ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ ពន្យារពេល​ការ​ស្នើ​សុំ​ការអនុញ្ញាត​ឱ្យ​ប្រើ​ប្រាស់​ហត្ថ​ពលកម្ម​បរទេស​ឆ្នាំ​​២០២៣ រហូត​ដល់​ខែមករា ឆ្នាំ​២០២៣ ដោយ​សារ​រោង​ចក្រ ឬ​សហ​គ្រាស​មួយ​ចំនួនមិន​ទាន់​យល់​ច្បាស់​ពី​ប្រព័ន្ធ​គ្រប់​គ្រងទិន្នន័យ​រួម​ពាក់ព័ន្ធនឹង​​វិស័យ​ការងារ​ ដែល​នាំឱ្យ​មិនមាន​ឯក​សារ​គ្រប់​គ្រាន់​សម្រាប់​ស្នើ​សុំ​ការអនុញ្ញាត​ឱ្យ​ប្រើ​ប្រាស់​ហត្ថ​ពលកម្ម​បរទេស​ (កូតា​)។

ហត្ថ​ពល​កម្ម​បរទេស​ (កូតា) គឺ​ជា​លិខិត​អនុញ្ញាត​ប្រើ​ប្រាស់​ហត្ថ​ពលកម្ម​បរទេស​ ហើយ​ក៏​ជា​ឯក​សារ​ចាំ​បាច់​សម្រាប់​ស្នើ​សុំ​បណ្ណ​ការងារ​ជូន​បុគ្គលិក​បរទេស​ផង​ដែរ​។

យោង​តាម​សេចក្តី​ជូន​ដំណឹង​ របស់​ក្រសួង​ការងារ​ ចេញនៅ​​​ថ្ងៃ​ទី​០៥​ ខែ​ធ្នូ​​ ឆ្នាំ២០២២​​ បាន​ជូន​ដំណឹង​ដល់ម្ចាស់​ ឬ​នាយក​រោង​ចក្រ​ សហ​គ្រាស​ ក្នុង​ន័យ​ដើម​ថា​៖ «​ក្រសួង​បាន​ពន្យារ​ពេល​សម្រាប់​ការ​ស្នើ​សុំ​លិខិត​អនុញ្ញាត​ឱ្យ​ប្រើ​ប្រាស់​ហត្ថ​ពលកម្ម​បរទេស (កូតា​) សម្រាប់​ឆ្នាំ​២០២៣​ រហូត​ដល់​ដំណាច់​ខែ​មករា​ ឆ្នាំ​២០២៣​»។

ក្នុង​សេចក្តី​ជូន​ដំណឹង​បានបញ្ជាក់​​​បន្ថែម​ថា ម្ចាស់​ ឬ​នាយក​រោង​ចក្រ​ សហ​គ្រាស​ ដែល​​ត្រូវ​ការ​ប្រើ​ប្រាស់​ហត្ថ​ពលកម្ម​បរទេស​សម្រាប់​ឆ្នាំ​២០២៣​ ត្រូវ​ប្រញាប់​ដាក់​សំណើ​សុំ​ការអនុញ្ញាត​ឱ្យ​ប្រើ​ប្រាស់​ហត្ថ​ពលកម្ម​បរទេស​ (កូតា​) ឱ្យបាន​​មុន​ថ្ងៃ​ទី​៣១​ ខែ​មករា​ ឆ្នាំ​២០២៣​ ជា​កំហិត​។ ចំពោះ​ការខក​ខាន​មិន​បាន​ស្នើ​សុំ​ការអនុញ្ញាត​ ក្រសួង​នឹង​ចាត់​វិធាន​ការ​ផាក​ពិន័យ​តាម​ទោស​ប្បញ្ញត្តិ​ក្នុង​ជំ​ពូក​ទី​១៦​ នៃ​ច្បាប់​ស្តី​អំពី​ការងារ​៕