ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពន្យារពេលការស្នើសុំការអនុញ្ញាតឱ្យប្រើប្រាស់ហត្ថពលកម្មបរទេសឆ្នាំ២០២៣ រហូតដល់ខែមករា ឆ្នាំ២០២៣ ដោយសាររោងចក្រ ឬសហគ្រាសមួយចំនួនមិនទាន់យល់ច្បាស់ពីប្រព័ន្ធគ្រប់គ្រងទិន្នន័យរួមពាក់ព័ន្ធនឹងវិស័យការងារ ដែលនាំឱ្យមិនមានឯកសារគ្រប់គ្រាន់សម្រាប់ស្នើសុំការអនុញ្ញាតឱ្យប្រើប្រាស់ហត្ថពលកម្មបរទេស (កូតា)។
ហត្ថពលកម្មបរទេស (កូតា) គឺជាលិខិតអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មបរទេស ហើយក៏ជាឯកសារចាំបាច់សម្រាប់ស្នើសុំបណ្ណការងារជូនបុគ្គលិកបរទេសផងដែរ។
យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងការងារ ចេញនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ បានជូនដំណឹងដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ក្នុងន័យដើមថា៖ «ក្រសួងបានពន្យារពេលសម្រាប់ការស្នើសុំលិខិតអនុញ្ញាតឱ្យប្រើប្រាស់ហត្ថពលកម្មបរទេស (កូតា) សម្រាប់ឆ្នាំ២០២៣ រហូតដល់ដំណាច់ខែមករា ឆ្នាំ២០២៣»។
ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់បន្ថែមថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ដែលត្រូវការប្រើប្រាស់ហត្ថពលកម្មបរទេសសម្រាប់ឆ្នាំ២០២៣ ត្រូវប្រញាប់ដាក់សំណើសុំការអនុញ្ញាតឱ្យប្រើប្រាស់ហត្ថពលកម្មបរទេស (កូតា) ឱ្យបានមុនថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ជាកំហិត។ ចំពោះការខកខានមិនបានស្នើសុំការអនុញ្ញាត ក្រសួងនឹងចាត់វិធានការផាកពិន័យតាមទោសប្បញ្ញត្តិក្នុងជំពូកទី១៦ នៃច្បាប់ស្តីអំពីការងារ៕