អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្ដេញជនបរទេសចំនួន១៤៨នាក់ ស្រីចំនួន១០នាក់ ក្នុងនោះមានជនជាតិចិនចំនួន១៤៥នាក់ ជនជាតិកូរ៉េចំនួន០២នាក់ និងជនជាតិអេស្ដូនីចំនួន០១នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា និងហាមឃាត់ការចូលប្រទេសកម្ពុជារយៈពេល០៣ឆ្នាំ។
បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ចេញនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ចាប់ពីថ្ងៃទី០៤ ដល់០៦ ខែធ្នូ ឆ្នាំ២០២២ បានបណ្ដេញជនបរទេសចំនួន១៤៨នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា ដោយអនុលោមតាមច្បាប់ស្ដីពីអន្តោប្រវេសន៍ តាមប៉ុស្ដិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
សេចក្ដីប្រកាសព័ត៌មានដដែលបញ្ជាក់ថា៖ «ជនបរទេសចំនួន១៤៨នាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនពាក់ព័ន្ធបទល្មើសលួចឆ្លងដែនខុសច្បាប់ គ្មានលិខិតឆ្លងដែន លួចស្នាក់នៅខុសច្បាប់លើសទិដ្ឋាការកំណត់ និងការធ្វើការងារខុសច្បាប់ដែលល្មើសនឹងច្បាប់ស្ដីពីអន្តោប្រវេសន៍ ដោយត្រូវធ្វើការបណ្ដេញចេញតាមប្រកាសរបស់ក្រសួងមហាផ្ទៃ និងហាមឃាត់ការចូលប្រទេសកម្ពុជារយៈពេល០៣ឆ្នាំ»។
ក្នុងសេចក្ដីបំភ្លឺរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៤ រហូតដល់ខែ០៥ ដើមឆ្នាំ២០២១ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្ដេញជនបរទេសខុសច្បាប់ចេញពីព្រះរាជាណាចក្រកម្ពុជា សរុបចំនួន១៨,៤៧០នាក់ ស្រី៣,០៦០នាក់ និងមាន១០៤សញ្ជាតិ៕