អង្គការតម្លាភាពកម្ពុជា និងអង្គការដៃគូកាលពីថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២២ បានរៀបចំទិវាប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ ធ្នូ ក្រោមមូលបទ «រួមគ្នាប្រយុទ្ធប្រឆាំងអំពើពុករលួយដើម្បីសង្គមស្អាតស្អំ»។
កម្មវិធីនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងគៀងគរដៃគូពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល ដើម្បីពិភាក្សាស៊ីជម្រៅអំពីបញ្ហាអំពើពុករលួយ ផលប៉ះពាល់ គោលបំណង និងដំណោះស្រាយ ជាពិសេសដើម្បីអបអរសាទរទិវាប្រយុទ្ធប្រឆាំងអំពើរពុករលួយអន្តរជាតិ ដោយមានការចូលរួមពីអង្គការមិនមែនរដ្ឋាភិបាល ជាតិ និងអន្តរជាតិ ម្ចាស់ជំនួយ សហជីព យុវជន និងក្រុមងាយរងគ្រោះដែលជាធាតុផ្សំដ៏សំខាន់នៃសង្គមដែលប្រកបដោយបរិយាបន្ន។
អ្នកតំណាងអង្គការតម្លាភាព និងក្រុមការងារប្រឆាំងអំពើពុករលួយ លោក រ៉ូ វណ្ណ: បានថ្លែងក្នុងការបើកកម្មវិធីថា ប្រទេសកម្ពុជាតែងទទួលរងនូវឥទ្ធិពលជាបន្តបន្ទាប់ពីអំពើពុករលួយ ដោយជាឧទាហរណ៍ នៅក្នុងសន្ទស្សន៍ការយល់ឃើញអំពីអំពើពុករលួយ CPI ក្នុងឆ្នាំ២០២១ កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ ១៥៧ ក្នុងចំណោម ១៨០ ប្រទេសដែលបានវាយតម្លៃ។ លោកបានបន្តថា មានមូលហេតុជាច្រើនដែលអាចបង្ហាញបានថា អំពើពុករលួយរារាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
លោក រ៉ូ វណ្ណ: មានប្រសាសន៍ថា៖ «ទីមួយ ការពុករលួយអាចធ្វើឱ្យខូចខាតដល់ការលើកទឹកចិត្តផ្នែកសេដ្ឋកិច្ច ដោយបង្ហូរឬបញ្ជូនមូលធនទៅក្នុងហោប៉ៅរបស់មន្ត្រីមានអំណាចនយោបាយដើម្បីកេងប្រវ័ញ្ចទាក់ទាញយកសំណូក។ ទីពីរ អំពើពុករលួយបង្កើតឱ្យមានពន្ធអត្ថវឌ្ឍន:ខ្ពស់ (Highly Regressive Tax) ពោលគឺការបង្កើតពន្ធប្រភេទនេះនឹងប៉ះពាល់ដល់ចំណូលរបស់ប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋដែលមានប្រាក់ចំណូលទាប»។
លោកបន្តថា៖ «ក្រៅពីប៉ះពាល់ដល់សេដ្ឋកិច្ច អំពើពុករលួយក៏អាចបំផ្លាញសណ្ដាប់ធ្នាប់នយោបាយ ដោយវាមានទំនាក់ទំនងយ៉ាងស្អិតរមួតទៅនឹងការលាងលុយកខ្វក់របស់ពួកឥស្សរជន និងសហការីធ្វើជំនួញរបស់ពួកគេ ហើយវាក៏មានការពាក់ព័ន្ធនឹងអំពើរពុករលួយនៃប្រព័ន្ធតុលាការ និងការប្រើប្រាស់អំណាចតុលាការជាឧបករណ៍ដើម្បីពង្រឹងអំណាចរបស់ពួកឥស្សរជនកាន់អំណាចផងដែរ»។
លោកស្រី Annlouise Olofsson លេខាទីមួយនៃការិយាល័យស្ថានទូតស៊ុយអ៊ែតប្រចាំរាជធានីភ្នំពេញ បានចូលរួមថ្លែងក្នុងកិច្ចបើកកម្មវិធីដោយលោកស្រីបានលើកឡើងថា ការចូលរួមរបស់សាធារណ:ជនក្នុងការរាយការណ៍អំពីអំពើពុករលួយ គឺជាការមួយដ៏សំខាន់ក្នុងការធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។ លោកស្រីបានបន្តថា សេរីភាពព័ត៌មាន និងច្បាប់ក្នុងការទប់ទល់នឹងបញ្ហាពុករលួយ ជារឿងចាំបាច់ក្នុងការទទួលបាននូវព័ត៌មានជាក់លាក់ និងឯកសារផ្លូវការដើម្បីធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លើអំពើពុករលួយក្នុងការធានាឱ្យបាននូវគុណភាព និងយុត្តិធម៌ក្នុងសង្គម។
លោកស្រី Annlouise Olofsson «នៅក្នុងការទទួលបានព័ត៌មាន និងឯកសារផ្លូវការដើម្បីពិនិត្យមើលអំពើពុករលួយ គឺយើងត្រូវការលំហរសេរីភាពសារព័ត៌មាន និងច្បាប់ដ៏ខ្លាំងដើម្បីទប់ទល់នឹងបញ្ហានេះ។ សិទ្ធិក្នុងការទទួលបានព័ត៌មាន មានលទ្ធភាពដើម្បីទប់ស្កាត់ រកឃើញ និងការពារអំពើពុករលួយទាំងឡាយដែលកើតមានក្នុងសង្គម»។
កញ្ញា ហេង សុជា យុវជនស្នូលជំនាន់ទី ៥ របស់កាហ្វេនយោបាយ និងជាអ្នកសម្របសម្រួលគម្រោងស្រ្តី និងយុវជនក្នុងភាពជាអ្នកដឹកនាំ បានចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ «ការចូលរួម ការការពារ និងលំហរសិទ្ធិសេរីភាព» ដោយកញ្ញាបានលើកឡើងថា យុវជននៅមានភាពភ័យខ្លាចក្នុងការចូលរួមសកម្មភាពសង្គម មិនថាជាសកម្មភាពប្រឆាំងអំពើពុករលួយឬសកម្មភាពអ្វីផ្សេងឡើយ ជាពិសេសគឺទាក់ទងនឹងនយោបាយជាតិ។
កញ្ញាបាននិយាយថា៖ «ពួកគាត់នៅភ័យខ្លាចក្នុងការចូលរួម មិនថាការបញ្ចេញមតិក្នុងការងារសង្គម ឬក៏ផ្នែកណាមួយសង្គម ពួកគាត់ភ័យខ្លាចនឹងនយោបាយ និងអត់ទាន់យល់ដឹងពីការប្រើប្រាស់សិទ្ធិក្នុងការអភិវឌ្ឍសង្គមហ្នឹងបែបណាទេ»។
អ្នកសម្របសម្រួលកម្មវិធីមជ្ឈមណ្ឌលតស៊ូមតិ និងប្រឹក្សាយោបល់ផ្នែកច្បាប់នៃអង្គការតម្លាភាពកម្ពុជា កញ្ញា លី ស្រីស្រស់ បានបន្ថែមទៀតថា មូលហេតុដែលធ្វើឱ្យការចូលរួមរបស់យុវជនទៅនឹងការប្រឆាំងអំពើពុករលួយនៅមានកម្រិតគឺដោយសារតែភាពភ័យខ្លាច និងការមិនបានដឹងថាខ្លួនមានសិទ្ធិក្នុងការតាមដានអនុវត្តផែនការនៅតាមឃុំសង្កាត់របស់ខ្លួន។
កញ្ញាលើកឡើងថា៖ «សួរថាហេតុអ្វីបានគាត់ខ្លាច? វាមានដើមចងមួយចំនួននៅក្នុងប្រព័ន្ទទាក់ទងទៅនឹងការប្រយុទ្ធប្រឆាំងអំពើពុករលួយហ្នឹង ដែលមិនទាន់មានប្រព័ន្ធណាមួយគាំទ្រទៅលើអ្នកដែលហ៊ានរាយការណ៍អំពីអំពើពុករលួយទេ។ […] ហើយអត់ដឹងថាខ្លួនមានសិទ្ធិក្នុងការតាមដានអនុវត្តផែនការនៅតាមឃុំសង្កាត់ អីចឹងកន្លែងហ្នឹងហើយ ខ្វះការចូលរួមរបស់គាត់ វាធ្វើឱ្យមានការឆកល្វែងមួយចំនួនទៅលើការអនុវត្តគោលនយោបាយទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ អាហ្នឹងទី១»។
កញ្ញា លី ស្រីស្រស់បន្តថា ការខ្វះនូវយន្តការណ៍ និងច្បាប់ដើម្បីការពារបុគ្គលរាយការណ៍ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយក៏ជាមូលហេតុមួយសំខាន់ដែលធ្វើឱ្យយុវជនមិនមានក្លាហាននៅក្នុងការចូលរួម។
កញ្ញា លី ស្រីស្រស់៖ «នៅក្នុងការជំរុញឱ្យមានការប្រយុទ្ធប្រឆាំងអំពើពុករលួយ ជំរុញឱ្យពលរដ្ឋចូលរួមហ្នឹង គឺយើងនៅខ្វះយន្តការណ៍ អីចឹងយើងអត់មានអង្គភាពប្រឆាំងអំពើពុករលួយ ហើយក៏អត់មានអង្គការសង្គមស៊ីវិលច្រើននៅក្នុងការចួលរួម ក៏ដូចជាការធ្វើកិច្ចការទៅលើការលើកកម្ពស់ការប្រយុទ្ធប្រឆាំងអំពើពុករលួយហ្នឹង។
កញ្ញាក៏បានបន្ថែមទៀតថា៖ «មួយវិញទៀត នៅក្នុងច្បាប់ស្តីពីអំពើពុករលួយហ្នឹងយើងមានការចែងអំពីការធានាការសម្ងាត់ទៅលើការដែលដាក់ពាក្យ ប៉ុន្តែយើងអត់មានច្បាប់ការការពារបុគ្គលរាយការណ៍ទេ ឥឡូវហ្នឹងយើងកំពុងមាន draft law ពីសេចក្តីព្រាងច្បាប់នៃការការពារស្របពេលបណ្តាប្រទេសផ្សេងទៀតគឺគេមាន»។
ទន្ទឹមហ្នឹងនេះ យុវតី សាន់ កូនង៉ា អាយុ ២២ ឆ្នាំ ជានិស្សិតផ្នែកច្បាប់ឆ្នាំទី ៤ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ដែលបានចូលរួមក្នុងកម្មវិធីនេះបានប្រាប់ Newsroom Cambodia ថា វាពិតជាសំខាន់ខ្លាំងណាស់ដែលយុវជនត្រូវចូលរួមប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយតាមរយ:ការចូលរួមស្អប់អំពើពុករលួយ និងការជំរុញឱ្យមានច្បាប់ការពារជាដើម។
យុវតី សាន់ កូនង៉ា បន្តថា វាជាឱកាសដ៏ល្អមួយសម្រាប់កញ្ញាផ្ទាល់ព្រមទាំងយុវជនដទៃទៀតក្នុងការចូលរួមទទួលយកចំណេះដឹងពីសំណាក់វាគ្មិនដែលសុទ្ធសឹងតែជាអ្នកជំនាញ និងពោរពេញទៅដោយបទពិសោទន៍ និងជាឱកាសមួយក្នុងការចែករំលែកមតិយោបល់គ្នាទៅវិញទៅមកជុំវិញការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។
យុវតីរូបនេះបាននិយាយថា៖ «វាពិតជាមានសារ:សំខាន់ណាស់បើនិយាយឱ្យចំទៅ ព្រោះបើកាលណាយុវជនគាត់អត់ខ្វល់ខ្វាយទៅនឹងការប្រព្រឹត្តអំពើពុករលួយទេ គាត់បណ្ដោយឬក៏គាត់អត់ចូលរួមសកម្មភាពមិនខ្វល់ខ្វាយទាល់តែសោះនោះ ប្រទេសជាតិយើងក៏ហ្នឹងពោរពេញដោយភាពអាណាធិបតេយ្យ ហើយវានឹងមានវិសមភាពសង្គមរវាងអ្នកមានអ្នកក្រ ការរើសអើងអីជាដើម»។
បន្ថែមពីនេះទៀត លោក ជា ភក្ដី អាយុ ២១ ឆ្នាំ ជានិស្សិតឆ្នាំទី ៣ ផ្នែកទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យកម្ពុជា ដែលជាយុវជនចូលរួមកម្មវិធីដែរនោះបាននិយាយថា វាពិតជាមានប្រយោជន៍សម្រាប់យុវជននៅក្នុងការចូលរួម ព្រោះវាបានពង្រីកចំណេះដឹងរបស់ខ្លួន និងយុវជនផ្សេងទៀតទាក់ទងអំពើពុករលួយបានច្រើនជាងមុន។
លោក ជា ភក្ដី បានប្រាប់មកកាន់ Newsroom Cambodia ថា៖ «ពេលខ្ញុំមិនទាន់បានចូលរួមវគ្គបណ្ដុះបណ្ដាល ខ្ញុំមិនទាន់បានចូលរួមកម្មវិធីទិវាប្រឆាំងហ្នឹងគឺការយល់ដឹងខ្ញុំទាក់ទងនឹងអំពើពុករលួយគឺនៅមានកម្រិត ខ្ញុំអាចយល់ដឹងតិចតួចប៉ុណ្ណោះ តែនៅពេលយើងចូលទៅបានយើងដឹងថាអំពើពុករលួយវាអាចមានច្រើនទម្រង់ ច្រើនប្រភេទរួមមានទាំងការពុករលួយក្នុងនយោបាយអីជាដើម ហើយវាក៏ផ្ដល់ឱកាសឱ្យខ្ញុំបានបង្កើតទំនាក់ទំនង និងស្គាល់គេកាន់តែច្រើនដែលមកពីស្ថាប័នឬអង្គការសង្គមស៊ីវិលផ្សេងៗគ្នា»។
បន្ថែមពីនេះទៀត លោកក៏បានលើកទឹកចិត្តដល់យុវជនដទៃទៀតចូលរួមគ្រប់សកម្មភាពរបស់សង្គមឱ្យបានកុះករតាមដែលអាចធ្វើទៅបាន ព្រោះការចូលរួមក្នុងកម្មវិធីបែបនេះអាចផ្ដល់ចំណេះដឹងជាពីរទៅបីដងពីអ្វីដែលបានរៀននៅក្នុងថ្នាក់របស់ខ្លួន។
លោកបាននិយាយថា៖ «ការចូលរួមក្នុងកម្មវិធីអីមួយ គឺអាចស្មើរនឹងការដែលយើងរៀនឬសិក្សាស្រាវជ្រាវតាមអ៊ីនធឺណិតគុណនឹងពីរបីដង ដោយសារយើងជួបទិដ្ឋភាពជាក់ស្ដែង យើងទទួលបានបទពិសោទន៍ យើងរៀនពីវាគ្មិនជាក់ស្ដែងចឹងអាចឱ្យយើងឆាប់ចាប់បានចំណេះដឹងជាងការដែលយើងសិក្សាស្រាវជ្រាវ ដូចនេះខ្ញុំសូមលើកទឹកចិត្តដល់យុវជនចូលរួមសកម្មភាពក៏ដូចជាកម្មវិធីសង្គមឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន»៕