ក្រសួងសុខាភិបាលសម្រេចបិទ​មន្ទីរឯកជនមួយឈ្មោះ «ដើមអង្ក្រង» ដែលមានទីតាំងនៅខេត្តកំពង់ស្ពឺ ក្រោយពីមានរឿងករណី​រំលូត​មិនត្រឹម​ត្រូវតាមបច្ចេកទេស​ បណ្តាល​ឱ្យ​ស្រី្ដជនរងគ្រោះ​​មាន​សភាព​ធ្ងន់ធ្ងរ។

ក្នុងសេចក្ដី​ប្រកា​ស​ព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន សម្រេចបិទ និង​ដក​ហូត​លិខិតអនុញ្ញាត​ឱ្យ​បើក​មន្ទីរ​សម្រាកព្យា​បាលឯកជនឈ្មោះ​សម្ភព​ដើម​អង្ក្រង ដោយសារ​​គ្មាន​បច្ចេកទេស​គ្រប់​គ្រាន់​ក្នុង​​ការរំលូតយកកូន​ស្ដ្រីម្នាក់​ដែលទារកស្លាប់ក្នុងផ្ទៃ បណ្តាល​ឱ្យ​ស្រ្តី​នោះ​មា​ន​ស្ថានភាព​ធ្ងន់ធ្ងរ​ដល់​ជីវិត​។​

ស្រ្តី​ដែល​​រំលូត​កូនបណ្តាល​ឱ្យ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ ឈ្មោះ សឿន ស្រីអូន អាយុ២២ឆ្នាំ មាន​មុខរបរ​ជាកម្មការិនី​រោង​ចក្រ មានអាស័យដ្ឋានភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កើតឡើង​កាលពីដើម​ខែ​វិច្ឆិកា ឆ្នាំ​២០២២។

តាមសេចក្ដី​ប្រកា​ស​ព័ត៌មានដដែល​បន្ថែម​ថា មន្ទីរសំរាកព្យាបាលឯកជនដែលមានទីតាំងនៅផ្លូវជាតិលេខ៣ ឃុំអង្គពពេល ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ របស់លោកស្រីវេជ្ជបណ្ឌិត សួស ច័ន្ទរស្មី ជាអ្ន​ក​ទទួល​ខុសត្រូវ​ ដោយ​មូលហេតុ​ប្រើប្រាស់​បុគ្គលិកផ្សេងគ្មានការបណ្ដុះបណ្ដាល គ្មានការចុះបញ្ជីគណ:វិជ្ជាជីវ: និង​ប្ដូរ​ទីតាំង​ដោយ​គ្មានការជូនដំណឹងដល់ក្រសួងសុខាភិបាល។ ចំពោះអ្នកទទួលខុសត្រូវ និងម្ចាស់មន្ទីរសម្រាក​ព្យាបាលដើមអង្ក្រង និងអ្នកដែលបានប្រព្រឹត្តខុសនឹងក្រមសីលធម៌វិជ្ជាជីវ:ពេទ្យ ខុសបច្ចេកទេស ក្នុង​ការពិនិត្យ និង​ព្យាបាលអ្ន​កជំងឺ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

ក្នុងសេចក្ដី​ប្រកា​សរបស់ក្រសួងសុខាភិបាល បានស្នើឱ្យអគ្គនាយកបច្ចេកទេសសុខាភិបាល ប្រធាន​នាយក​ដ្ឋាន​មន្ទីរពេទ្យ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ស្ពឺ និងលោកស្រី សួស ច័ន្ទរស្មី ត្រូវ​អនុវត្ត​សេចក្ដី​ប្រកាស​នេះ តាមភារកិច្ចរៀងៗខ្លួនឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕