នៅព្រឹកថ្ងៃសុក្រនេះ រដ្ឋាភិបាលកម្ពុជាចុះហត្ថលេខាទទួលកម្ចីជាងពីរពាន់លានដុល្លារសហរដ្ឋអាមេរិកពីសាធារណរដ្ឋកូរ៉េ ដោយក្នុងនោះមានការចុះហត្ថលេខាដើម្បីសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េពីភ្នំពេញទៅអរិយក្សត្រ ក្នុងទឹកប្រាក់ប្រមាណជា២៤៥លានដុល្លារសហរដ្ឋអាមេរិក។
យោងតាមសារដែលបានបង្ហោះលើទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២នេះបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចូលរួមក្នុងពិធីប្រគល់ និងទទួលប្រាក់កម្ចីសរុបជិត២ពាន់លានដុល្លារសហរដ្ឋអាមេរិកពីកូរ៉េខាងត្បូង សម្រាប់ការគាំទ្រការអភិវឌ្ឍនៅកម្ពុជា។
សារដែលបង្ហោះលើទំព័តហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តីដដែលបន្ថែមថា លោក ប្រាក់ សុខុន រដ្ឋមន្រ្តី ក្រសួងការបរទេសកម្ពុជានឹងឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា នឹងចុះហត្ថលេខាលើកិច្ចសម្របសម្រួលក្របខណ្ឌស្តីពីការផ្តល់សម្បទាននៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២២-២០២៦ ដែលមានទំហំទឹកប្រាក់ចំនួន១៥០០លានដុល្លារសហរដ្ឋមអាមេរិក។
ក្នុងពិធីនោះ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចក៏នឹងចុះហត្ថលេខាជាមួយប្រធានមូលនិធិសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃធនាគារនីហរ័ណអាហរ័ណកូរ៉េប្រចាំកម្ពុជា សម្រាប់គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលមានទឹកប្រាក់ប្រមាណជា២៤៥លានដុល្លារសហរដ្ឋអាមេរិក (២៤៥ ៩០៩ ០០០ ដុល្លារអាមេរិក)។ បន្ថែមនោះ ក៏គម្រោងសមត្ថភាពប្រព័ន្ធបណ្តាញបញ្ជូនអគ្គិសនីនៅខេត្តព្រះសីហនុ ដែលមានទឹកប្រាក់៧០លានដុល្លារសហរដ្ឋអាមេរិកផងដែរ។
គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណេដ្ឋកូរ៉េ នឹងធ្វើពីផ្សារចាស់-ជ្រោយចង្វារ និងជ្រោយចង្វារ-អរិយក្សត្រ។ ទោះយ៉ាងណាមិនទាន់មានការបញ្ជាក់ថា ស្ពាននេះនឹងចាប់ផ្តើមសាងសង់នៅពេលណានៅឡើយ៕