នៅ​ព្រឹក​ថ្ងៃសុក្រនេះ រដ្ឋាភិបាលក​ម្ពុជា​ចុះ​ហត្ថលេខាទទួល​កម្ចី​ជាង​ពីរពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ពី​​​សាធារណរដ្ឋ​កូរ៉េ​ ដោយ​ក្នុងនោះ​​មាន​ការ​ចុះ​ហត្ថលេខា​ដើម្បី​​សាង​សង់​ស្ពាន​មិត្ត​ភាព​កម្ពុជា​-សាធារណរដ្ឋ​កូរ៉េពី​ភ្នំពេញ​ទៅអរិយក្សត្រ​ ក្នុង​ទឹក​ប្រាក់​ប្រមាណជា​២៤៥​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។​

យោង​តាមសារ​​ដែល​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃទី​៩​ ខែ​ធ្នូ ឆ្នាំ​២០២២​នេះ​បញ្ជាក់​ថា​​ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន​ ចូលរួម​ក្នុង​ពិធីប្រគល់​ និង​ទទួល​ប្រាក់​កម្ចី​​សរុបជិត​២ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ពី​​កូរ៉េខាងត្បូង​ ​​សម្រាប់​ការ​គាំទ្រ​ការ​អភិវឌ្ឍនៅ​កម្ពុជា។​

សារដែល​បង្ហោះ​លើទំព័តហ្វេសប៊ុក​របស់​លោកនាយករដ្ឋមន្រ្តី​ដដែល​បន្ថែម​ថា លោក ប្រាក់ សុខុន រដ្ឋមន្រ្តី ក្រសួងការបរទេស​កម្ពុជា​នឹង​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា នឹង​ចុះ​ហត្ថលេខាលើកិច្ច​សម្របសម្រួល​ក្របខណ្ឌ​ស្តីពីការ​ផ្តល់​សម្បទាន​នៃ​មូលនិធិ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ​២០២២-២០២៦ ដែល​មានទំហំ​ទឹក​ប្រាក់​​ចំនួន​១៥០០​​លាន​ដុល្លារ​សហរដ្ឋមអាមេរិក។

ក្នុង​ពិធី​នោះ ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តី​ក្រសួង​​សេដ្ឋកិច្ច​ក៏​នឹង​ចុះ​ហត្ថលេខា​ជាមួយ​​ប្រធាន​មូលនិធិ​សម្រាប់​កិច្ច​សហប្រតិបត្តិ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​​នៃ​ធនាគារ​នីហរ័ណ​អាហរ័ណ​កូរ៉េ​ប្រចាំកម្ពុជា សម្រាប់​គម្រោង​សាងសង់​ស្ពាន​មិត្តភាពកម្ពុជា-សាធារណរដ្ឋ​កូរ៉េ​ ដែល​មាន​ទឹក​ប្រាក់​ប្រមាណជា​២៤៥​លាន​​ដុល្លារ​សហរដ្ឋអាមេរិក (២៤៥​ ៩០៩​ ០០០​ ដុល្លារ​អាមេរិក)​។ បន្ថែម​​នោះ ​ក៏​គម្រោង​សមត្ថភាព​ប្រព័ន្ធ​បណ្តាញ​បញ្ជូន​អគ្គិសនី​នៅខេត្តព្រះសីហនុ​ ដែលមានទឹក​ប្រាក់​៧០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ផង​ដែរ​។​

គម្រោង​សាង​សង់​ស្ពាន​មិត្ត​ភាព​កម្ពុជា​-សាធារណេដ្ឋ​កូរ៉េ​ នឹង​ធ្វើ​ពី​​ផ្សារចាស់​-ជ្រោយ​ចង្វារ​​ និង​ជ្រោយ​ចង្វារ​-អរិយ​ក្ស​ត្រ​។ ទោះយ៉ាង​ណា​​មិនទាន់​មានការ​បញ្ជាក់ថា ស្ពាន​នេះ​នឹង​ចាប់​ផ្តើម​សាង​សង់​នៅ​ពេល​ណា​នៅ​ឡើយ​៕​