ធនាគារពិភពលោកនៅថ្ងៃពុធនេះបង្ហាញថា នៅឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជាកើនឡើង៤,៨ភាគរយ ហើយនឹងអាចកើនដល់៥,២ភាគរយ តែអាចប្រឈមនឹងហានិភ័យដោយសារវិបត្តិនៅក្រៅប្រទេស។
យោងតាមរបាយការណ៍ធនាគាពិភពលោក ចេញនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២នេះបញ្ជាក់ថា នៅឆ្នាំ២០២២នេះកំណើនសេដ្ឋកិច្ចរបស់កម្ពុជាគឺ៤,៨ភាគរយដោយសារការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយជំងឺកូវីដ១៩ និងការកើនឡើងចំនួនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។
ធនាគារពិភពលោកក៏បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងដល់៥,២ភាគរយនៅឆ្នាំ២០២៣ ដោយសារកំណើននៃការជួលមនុស្សធ្វើការកាន់តែជួយដល់ការកើនឡើងនៃការទទួលទានប្រើប្រាស់ក្នុងស្រុក និងការធ្លាក់ចុះនៃអតិផរណា។
ទោះយ៉ាងណា ធនាគារពិភពលោកបានព្យាករណ៍ថា ដោយសារវិបត្តិសកលដូចជាសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន នយោបាយកូវីដសូន្យរបស់ចិន និងវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា សេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចុះដល់២,៩ភាគរយនៅឆមាសទី២ឆ្នាំនេះ។
ធនាគាពិភពលោកបព្រមានពីការជះឥទ្ធិពលអាក្រក់ដល់កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំក្រោយ ដោយសារវិបត្តិសកលមួយចំនួនដូចជា វិបត្តិថាមពល ហិរញ្ញវត្ថុ និងអតិផរណាខ្ពស់។ ភាពងាយរងគ្រោះលើសេដ្ឋកិច្ចកម្ពុជាពីវិបត្តិសកលខាងលើនេះ បើតាមធនាគាពិភពលោក ដោយសារតែកម្ពុជាជាប្រទេសកំពុងអភិឌ្ឍន៍។
ប្រទេសកម្ពុជា ពឹងផ្អែកខ្លាំងលើការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិច និងសហភាពអឺរ៉ុប ហេតុនេះហើយ បើសេដ្ឋកិច្ចអឺរ៉ុបរងការប៉ះពាល់ខ្លាំង ចំនួននៃការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបនឹងមានការធ្លាក់ចុះ។ លើសពីនេះទៀត វិបត្តិសេដ្ឋកិច្ចនៅចិនដែលបណ្តាលមកពីនយោបាយកូវីដសូន្យរបស់ប្រធានាធិបតី ស៊ី ជីនពីង នឹងធ្វើឱ្យវិនិយោគទុនពីប្រទេសចិននៅកម្ពុជាមានការធ្លាក់ចុះ ខណៈដែលប្រភពវិនិយោគទុនបរទេសនៅកម្ពុជាភាគច្រើនចេញមកពីប្រទេសចិន។
លោកស្រី ម៉ារៀម ស័រមែន បានផ្តល់ជាអនុសាសន៍ដល់កម្ពុជាក្នុងការឆ្លើយតបទៅនឹងការព្រមានរបស់ធនាគាពិភពលោកពីហានិភ័យនៃការប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំក្រោយថា កម្ពុជាគួរពង្រឹងជំហរសារពើពន្ធ និងពង្រឹងវិស័យទេសចរណ៍ដោយទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ។
លោកស្រីថា៖ «ប្រាក់ចំណូលបានកើនឡើង ដោយសារការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច និងភាពប្រសើរឡើងនៃផ្នែករដ្ឋបាល។ ការពង្រីកមូលដ្ឋានពន្ធនឹងជួយធានាបាននួវធនធានចាំបាច់សម្រាប់លើកម្ពស់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងសម្រាប់ទប់ទល់សភាពការណ៍នៅពេលមានការធ្លាក់ចុះសេដ្ឋកិច្ចក្នុងចំណោមដែគូពាណិជ្ជកម្មធំៗ វិស័យទេសចរណ៍ និងបដិសណ្ឋាកិច្ច គឺជាផ្នែកដ៏មានសក្តានុពលសម្រាប់កំណើនទៅថ្ងៃខាងមុខ»។
របាយការណ៍របស់ធនាគារពិភពលោកក៏បានបញ្ជាក់ថា ឆ្ពោះទៅអនាគតវែងឆ្ងាយ សេដ្ឋកិច្ចកម្ពុជាត្រូវបានគេរំពឹងទុកថា នឹងបន្តឈានទៅដល់អត្រាកំណើនប្រហែល៦ភាគរយនៅពេលដែលទេសចរណ៍អន្តរាជាតិ និងក្នុងស្រុកបង្កើនអនុភាពកាន់តែរឹងមាំ។ ការចូលរួមរបស់កម្ពុជាក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានចុះហត្ថលេខាកាលពពីពេលថ្មីៗនេះ ក៏អាចជំរុញវិស័យកសិកម្ម និងឧស្សាហកម្មកែច្នៃកសិផលឱ្យកាន់តែមានសន្ទុះឡើង៕