សមាគមប្រជាជាតិអាស៊ីអាគេ្នយ៍ (អាស៊ាន) កាលពីថ្ងៃចន្ទ បានប្រកាសដាក់ដំណើរការផែនការសកម្មភាពក្នុងតំបន់ស្តីពីស្ត្រី សន្តិសុខ និងសន្តិភាពក្នុងតំបន់អាស៊ាន (ASEAN RPA on WPS) សម្រាប់ប្រទេសក្នុងតំបន់អាស៊ានដាក់ចូលក្នុងផែនការសកម្មភាពជាតិរបស់ប្រទេសនីមួយៗ។
ប្រកាសដាក់ដំណើរការផែនការសកម្មភាពក្នុងតំបន់ស្តីពីស្ត្រី សន្តិសុខ និងសន្តិភាពក្នុងតំបន់អាស៊ាននេះ ធ្វើឡើងនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ដោយមានកម្ពុជាជាអ្នកដឹកនាំអាស៊ាន សហការជាមួយអង្គការ UN Women និងភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់កិច្ចអភិវឌ្ឍន៍អន្តរជាតិ (USAID) និងមានអ្នកចូលរួមពីតំណាងប្រទេសនានាក្នុងតំបន់ និងដៃគូអភិវឌ្ឍន៍មួយចំនួន។
រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកស្រី អ៊ឹង កន្ថាផាវី បានប្រាប់អ្នកសារព័ត៌មានក្នុងពិធីនោះថា ផែនការសកម្មភាពក្នុងតំបន់ស្តីពីស្ត្រី សន្តិសុខ និងសន្តិភាពក្នុងតំបន់អាស៊ានមានសារសំខាន់ណាស់ ដោយសារការចូលរួមរបស់ស្ត្រីជាចំណែកមួយមិនអាចខ្វះបាន ក្នុងការកសាងសន្តិភាព និងសន្តិសុខសម្រាប់ប្រទេសជាតិ។
លោកស្រីថា៖ «សន្តិភាព និងសន្តិសុខគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ និងដំណើរការសម្រាប់សង្គមទាំងអស់ ហើយនេះគឺជាផែនការសកម្មភាពថ្នាក់តំបន់ដំបូងគេសម្រាប់អាស៊ាន ហើយនៅក្នុងផែនការសកម្មភាពថ្នាក់តំបន់ដំបូងនេះ យើងបាននិយាយអំពីការរួមចំណែករបស់ស្ត្រី»។
លោកស្រីបន្ថែមថា៖ «នៅក្នុងសង្រ្គាម ស្ត្រី និងបុរសរងគ្រោះពីសង្រ្គាមដូចគ្នា ដូច្នេះស្ត្រី និងបុរសគួរតែចូលរួមចំណែក ពីព្រោះយើងមានទស្សនៈវិស័យផ្សេងគ្នា ការរក្សាសន្តិភាព និងដំណើរការសន្តិភាពនៅគ្រប់រដ្ឋ ដូច្នេះផែនការសកម្មភាពថ្នាក់តំបន់នេះ បានលើកឡើងអំពីការរួមចំណែករបស់ស្ត្រីពីរបៀបដែលពួកគេអាចចូលរួមចំណែក»។
នាយកក្នុងតំបន់នៃ UN Women ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក លោកស្រី Sarah Knibbs បានលើកឡើងថា ផែនការសកម្មភាពក្នុងតំបន់សម្រាប់អាស៊ានពិតជាមានសារៈសំខាន់នៃសន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី ដូចជាការប្រែប្រួលអាកាសធាតុ ការជួញដូរមនុស្ស ជំងឺរាតត្បាត និងគ្រោះមហន្តរាយផ្សេងៗ។
លោកស្រីថា៖ «ផែនការសកម្មភាពក្នុងតំបន់មានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាសម្គាល់ការទទួលស្គាល់ប្លុកអាស៊ាន និងរដ្ឋជាសមាជិកអាស៊ានអំពីសារៈសំខាន់នៃសន្តិភាព និងសន្តិសុខរបស់ស្ត្រី។ ហើយបញ្ហាជាច្រើនដែលយើងនឹងពិចារណាថាជាបញ្ហាសន្តិសុខថ្មី និងកំពុងលេចឡើងដូចជាការប្រែប្រួលអាកាសធាតុ ការជួញដូរមនុស្ស ជំងឺរាតត្បាត និងការត្រៀមលក្ខណៈសម្រាប់គ្រោះមហន្តរាយគឺពិតជាបញ្ហាឆ្លងព្រំដែន ដូច្នេះវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការអាចអនុវត្តវិធីសាស្រ្តក្នុងតំបន់នេះ។ នោះហើយជាមូលហេតុដែលផែនការសកម្មភាពក្នុងតំបន់មានសារៈសំខាន់ ពីព្រោះអាស៊ានទាំងអស់ព្យាយាមឆ្ពោះទៅមុខរួមគ្នាជាមួយបញ្ហានេះ»។
គួរបញ្ជាក់ដែរថា ព្រឹត្តិការណ៍នេះមានគោលបំណងជំរុញការគាំទ្រ និងកៀរគរការអនុវត្តផែនការសកម្មភាពតំបន់ស្តីពីស្រ្តី សន្តិសុខ និងសន្តិភាព ក៏ដូចជាផ្តល់ឱកាសក្នុងការបង្កើនការយល់ដឹងកាន់តែស៊ីជម្រៅអំពីផែនការសកម្មភាពក្នុងចំណោមស្ថាប័នអាស៊ាន រួមមានអ្នកជំនាញផ្នែកស្រ្តី សន្តិសុខ និងសន្តិភាព វិស័យពាក់ព័ន្ធ រដ្ឋសមាជិក អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ ប្រព័ន្ធផ្សព្វផ្សាយ និងអ្នករៀបចំគោលនយោបាយ។ បច្ចុប្បន្ននេះ យោងតាមស្ថិតិរបស់គេហទំព័រ Statista ក្នុងឆ្នាំ២០២២ មានស្ត្រី និងក្មេងស្រីប្រហែល ៤៥,០០០ នាក់នៅទូទាំងពិភពលោកត្រូវបានសម្លាប់ដោយសមាជិកគ្រួសាររបស់ពួកគេ។ ក្នុងចំណោមជនរងគ្រោះដោយហិង្សាលើយេនឌ័រ ស្ត្រីអាស៊ីចំនួន ១៧,៨០០ នាក់ត្រូវបានសម្លាប់។ តួលេខនេះគឺខ្ពស់បំផុតបើធៀបនឹងទ្វីបផ្សេងទៀត៕