អង្គការសិទ្ធិមនុស្សលីកាដូជំរុញឱ្យអាជ្ញាធរបិទមណ្ឌលឃុំខ្លួនព្រៃស្ពឺ ដោយសារតែមានអ្នកជាប់ឃុំបានស្លាប់ជាបន្តបន្ទាប់ ដែលបណ្ដាលមកពីការមិនយកចិត្តទុកដាក់ ការទុកអ្នកមានជំងឺធ្ងន់ធ្ងររហូតដល់ស្លាប់ កង្វះអាហារ ការរំលោភបំពាន និងការវាយដំជាដើម។
យោងតាមលិខិតចេញនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ អង្គការលីកាដូ បានស្នើឱ្យបិទមណ្ឌលព្រៃស្ពឺ និងបញ្ចប់ស្ថានភាពអាក្រក់ដែលប្រឈមដោយមនុស្សជាប់ឃុំនៅទីនោះ ដោយមានការស្លាប់អ្នកជាប់ឃុំជាច្រើននាក់ហើយត្រូវបានរាយការណ៍នៅមណ្ឌលឃុំខ្លួនមិនត្រឹមត្រូវ។
អង្គការលីកាដូបានបញ្ជាក់ក្នុងលិខិតនោះ ពីមូលហេតុនៃការស្នើសុំឱ្យបិទមណ្ឌលសង្គមកិច្ចព្រៃស្ពឺថា ដោយសារមានការស្លាប់ថ្មីៗនេះទៅលើស្រ្តីម្នាក់ និងបុរសម្នាក់ ដែលឈឺនៅក្នុងមណ្ឌល ហើយមិនត្រូវបានផ្ដល់ការព្យាបាលឱ្យបានគ្រប់គ្រាន់ឡើយ។ ចំពោះសាក្សីដែលបានឃើញការស្លាប់របស់ជនជាប់ឃុំទាំងពីរ បានរៀបរាប់ថា អ្នកទាំងពីរនាក់នោះមានជំងឺធ្ងន់ធ្ងរ ត្រូវបានគេទុកចោលនៅលើឥដ្ឋនៅក្នុងបន្ទប់ឃុំឃាំង រហូតដល់ស្លាប់នៅចំពោះមុខអ្នកជាប់ឃុំផ្សេងទៀត ក្រោយមកសាកសពត្រូវបានបុគ្គលិកនៅក្នុងមណ្ឌលយកចេញ។
លិខិតដដែលនោះបានយោងលើសម្តីរបស់សាក្សីនៅក្នុងវត្តមួយដែលទទួលខុសត្រូវក្នុងការបូជាសពមកពីមណ្ឌលព្រៃស្ពឺ បានបញ្ជាក់ពីការកើនឡើងនៃចំនួនសាកសពដែលមណ្ឌលព្រៃស្ពឺបញ្ជូនមកដើម្បីធ្វើការបូជា កាលពីអំឡុងខែសីហា ឆ្នាំ២០២២។
យោងតាមលិខិតដដែលសរសេរថា៖ «ភស្តុតាងបានចង្អុលបង្ហាញថា មានការស្លាប់នៃអ្នកជាប់ឃុំជាង ១០នាក់ នៅចន្លោះខែកក្កដា និងខែសីហា ឆ្នាំ២០២២»។
ការស្លាប់ចុងក្រោយនេះ កើតឡើងអំឡុងពេលមានការកើនឡើងអ្នកជាប់ឃុំនៅក្នុងមណ្ឌលព្រៃស្ពឺនេះ ដែលមានមនុស្សជាង៤០០នាក់ត្រូវបានឃុំខ្លួន គិតត្រឹមខែសីហា ឆ្នាំ២០២២។ សាក្សីមួយចំនួនបានរៀបរាប់ពីស្ថានភាពដូចនរក បន្ទប់ឃុំឃាំងដែលចង្អៀតណែន កង្វះចំណីអាហារ ការវាយដំដោយសារការមិនស្ដាប់ការណែនាំ រីឯការថែទាំសុខភាពគឺទទួលបានតែថ្នាំប៉ារ៉ាសេតាម៉ុល តែប៉ុណ្ណោះទោះមានជំងឺធ្ងន់ធ្ងរក៏ដោយ។
អ្នកនាង ណាលី ពីឡូក នាយិកាទទួលបន្ទុកកិច្ចការក្រៅតំបន់នៃអង្គការលីកាដូបញ្ជាក់ក្នុងលិខិតរបស់លីកាដូនោះថា ជារៀងរាល់ថ្ងៃមណ្ឌលព្រៃស្ពឺនៅតែបើកដំណើរការ បង្កឱ្យមានការរំលោភបំពានបន្ថែមទៀត និងហានិភ័យនៃការស្លាប់ជាច្រើនទៀត។
អ្នកនាងបន្តថា៖ «ការស្លាប់មនុស្សពីរនាក់នេះជាបញ្ហាបន្ថែមលើការរំលោភបំពាន ការធ្វើទារុណកម្ម និងការបាត់បង់ជីវិតដែលមិនគួរកើតមានអស់រយៈពេលជិតពីរទសវត្សរ៍មកនេះ នៅក្នុងមណ្ឌលព្រៃស្ពឺ»។
អ្នកនាងបន្ថែមថា៖ «រាជរដ្ឋាភិបាលគួរតែបិទមណ្ឌលនេះតែម្ដង ហើយបញ្ចប់ភាពរងគ្រោះយ៉ាងអាក្រក់ដែលមិនគួរកើតមាននេះ»។
អង្គការលីកាដូបានដាក់លិខិតស្នើសុំការអនុញ្ញាត នៅចុងខែតុលា ឆ្នាំ២០២២ ដើម្បីបញ្ជូនក្រុមគ្រូពេទ្យ និងវេជ្ជបណ្ឌិតដើម្បីទៅវាយតម្លៃ ប៉ុន្តែលិខិតស្នើសុំដែលបានដាក់ទៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅក្នុងរាជធានីភ្នំពេញមិនមានការឆ្លើយតប ហើយនៅតែមានការរឹតត្បិតក្នុងការចូលទៅកាន់មណ្ឌលនេះ។
លោក តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រាប់Newsroom Cambodia ឱ្យដឹងថា គំនិតថាចង់បិទមណ្ឌលព្រៃស្ពឺនេះ គឺមិនអាចបិទបាននោះទេដោយសារមណ្ឌលនេះសំខាន់សម្រាប់ទទួលជនអនាថា ជនដាច់សង្វែង នៅតាមទីសាធារណៈសម្រាប់ឱ្យគាត់សំចតបណ្ដោះអាសន្ន។ លោកបន្តថា អាជ្ញាធររៀបចំសណ្ដាប់ធ្នាប់បានប្រមូលជនអនាថាពីរាជធានីភ្នំពេញក្នុងអំឡុងការរៀបចំកិច្ចប្រជុំអាស៊ានកន្លងទៅ ហើយក្រសួងសង្គមកិច្ចមានភារៈកិច្ចទទួលយក និងផ្ដល់សេវាជូនគាត់ តាមរយៈមណ្ឌលបណ្ដោះអាសន្នព្រៃស្ពឺនេះ។
លោកបន្តថា៖ «លីកាដូគាត់មានមូលដ្ឋានអីដែរគាត់និយាយរបៀបនេះ? […] គាត់មានបានទៅដល់មណ្ឌលហ្នឹងនៅ គាត់មានបានទៅស៊ើបសួរទៅមើលស្ថានភាពជាក់ស្ដែងខ្លះហើយនៅ បានគាត់និយាយអ៊ីចឹង?»។
លោកបន្ថែមថា នៅក្នុងមណ្ឌលមានពេទ្យបឋម និងពេទ្យសម្រាប់សង្គ្រោះបន្ទាន់ ហើយប្រសិនមានអ្នកត្រូវការចេញទៅមន្ទីរពេទ្យបង្អែក ឬមន្ទីរពេទ្យរដ្ឋផ្សេងៗ នោះនឹងមានការបញ្ជូនពួកគាត់មកក្រៅ ដោយមានកិច្ចសហការគ្នាជាមួយមន្ទីរពេទ្យ ហើយមណ្ឌលក៏មានអ្នកប្រចាំការផងដែរ។
លោកថ្លែងថា៖ «គាត់អត់បានមើលផងគាត់ចេះតែនិយាយ និយាយរួមបំពុលបរិយាកាសតែម្តង នេះជាចរិករបស់លីកាដូ»។
លោកបន្តថា៖ «ហើយឱ្យបិទមណ្ឌលហ្នឹងយ៉ាងម៉េច? អ៊ីចឹងមានតែជនរងគ្រោះទាំងអស់ហ្នឹង ហើយប្រមូលពីទីសាធារណៈ ពីមុខមាត់ ជាបេះដូងរបស់ប្រទេសជាតិហ្នឹងទៅដាក់នៅលីកាដូទៅ ឱ្យគាត់ទទួលបានហ្នឹងខ្ញុំបិទ បើគាត់អត់មានលទ្ធភាពទទួលទេខ្ញុំបិទអត់បានទេ ខ្ញុំនិយាយចឹងម៉ង»។
លោកមានប្រសាសន៍ថា លោកមិនមានរបាយការណ៍ច្បាស់លាស់ពីការស្លាប់មនុស្សឡើយ ប៉ុន្តែលោកថា ប្រសិនបើមានបញ្ហាស្លាប់មនុស្សបែបនេះត្រូវមានរបាយការណ៍មកក្រសួង ហើយលោកនិងឆ្លើយទៅតាមរបាយការណ៍ ហើយព័ត៌មានលំអិតគឺប្រធានមន្ទីរដែលគាត់ជាអ្នកគ្រប់គ្រងផ្ទាល់ទើបដឹងច្បាស់។
លោកបន្តថា៖ «ដូចមានរបាយការណ៍ថាមានអ្នកស្លាប់២នាក់ ប្រុស១ ស្រី១ ក្នុងខែមុននេះ តែមុនហ្នឹងប្រធានមន្ទីរបញ្ជាក់ជាមួយខ្ញុំថាអត់មានទេ ចឹងទេខ្ញុំអត់ដឹងឆ្លើយថាម៉េចទេ ព្រោះខ្ញុំអត់មានរបាយការណ៍នៅដៃ»។
បើតាមលិខិតរបស់លីកាដូ មណ្ឌលព្រៃស្ពឺបានចាប់ដំណើរការក្នុងឆ្នាំ២០០៤ ជាមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងត្រូវបានគ្រប់គ្រងដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មនុស្សដែលត្រូវឃុំខ្លួននៅមណ្ឌលនេះភាគច្រើនគឺជា ក្រុមមនុស្សដែលមិនត្រូវបានគេអើពើដូចជា ជនអនាថា អ្នកសុំទាន អ្នកប្រើប្រាស់គ្រឿងញៀន និងអ្នកប្រកបរបរផ្លូវភេទជាដើម។
មណ្ឌលព្រៃស្ពឺនេះ ត្រូវបានអង្គការលីកាដូ អង្គការឃ្លាំមើលសិទ្ធិមនុស្ស អង្គការលើកលែងទោសអន្តរជាតិ និងការិយាល័យសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បានលើកឡើងម្ដងហើយម្ដងទៀតអំពី កង្ខល់ជុំវិញការរំលោភបំពាន និងការស្លាប់ដែលអាចការពារបាន នៅក្នុងមណ្ឌលព្រៃស្ពឺ។ មណ្ឌលនេះត្រូវបានអង្គការលីកាដូ ស្នើសុំឱ្យបិទម្ដងរួចមកហើយកាលពីឆ្នាំ២០០៨ មួយឆ្នាំក្រោយមកមណ្ឌលនេះត្រូវបានបិទជាបណ្ដោះអាសន្ន។
ក្នុងលិខិតរបស់លីកាដូក៏បានរៀបរាប់ពីសាររបស់អ្នកជាប់ឃុំដែលសរសេរលើជញ្ជាំងនៃមណ្ឌលព្រៃស្ពឺ ដោយខ្លះសរសេរថា៖ «អនុស្សាវរីយ៍ដែលខ្ញុំរស់នៅក្នុងអំពើភេរវកម្មក្រោមការជិះជាន់»។ សារមួយទៀតដែលជាគំនូសលើជញ្ជាំងថ្មថា៖ «ជីវិតដូចនរក»។ ខណៈដែលសារមួយទៀត៖ «អាណិតខ្លួន ជួយផង»៕