រដ្ឋមន្រ្តីក្រសួង​កិច្ចការនារីលើកឡើងថា កម្ពុជា​នឹង​រៀបចំ​ផែនការ​សកម្មភាពជាតិ​ស្តីអំពី​ស្ត្រី សន្តិសុខ និងសុវត្ថិភាព​នៅឆ្នាំក្រោយ បន្ទាប់ពីអាស៊ាន​ទើប​បាន​សម្ពោធ​ផែនការសកម្ម​ភាព​​ក្នុង​តំបន់ឱ្យ​ប្រទេស​នៅអាស៊ាន​​អនុវត្ត​តាមប្រទេស​នីមួយៗ។​

ផែនការសកម្មភាពក្នុង​តំបន់​ស្តី​អំពី​ស្ត្រី សន្តិសុខ និង​សុវត្ថិភាព​ដែល​ទើប​សម្ពោធ​ដាក់​ឱ្យ​ប្រទេស​​ក្នុង​តំបន់​អាស៊ាន​អនុវត្ត​កាល​ពី​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២២ កំពុង​ត្រូវ​បាន​អនុវត្ត​ក្នុង​ប្រទេស​​ឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម និង​ថៃ។

លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី​ប្រាប់​អ្នកសារព័ត៌មាន​ក្នុងពិធីសម្ពោធ​ដាក់​ដំណើរការ​ផែនការ​សកម្មភាពក្នុងតំបន់អាស៊ាន​​ស្តីពីស្ត្រី សន្តិភាព និងសុវត្ថិភាព (ASEAN RPA on WPS) នៅ​រាជធានីភ្នំពេញ​ថា កម្ពុជាតែងតែផ្តោតលើសមភាពយេនឌ័រ និង​ការពង្រឹង​អំណាច​របស់ស្រ្តី​។ លោកស្រី​ថា កម្ពុជា​​ទើប​បាន​ចាប់ផ្តើមគិ​តគូរ​​លើ​ផែនការ​សកម្មភាព​នេះ​ដោ​យផ្អែកលើបរិបទក្នុងប្រទេស។​

លោកស្រីបញ្ជាក់ថា​៖ «ឥឡូវ​ពួកយើង​កំពុង​តែ​ចាប់ផ្តើម​ដែល​ហៅថា​មូលដ្ឋាន​ ហើយ​ជា​តំបន់​ដូចខ្ញុំ​ជម្រាប​ជូន​អ៊ីចឹង យើងត្រូវមើលតំបន់ឱ្យវាចូលក្នុងបរិបទរបស់ខ្មែរយើង អ្វីដែល​ជា​អាទិភាព​ចំពោះ​ខ្មែរ​យើង។ អ៊ីចឹងយើ​ង​នឹង​ចាប់ផ្តើម​រៀបចំ​ពេល​ដែល​យើង​ផ្សព្វផ្សាយ​ផែនការ​តំបន់​នេះ​ហើយ​យើង​នឹង​ចាប់ផ្តើមធ្វើហើយ​ ហើយបើថាចាំបាច់គឺឆ្នាំក្រោយ គឺ​ត្រូវការ​គិតគូរ​ឱ្យ​បាន​ច្បាស់លាស់ មិនមែន​ចេះតែភ្លាមៗអ៊ីចឹងបានទេ»។​

លោកស្រីបានបន្ថែមថា មូលហេតុដែលឥណ្ឌូនេស៊ី ហ្វីលីពីន និង​ប្រទេស​ក្នុងតំបន់​ខ្លះ​កំពុង​អនុវត្ត​ផែនការ​សកម្មភាព​នេះ គឺ​ដោយសារប្រទេស​ទាំងនោះ​មានបញ្ហាអស្ថិរភាព ប៉ុន្តែ​សម្រាប់​កម្ពុជា​គឺ​ជា​ប្រទេស​មានសុខសន្តិភាព។

លោកស្រីថា៖ «គាត់ធ្វើពីព្រោះយើងឃើញគាត់មានអស្ថិរភាពក្នុងតំបន់ខ្លះ ឥណ្ឌូនេស៊ី ហ្វីលីពីន មានបញ្ហាយើងដឹងហើយណា ដែលគេហៅថាទង្គិចផ្នែកអាវុធ ឥណ្ឌូនេស៊ីដូចគ្នា ប្រទេសយើងអត់ទេមានសុខសន្តិភាពនៅគ្រប់ខេត្តទូទាំងប្រទេស អ៊ីចឹង​យើង​ដែល​ហៅថា​អាទិភាព​គឺ​ខុសគ្នា»។​

នាយកក្នុងតំបន់នៃ UN Women ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក លោកស្រី Sarah Knibbs បានលើកឡើងថា កម្ពុជាជាតំបន់ដែលបង្ហាញភាពជាដឹកនាំដ៏អសា្ចរ្យក្នុងការជំរុញស្ត្រី ហើយ​លោកស្រី​មើលឃើញថា កម្ពុជាតែងតែចូលរួមរក្សាសន្តិភាពទៅកាន់ពិភពលោក។

លោកស្រីថា៖ «កម្ពុជាជាតំបន់ដែលកម្ពុជាពិតជាបាននិងកំពុងនាំមុខគេ ក៏ដូចជា​បង្ហាញ​ពី​ភាព​ជា​អ្នក​ដឹកនាំដ៏អស្ចារ្យក្នុងការជំរុញស្ត្រី សន្តិភាព និងសុវត្ថិភាព។​ រហូតមកដល់ពេលនេះ យើងមានផែនការសកម្មភាពថ្នាក់តំបន់ ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាប្រធាន និង​ដឹកនាំ​អាស៊ាន និង ACW នាំមុខគេ។ ចំណុច​សំខាន់​មួយទៀត​ដែល​កម្ពុជា​កំពុ​ង​ធ្វើ គឺ​ការដឹកនាំ​ក្នុង​ន័យ​លើក​កម្ពស់តួនាទីស្ត្រី និងការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ»។​

លោកស្រីបន្ថែមថា កម្ពុជាបាននឹងពិចារណលើផែនការស​កម្មភាព​ថ្នាក់​ជាតិ​តាមរយៈ​បរិបទ​នៃ​ប្រទេស​កម្ពុជា។

«ដូច្នេះកម្ពុជាប្រហែលជានឹងបន្តកសាងភាពជាអ្នកដឹកនាំលើវិស័យរក្សាសន្តិភាព ហើយអ្វី​ដែល​សម្រាប់​កម្ពុជាពិចារណានឹងមានផែនការសកម្មភាពជាតិស្តីពីស្ត្រី សន្តិភាព និង​សុវត្ថិភាព ដើម្បី​ធ្វើមូលដ្ឋានគ្រឹះ​នៃរបៀបវារៈរបស់បរិបទកម្ពុជា»។​

នាយកប្រតិបត្តិនៃអង្គការសីលការ អ្នកស្រី សេង រាសី បានប្រាប់មក Newsroom Cambodia ថា ការដាក់បញ្ចូលផែនការថ្នាក់ជាតិនេះ​ពិតជា​មាន​សារៈសំខាន់ សម្រាប់​កម្ពុជា។ ទោះយ៉ាង​ណា​អ្ន​កស្រី​ថា​ នឹង​រងចាំ​មើលការប្តេជ្ញាចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា​លើ​ការបញ្ចូល​ផែនកា​រ​ថ្នាក់​ជាតិស្តីពីស្ត្រី សនិ្តភាព និងសុវត្ថិភាព​នេះ​។

អ្នកស្រីថា៖ «វាមានសារៈសំខាន់មួយដោយសារតែវា​ត្រូវតែមាន​ភាព​ប្រទាក់ក្រឡា​គ្នារវាង​ផែនការ​នៃកម្រិតតំបន់ និងផែនការនៅថ្នាក់ជាតិ បើមិនចឹង​ទេយើង​នឹង​មាន​ចន្លោះប្រ​ហោង​ក្នុង​ការធ្វើ​ឱ្យ​ផែនការជាតិ​ហ្នឹង អាច​រួម​ចំណែក​នៅ​ក្នុង​ការចង់ឃើញ​ភាព​ជាក់ស្តែង​ក្នុង​កម្រិត​តំបន់»។

«ខ្ញុំសូមមិនមានយោបល់ថា ពាក់ព័ន្ធនឹងអ្វីដែលលោកជំទាវលើកឡើងថាពាក្យថា សន្តិភាព ឬក៏យ៉ាងម៉េចទេតែខ្ញុំចង់មើលលើការបេ្តជ្ញាចិត្តវិញ លោកជំទាវក៏បានលើកគឡើងពីការប្តេជ្ញាចិត្តដែរ អ៊ីចឹងយើងត្រូវតាមដានទាំងអស់គ្នាថាតើនៅពេលនៃការដាក់បញ្ចូលនៅឆ្នាំក្រោយនេះ»។

នាយិកាប្រតិបត្តិអង្គការសីលការរូបនេះបន្តថា អ្នកស្រីចង់ឃើញការអនុវត្តនេះមាន​ប្រសិទ្ធភាព​ជាជាង​បានត្រឹមតែសរសេរក្នុងក្រដាស ហើយអ្នកស្រីជំ​រុញ​ឱ្យ​មាន​ការខិតខំ​ប្រឹងប្រែង​បន្ថែម។

អ្នកស្រីថា៖​ «ប្រសិទ្ធភាពកម្រិតណាវាអាស្រ័យទៅលើដូចដែល​នាងខ្ញុំជម្រាបជូនអ៊ីចឹង ទីមួយ​ពាក់ព័ន្ធ​នឹង​ឆន្ទៈនយោបាយនៅក្នុងការដាក់ទាំងការវិនិយោគ ក៏ដូចជា​ធនធាន​នៅ​ក្នុង​ការ​ធានា​ឱ្យបា​នថា ផែនការ​ទាំងអស់នោះមិនត្រឹមតែបានសរសេរនៅក្នុងក្រដាសទេ ប៉ុន្តែ​ការអនុវត្ត​ជាក់ស្តែង​នៅខា​ងក្នុងនោះដែរ។​ កន្លងមក​ប្រសិនជា​បើ​បាន​ត្រួតពិ​និ​ត្យ​ទៅ​លើ​ផែនការ​មួយ​ថ្នាក់ យើងឃើញថាបញ្ហាប្រឈមនៅមានច្រើននៅខាងក្នុងនោះ ហើយ​បញ្ហា​ប្រឈម​ទាំងអស់​នោះត្រូ​វការខិតខំប្រឹងប្រែងជំរុញបន្ថែមទៀត។»

បើតាមអ្នកស្រី សេង រាសី  អំពើហិង្សា​លើ​ស្ត្រី​បាន​កើនឡើង​ដល់​៨៧ភាគរយ​ក្នុង​អំឡុង​បរិបទ​ជំងឺ​រាតត្បាត​កូវីដ​១៩ ហើយវា​ជា​សញ្ញាមួយដែលរដ្ឋាភិបាល ក៏ដូចជា​សង្គម​ស៊ីវិល​គួរយកចិត្ត​ទុកដាក់​តាម​ដានបន្ថែម និងដោះស្រាយឱ្យច្បាប់ ឬគោលនយោបាយមានប្រសិទ្ធភាព។

យោងតាមទិន្នន័យរបស់ UNFPA ស្រ្តី​កម្ពុជា​១នាក់ក្នុងចំណោមស្ត្រី៥នាក់ អាយុ​ចន្លោះ​ពី​១៥ ដល់៤៩ បានរងគ្រោះពីអំពើហិង្សាលើរូបរាងកាយ។ លើសពីនេះទៀត ហិង្សាលើ​ស្រ្តី​នៅ​ក្នុង​គ្រួសារ​កើត​​ឡើង​ច្រើន ហើយជាប្រពៃណី ទម្រង់​ហិង្សា​នៅ​ក្នុងគ្រួ​សារ​នេះមិ​ន​ត្រូវ​បាន​យ​ក​ចិត្ត​ទុក​​ដាក់ពីសង្គមនោះទេ។

បើតាមទិន្នន័យរបស់អង្គការ UN Women ក្នុងអំឡុង​នៃ​ការ​រាតត្បាត​ដោយជំងឺកូវីដ​១៩ ស្ត្រី​១​នាក់​ក្នុងចំណោមស្រ្តី៣នាក់ នៅទូទាំងពិភពលោក បានរងគ្រោះពីអំពើហិង្សាលើរូបរាងកាយ និងផ្លូវភេទ ដែល​ភាគច្រើនជនដែលប្រព្រឹត្តិអំពើហិង្សា​លើស្ត្រីនេះ​ភាគច្រើន​ជា​បុរស​ដែល​ជា​សមាជិក​គ្រួសារ៕