ក្រសួងសុខាភិបាលសម្រេចបិទមន្ទីរឯកជនមួយឈ្មោះ «ដើមអង្ក្រង» ដែលមានទីតាំងនៅខេត្តកំពង់ស្ពឺ ក្រោយពីមានរឿងករណីរំលូតមិនត្រឹមត្រូវតាមបច្ចេកទេស បណ្តាលឱ្យស្រី្ដជនរងគ្រោះមានសភាពធ្ងន់ធ្ងរ។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន សម្រេចបិទ និងដកហូតលិខិតអនុញ្ញាតឱ្យបើកមន្ទីរសម្រាកព្យាបាលឯកជនឈ្មោះសម្ភពដើមអង្ក្រង ដោយសារគ្មានបច្ចេកទេសគ្រប់គ្រាន់ក្នុងការរំលូតយកកូនស្ដ្រីម្នាក់ដែលទារកស្លាប់ក្នុងផ្ទៃ បណ្តាលឱ្យស្រ្តីនោះមានស្ថានភាពធ្ងន់ធ្ងរដល់ជីវិត។
ស្រ្តីដែលរំលូតកូនបណ្តាលឱ្យមានស្ថានភាពធ្ងន់ធ្ងរ ឈ្មោះ សឿន ស្រីអូន អាយុ២២ឆ្នាំ មានមុខរបរជាកម្មការិនីរោងចក្រ មានអាស័យដ្ឋានភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កើតឡើងកាលពីដើមខែវិច្ឆិកា ឆ្នាំ២០២២។
តាមសេចក្ដីប្រកាសព័ត៌មានដដែលបន្ថែមថា មន្ទីរសំរាកព្យាបាលឯកជនដែលមានទីតាំងនៅផ្លូវជាតិលេខ៣ ឃុំអង្គពពេល ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ របស់លោកស្រីវេជ្ជបណ្ឌិត សួស ច័ន្ទរស្មី ជាអ្នកទទួលខុសត្រូវ ដោយមូលហេតុប្រើប្រាស់បុគ្គលិកផ្សេងគ្មានការបណ្ដុះបណ្ដាល គ្មានការចុះបញ្ជីគណ:វិជ្ជាជីវ: និងប្ដូរទីតាំងដោយគ្មានការជូនដំណឹងដល់ក្រសួងសុខាភិបាល។ ចំពោះអ្នកទទួលខុសត្រូវ និងម្ចាស់មន្ទីរសម្រាកព្យាបាលដើមអង្ក្រង និងអ្នកដែលបានប្រព្រឹត្តខុសនឹងក្រមសីលធម៌វិជ្ជាជីវ:ពេទ្យ ខុសបច្ចេកទេស ក្នុងការពិនិត្យ និងព្យាបាលអ្នកជំងឺ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
ក្នុងសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល បានស្នើឱ្យអគ្គនាយកបច្ចេកទេសសុខាភិបាល ប្រធាននាយកដ្ឋានមន្ទីរពេទ្យ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ស្ពឺ និងលោកស្រី សួស ច័ន្ទរស្មី ត្រូវអនុវត្តសេចក្ដីប្រកាសនេះ តាមភារកិច្ចរៀងៗខ្លួនឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕