រដ្ឋាភិបាលជប៉ុនតាមរយៈមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) នៅថ្ងៃពុធនេះ បានប្រគល់សម្ភារៈឆ្មបចំនួន២៩០កញ្ចប់ គ្រែសម្រាលចំនួន១៥០គ្រែ ឧបករណ៍បូមទារកចេញមកក្រៅពេលសម្រាលចំនួន៥០ឈុត និងឧបករណ៍មួយចំនួនទៀតដល់មជ្ឈមណ្ឌលគាំពារមាតា និងទារក ដើម្បីប្រើប្រាស់សង្គ្រោះជីវិតស្ដ្រី និងទារក។
ក្នុងសេចក្ដីប្រកាសព័ត៌មានរួមចេញដោយមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA)ក្រសួងសុខាភិបាលកម្ពុជា និងស្ថានទូតជប៉ុនប្រចាំកម្ពុជា ចេញនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ បានបញ្ជាក់ថា សម្ភារបរិក្ខារវេជ្ជសាស្ដ្រជាសារវ័ន្ដសម្រាប់ថែទាំ សម្រាលបន្ទាន់ ត្រូវបានប្រគល់បន្ដទៅដល់មូលដ្ឋានសុខាភិបាលសាធារណៈ ដើម្បីរួមចំណែកបន្ថែមដល់ឆ្មប និងអ្នកផ្ដល់សេវាសុខាភិបាលប្រើប្រាស់សង្គ្រោះជីវិតស្ដ្រី និងទារក។
សេចក្ដីប្រកាសព័ត៌មានដដែលបន្ថែមថា សម្ភារៈសេវាសម្រាប់ឆ្មបមានឧបករណ៍ចាំបាច់ក្នុងការជួយដល់ការសម្រាលដែលទារក បរិក្ខារសង្គ្រោះជីវិតមួយ គឺឧបករណ៍មូបពេលសម្រាល ដែលប្រើសម្រាប់សម្រួលដល់ការសម្រាលដែលមានរយៈពេលយូរ។ ចំណែករថយន្ដសង្គ្រោះគឺមានសារៈសំខាន់ក្នុងការបញ្ជូនស្ដ្រី ឬទារក ដែលស្ថិតនៅក្នុងស្ថានភាពគំរាមកំហែងដល់អាយុជីវិត។ ឧបករណ៍ដែលមានប្រសិទ្ធភាពក្នុងការរក្សាលំនឹងរបស់ស្ដ្រីដែលធ្លាក់ឈាមធ្ងន់ធ្ងរ ខណៈដែលត្រូវបញ្ជូនទៅមន្ទីរពេទ្យកម្រិតខ្ពស់ គឺខោបន្ថយស្ហុក។
ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំកម្ពុជាលោក Mikami Masahiro បានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននោះថា៖ «ទោះបីជាអត្រាមរណភាពទារកទើបកើតក្នុងប្រទេសកម្ពុជាកំពុងតែប្រសើរឡើងក៏ដោយ ខ្ញុំយល់ថា ស្ដ្រីមានផ្ទៃពោះ និងទារកទើបកើត នៅតែមានការលំបាកក្នុងការទទួលបានការថែទាំសុខភាពគ្រប់គ្រាន់ ជាពិសេសនៅតាមតំបន់ដាច់ស្រយាល»។
លោកស្រី សាន់ដ្រា ប៊ឺនខ្លាវ អ្នកតំណាងប្រចាំប្រទេសរបស់ UNFPA នៅកម្ពុជាលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មាននោះថា បរិក្ខារសង្គ្រោះជីវិត រួមចំណែកដល់ការសម្រេចមហិច្ឆតារបស់ក្រសួងសុខាភិបាលក្នុងការធានាថាស្ដ្រីគ្រប់រូបទទួលបាននូវការគាំទ្រ និងការថែទាំដែលពួកគេត្រូវការចាំបាច់ក្នុងពេលសម្រាលកូនដោយសុវត្ថិភាព។
លោកស្រីបញ្ជាក់ថា៖ «ដំណាលគ្នានឹងការបណ្ដុះបណ្ដាលសម្រាប់គុណភាពថែទាំ បរិក្ខារនេះ គឺជាគន្លឹះឆ្ពោះទៅការកសាងប្រព័ន្ធថែទាំសុខភាពដែលមានភាពធន់និងឆ្លើយតប ដែលមនុស្សគ្រប់រូបអាចទទួលបាននូវការថែទាំប្រកបដោយគុណភាព និងមិនទុកនរណាម្នាក់ចោលឡើយ ជាពិសេសក្នុងពេលសម្រាលកូន»។
គួរបញ្ជាក់ដែរថា មូលនិធិ UNFPA ផ្ដោតទៅលើការសម្រេចបានលទ្ធផលទាំងបីគឺ កម្ពុជាមួយដែលគ្មានស្ដ្រីណាម្នាក់ស្លាប់ក្នុងពេលសម្រាលកូន គ្រប់ក្រុមគ្រួសារទាំងអស់អាចទទួលបាននូវការគាំទ្រការធ្វើផែនការគ្រួសារ ហើយស្ដ្រី និងក្មេងស្រីទាំងអស់ចាកផុតពីអំពើហិង្សា និងការរំលោភបំពាននានា៕