូនអ៊ីចឹង ទីមួយពាក់ព័ន្ធនឹងឆន្ទៈនយោបាយនៅក្នុងការដាក់ទាំងការវិនិយោគ ក៏ដូចជាធនធាននៅក្នុងការធានាឱ្យបានថា ផែនការទាំងអស់នោះមិនត្រឹមតែបានសរសេរនៅក្នុងក្រដាសទេ ប៉ុន្តែការអនុវត្តជាក់ស្តែងនៅខាងក្នុងនោះដែរ។ កន្លងមកប្រសិនជាបើបានត្រួតពិនិត្យទៅលើផែនការមួយថ្នាក់ យើងឃើញថាបញ្ហាប្រឈមនៅមានច្រើននៅខាងក្នុងនោះ ហើយបញ្ហាប្រឈមទាំងអស់នោះត្រូវការខិតខំប្រឹងប្រែងជំរុញបន្ថែមទៀត។»
បើតាមអ្នកស្រី សេង រាសី អំពើហិង្សាលើស្ត្រីបានកើនឡើងដល់៨៧ភាគរយក្នុងអំឡុងបរិបទជំងឺរាតត្បាតកូវីដ១៩ ហើយវាជាសញ្ញាមួយដែលរដ្ឋាភិបាល ក៏ដូចជាសង្គមស៊ីវិលគួរយកចិត្តទុកដាក់តាមដានបន្ថែម និងដោះស្រាយឱ្យច្បាប់ ឬគោលនយោបាយមានប្រសិទ្ធភាព។
យោងតាមទិន្នន័យរបស់ UNFPA ស្រ្តីកម្ពុជា១នាក់ក្នុងចំណោមស្ត្រី៥នាក់ អាយុចន្លោះពី១៥ ដល់៤៩ បានរងគ្រោះពីអំពើហិង្សាលើរូបរាងកាយ។ លើសពីនេះទៀត ហិង្សាលើស្រ្តីនៅក្នុងគ្រួសារកើតឡើងច្រើន ហើយជាប្រពៃណី ទម្រង់ហិង្សានៅក្នុងគ្រួសារនេះមិនត្រូវបានយកចិត្តទុកដាក់ពីសង្គមនោះទេ។
បើតាមទិន្នន័យរបស់អង្គការ UN Women ក្នុងអំឡុងនៃការរាតត្បាតដោយជំងឺកូវីដ១៩ ស្ត្រី១នាក់ក្នុងចំណោមស្រ្តី៣នាក់ នៅទូទាំងពិភពលោក បានរងគ្រោះពីអំពើហិង្សាលើរូបរាងកាយ និងផ្លូវភេទ ដែលភាគច្រើនជនដែលប្រព្រឹត្តិអំពើហិង្សាលើស្ត្រីនេះភាគច្រើនជាបុរសដែលជាសមាជិកគ្រួសារ៕