រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង អំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមបន្ថែមទៀតក្នុងការគោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារអាយុជីវិតខ្លួនឯង និងក្រុមគ្រួសារ។
យោងតាមការបង្ហោះជាវីដេអូលើទំព័រហ្វេសប៊ុករបស់ក្រសួងមហាផ្ទៃនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស ខេង បានចូលរួមទិវាអន្តរជាតិរំឮកដល់ ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៧ ដែលប្រារព្ធធ្វើឡើងនៅ សួនមុខវត្តបុទុមវតី សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២។
ក្នុងវីដេអូដែលមានប្រវែងជិត៧នាទីនោះ លោក ស ខេង មានប្រសាសន៍ថា៖ «សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ ត្រូវចូលរួមបន្ថែមទៀត ក្នុងការគោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារអាយុជីវិតខ្លួនឯងផ្ទាល់ ដើម្បីភាពសុខដុមរមនាក្នុងក្រុមគ្រួសារ ដើម្បីការពារទ្រព្យសម្បត្តិរបស់បងប្អូន និងដើម្បីរួមគ្នាលើកកម្ពស់កិត្តិយសសេចក្តីថ្លៃថ្នូរ របស់ប្រទេសជាតិយើង»។
លោក ស ខេង បន្ថែមដោយជំរុញឱ្យប្រជាពលរដ្ឋខ្លាចច្បាប់ ជាជាងខ្លាចប៉ូលីស។
លោកថា៖ «ពេលដែលប៉ូលិសរឹតបន្តឹង ពួកគាត់ខ្លាច ហើយពេលប៉ូលិសឈប់រឹតបន្តឹង ពួកគាត់ក៏លែងខ្លាចដែរ មានន័យថាគាត់មិនមែនខ្លាចច្បាប់ទេ គឺគាត់ខ្លាចប៉ូលិសទៅវិញ។ ខ្ញុំសុំឱ្យមានការប្តូរការយល់ឃើញបែបនេះចេញ គឺត្រូវខ្លាចច្បាប់ជាងខ្លាចប៉ូលិស»។
លោក ស ខាង ក៏បានស្នើឱ្យមានការបំពាក់កាមេរ៉ាតាមដងផ្លូវ រួមនឹងបរិក្ខាសុវត្ថិភាពចរាចរណ៍ឱ្យបានគ្រប់គ្រាន់ ព្រមទាំងស្នើដល់គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធអង្គការជាតិ អន្តរជាតិ ប្រព័ន្ធផ្សព្វផ្សាយនានា សិល្បករ-សិល្បការនី គ្រឹះស្ថានសិក្សាគ្រប់កម្រិត ក្រុមហ៊ុន រោងចក្រ សហគ្រាស និងវិស័យឯកជន បន្តអប់រំផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក និងអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានទូលំទូលាយ និងជាប់ជាប្រចាំ។
លោក គង់ រតនៈ អ្នកជំនាញផ្នែកសុវត្ថិភាពផ្លូវថ្នល់ ប្រាប់ Newsroom Cambodia ថា ការបញ្ចេញមតិរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស ខេង មិនមែនជាលើកទីមួយទេ ក្នុងការជួបជុំ ក្នុងការអំពារនាវសុំឱ្យប្រជាពលរដ្ឋគោរពច្បាប់។ លោកថា បច្ចុប្បន្ន គ្រោះថ្នាក់ចរាចរណ៍តែងបណ្តាលឱ្យមនុស្សស្លាប់ជាមធ្យមពី ៤ទៅ៥នាក់ ក្នុងមួយថ្ងៃ ហើយចំនួនអ្នកដែលរងរបួសធ្ងន់ ជាមធ្យមចាប់ពី ១០ទៅ១២នាក់ក្នុងមួយថ្ងៃ ដែលជាហេតុត្រូវមានការប្រកាសអាសន្នអំពីគ្រោះថ្នាក់ចរាចរណ៍។
លោកថា៖ «យើងត្រូវតែប្រកាសអាសន្នពីព្រោះថា មនុស្សបើនិយាយពីតម្លៃ គឺអត់មាននរណាទិញបានទេ ភាគច្រើនការខាតបង់ទាំងឡាយ ការបាត់បង់ជីវិត គឺសុទ្ធសឹងតែជារឿងដែលយើងពិបាកទទួលយក អ៊ីចឹងសម្រាប់ខ្ញុំធ្វើការក្នុងវិស័យសុវត្ថិភាពខ្ញុំយល់ថា វាគឺជារឿងសំខាន់ដែលយើងត្រូវតែគិតគូរទាំងអស់គ្នា»។
លោកបានបន្ថែមថា គ្រោះថ្នាក់ចរាចរណ៍គឺជាបញ្ហាយើងទាំងអស់គ្នា មិនមែនបញ្ហា របស់នរណាម្នាក់នោះទេ ហើយមនុស្សម្នាក់ដែលគោរពច្បាប់ចរាចរណ៍ ក៏មិនប្រាកដថាមានសុវត្ថិភាពដែរ នៅពេលធ្វើដំណើរជាមួយ នឹងមនុស្សជាច្រើនទៀត ដែលប្រកាន់យកឥរិយាបថបើកបរប្រកបដោយគ្រោះថ្នាក់តាមដងផ្លូវ។
លោកបញ្ជាក់ថា៖ «អ្វីដែលប្រជាពលរដ្ឋត្រូវធ្វើ គឺត្រូវស្គាល់ពីតួនាទីរបស់ខ្លួនឯង មានន័យថាប្រជាពលរដ្ឋត្រូវតែចូលរួមក្នុងការគោរពច្បាប់ តាមបញ្ញត្តិច្បាប់ ដែលមានជាធរមាន បន្ទាប់មកទៀតអាជ្ញាធរដែលទទួលបន្ទុកក្នុងផ្នែកចរាចរណ៍នេះឯងត្រូវធ្វើតួនាទីអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ បន្ទាប់មកទៀតអ្នកដែលទទួលបន្ទុកផ្នែកវិស្វកម្មធ្វើផ្លូវថ្នល់ សូមមេត្តាគិតគូរអំពីសុវត្ថិភាពជាចម្បង ហើយដាក់បញ្ចូលវិធានសុវត្ថិភាពក្នុងការកសាងផ្លូវ ដើម្បីឱ្យយើងទទួលបានផ្លូវមួយដែលមានលក្ខណៈល្អប្រសើរងាយបើកបរ ប្រជាពលរដ្ឋងាយគោរពតាមជាដើម»។
បើតាមរបាយការណ៍របស់អង្គការ UNDP ក្នុងឆ្នាំ២០១៩ នៅកម្ពុជាមានអ្នករងរបួសជិត១៣,៧០០ករណី និងបាត់បង់ជីវិតជាង ២,០០០ ករណី ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ដែលគិតជាមធ្យមមានមនុស្ស ៥,៤នាក់ បាត់បង់ជីវិតជារៀងរាល់ថ្ងៃ៕