សាលាឧទ្ធរណ៍ភ្នំពេញនៅថ្ងៃព្រហស្បតិ៍នេះប្រកាសប្តូរទីតាំងទៅសង្កាត់ប្រែកលៀប ខណ្ឌជ្រោយចង្វារ ដោយនឹងលើកពេលសវនាការដែលគ្រោងធ្វើនៅថ្ងៃទី២ ដល់ថ្ងៃទី៣១មករា ឆ្នាំ២០២៣ខាងមុខនេះទៅពេលក្រោយ។
បើតាមសេចក្ដីជូនដំណឹងរបស់សាលាឧទ្ធរណ៍ចេញនៅថ្ងៃទី៨ ខែឆ្នូ ឆ្នាំ២០២២ ស្ដីពីការប្ដូរទីតាំងថ្មី របស់សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញបញ្ជាក់ថា ទីតាំងចាស់ដែលត្រូវផ្លាស់ប្ដូរស្ថិតនៅក្នុងបរិវេណក្រសួងយុត្ដិធម៍ មហាវិថីសម្ដេចសុធារស សង្កាត់ជ័យេជំនះខណ្ឌដូនពេញ រាជធានីភ្នំពេញ
ហើយទីតាំងថ្មីគឺស្ថិតនៅអគារសាលាយុត្ដិធម៍ ដែលស្ថិតនៅដីឡូត៍លេខBតំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សេចក្តីជូនដំណឹងដដែលបន្ថែមថា សាលាឧទ្ធរណ៍នឹងលើកពេលសវនាការដើម្បីរៀបចំកន្លែងការងារ និងសាលសវនាការឲ្យបានរួចរាល់ជាមុន។
សេចកល្តីជូនដំណឹងដដែលបញ្ជាក់ថា៖ «សាលាឧទ្ធរណ៍សូមធ្វើការលើកពេលសវនាការដែលនឹងគ្រោងធ្វើឡើងនៅថ្ងៃទី០២ ដល់ថ្ងៃទី៣១ មករា ឆ្នាំ២០២៣ខាងមុខនេះ នឹងត្រូវលើកទៅពេលក្រោយ លើកលែងតែសំណុំរឿងដែលចាំបាច់ស្របទៅតាមលក្ខខណ្ឌច្បាប់ដែលក្រុមប្រឹក្សាសម្រេចទៅតាមករណីនីមួយៗដោយគិតទាំងសិទិ្ធ និងច្បាប់របស់គូភាគីផងដែរ»។
ចំពោះឯកសារបំពេញកិច្ចការងាររដ្ឋបាលប្រចាំថ្ងៃ ឬការផ្ដល់សេវាសាធារណៈអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ភ្នំពេញនៅបន្តធ្វើការជារៀងរាល់ថ្ងៃ រាល់ម៉ោងធ្វើការ៕