អង្គការ​តម្លា​ភាព​កម្ពុជា​ និង​អង្គការ​ដៃ​គូ​​​​​កាល​ពីថ្ងៃ​ទី​ ៨​ ​ខែ​ធ្នូ​ ឆ្នាំ​​២០២២​ បាន​រៀប​ចំ​ទិវា​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ ៩​ ធ្នូ​ ក្រោម​មូល​បទ​ ​«រួម​គ្នា​ប្រ​យុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ដើម្បី​សង្គម​ស្អាត​ស្អំ»​។

កម្ម​វិធី​នេះ​ត្រូវ​បាន​បង្កើត​​ឡើង​ក្នុង​គោល​បំណង​គៀងគរ​ដៃ​គូ​ពាក់ព័ន្ធ​ និង​អង្គការ​សង្គម​ស៊ីវិល​ ដើម្បី​ពិភាក្សា​ស៊ី​ជម្រៅ​អំពី​បញ្ហា​អំពើ​ពុក​រលួយ​ ផល​ប៉ះ​ពាល់​ គោល​បំណង​ និង​ដំណោះ​ស្រាយ​ ជា​ពិសេស​ដើម្បី​អបអរ​សាទរ​ទិវា​ប្រយុទ្ធ​ប្រឆាំង​អំពើរ​ពុក​រលួយ​អន្តរ​ជាតិ ដោយ​មាន​ការ​ចូលរួម​ពី​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ ជាតិ​ ​និង​អន្តរ​ជាតិ​​ ម្ចាស់​ជំនួយ​ សហជីព​ យុវជន​ និង​ក្រុម​ងា​យ​រង​គ្រោះ​ដែល​ជា​ធាតុ​ផ្សំ​ដ៏​សំខាន់​នៃ​សង្គម​ដែល​ប្រកប​ដោយ​បរិយាបន្ន​។

អ្នក​តំណាង​អង្គការ​តម្លាភាព​ និង​ក្រុម​ការងារ​ប្រឆាំង​អំពើ​ពុករលួយ​ លោក​ រ៉ូ​ វណ្ណ:​ បាន​ថ្លែង​ក្នុង​ការ​បើក​កម្ម​វិធី​ថា​ ប្រទេស​កម្ពុជា​តែង​ទទួល​រង​នូវ​ឥទ្ធិពល​ជា​បន្ត​បន្ទាប់​ពី​អំពើ​ពុករលួយ​ ដោយ​ជា​ឧទាហរណ៍​ នៅ​ក្នុង​សន្ទស្សន៍​ការ​យល់​ឃើញ​អំពី​អំពើ​ពុករលួយ​ CPI​ ក្នុង​ឆ្នាំ​២០២១​ កម្ពុជា​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​ ១៥៧​ ក្នុង​ចំណោម​​ ១៨០​ ប្រទេស​ដែល​បាន​វាយ​តម្លៃ​។ លោក​បាន​បន្ត​ថា​ មាន​មូល​ហេតុ​ជា​ច្រើន​ដែល​អាច​បង្ហាញ​បាន​ថា​ ​អំពើ​ពុក​រលួយ​រារាំង​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​។​

​លោក​ រ៉ូ​ វណ្ណ:​ មាន​ប្រសាសន៍​ថា​​៖ ​«ទី​មួយ​ ការ​ពុក​រលួយ​អាច​ធ្វើ​ឱ្យ​ខូច​ខាត​ដល់​ការ​លើក​ទឹក​ចិត្ត​ផ្នែក​សេដ្ឋកិច្ច​ ដោយ​បង្ហូរ​ឬ​បញ្ជូន​មូល​ធន​ទៅ​ក្នុង​ហោ​ប៉ៅ​របស់​មន្ត្រី​មាន​អំណាច​នយោបាយ​ដើម្បី​កេង​ប្រវ័ញ្ច​ទាក់​ទាញ​យក​សំណូក​។ ទី​ពីរ​ អំពើ​ពុក​រលួយ​បង្កើត​ឱ្យ​មាន​ពន្ធ​អត្ថវឌ្ឍន​:ខ្ពស់​ (Highly​ Regressive​ Tax)​ ពោល​គឺ​ការ​បង្កើត​ពន្ធ​ប្រភេទ​នេះ​នឹង​ប៉ះ​ពាល់​ដល់​ចំណូល​របស់​ប្រជា​ពលរដ្ឋ​​​​ ជា​ពិសេស​ពលរដ្ឋ​ដែល​មាន​ប្រាក់​ចំណូល​ទាប​»។

លោក​​បន្ត​ថា៖​​«ក្រៅ​ពី​ប៉ះ​ពាល់​ដល់​សេដ្ឋកិច្ច​ អំពើ​ពុក​រលួយ​ក៏​អាច​បំផ្លាញ​សណ្ដាប់​ធ្នាប់​នយោបាយ​ ដោយ​វា​មាន​ទំនាក់​ទំនង​យ៉ាង​ស្អិត​រមួត​ទៅ​នឹង​ការ​លាង​លុយ​កខ្វក់​របស់​ពួក​ឥស្សរជន​ និង​សហការី​ធ្វើ​ជំនួញ​របស់​ពួក​គេ​​​ ហើយ​វា​ក៏​មាន​ការ​ពាក់​ព័ន្ធ​នឹង​អំពើរ​ពុក​រលួយ​នៃ​ប្រព័ន្ធ​តុលាការ​ និង​ការ​ប្រើ​ប្រាស់​អំ​ណាច​តុលាការ​ជា​ឧបករណ៍​ដើម្បី​ពង្រឹង​អំណាច​របស់​ពួក​ឥស្សរជន​កាន់​អំណាច​ផង​ដែរ​»។

លោក​ស្រី​ Annlouise​ Olofsson​ លេខា​ទី​មួយ​នៃ​ការិយាល័យ​ស្ថាន​ទូត​ស៊ុយអ៊ែត​ប្រចាំ​រាជ​ធានី​ភ្នំពេញ​ បាន​ចូល​រួម​ថ្លែង​ក្នុង​កិច្ច​បើក​កម្ម​វិធី​ដោយ​លោក​ស្រី​បាន​លើក​ឡើង​ថា​ ការ​ចូល​រួម​របស់​សាធារណ:​ជន​ក្នុង​ការ​រាយការណ៍​អំពី​អំពើ​ពុក​រលួយ​ គឺ​ជា​ការ​មួយ​ដ៏​សំខាន់​ក្នុង​ការ​ធា​នា​បាន​នូវ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​។ លោក​ស្រី​បា​ន​បន្ត​ថា​ សេរីភាព​ព័ត៌មាន​ និង​ច្បាប់​ក្នុង​ការ​ទប់​ទល់​នឹង​បញ្ហា​ពុក​រលួយ​ ជា​រឿង​ចាំ​បាច់​ក្នុង​ការ​ទទួល​បាន​នូវ​ព័ត៌មាន​ជាក់​លាក់​ និង​ឯក​សារ​ផ្លូវ​ការ​ដើម្បី​ធ្វើ​ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​លើ​អំពើ​ពុក​រលួយ​ក្នុង​ការ​ធានា​ឱ្យ​បាន​នូវ​គុណភាព​ និង​យុត្តិធម៌​ក្នុង​សង្គម​​។

លោក​ស្រី​​ Annlouise​ Olofsson​ ​«នៅ​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ និង​ឯកសារ​ផ្លូវការ​ដើម្បីពិនិត្យ​មើល​អំពើ​ពុក​រលួយ​ គឺ​យើង​ត្រូវ​ការ​លំហរ​សេរីភាព​សារ​ព័ត៌មាន​ និង​ច្បាប់​ដ៏​ខ្លាំង​ដើម្បី​ទប់​ទល់​នឹង​បញ្ហា​នេះ។​ សិទ្ធិ​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ មាន​លទ្ធភាព​ដើម្បី​ទប់​​​ស្កាត់​​ រក​ឃើញ​ និង​ការពារ​អំពើ​ពុក​រលួយ​ទាំង​ឡាយ​ដែល​កើត​មាន​ក្នុង​សង្គម​»។

កញ្ញា​ ហេង ​សុជា​ ​យុវជន​ស្នូល​ជំនាន់​ទី​ ៥​ របស់​កាហ្វេ​នយោបាយ​​ និង​ជា​អ្នក​សម្រប​សម្រួល​គម្រោង​ស្រ្តី​ និង​យុវជន​ក្នុង​ភាព​ជា​អ្នក​ដឹក​នាំ​ បាន​ចូល​រួម​ជា​វាគ្មិ​ន​ក្នុង​កិច្ច​ពិភាក្សា​ក្រោម​ប្រធាន​បទ​ ​«ការ​ចូល​រួម​ ការ​ការពារ​ និង​លំហរ​សិទ្ធិ​សេរីភាព​» ដោយ​កញ្ញា​បាន​លើក​ឡើង​​ថា​ យុវជន​នៅ​មាន​ភាព​ភ័យ​ខ្លាច​ក្នុង​ការ​ចូលរួម​សកម្មភាព​សង្គម​ មិន​ថា​ជា​សកម្មភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ឬ​សកម្មភាព​អ្វី​ផ្សេង​ឡើយ​ ជាពិសេស​គឺ​ទាក់ទង​នឹង​នយោបាយ​ជាតិ​។

កញ្ញា​បាន​និយាយ​ថា៖​ ‍​«ពួក​គាត់​នៅ​ភ័យ​ខ្លាច​ក្នុង​ការ​ចូល​រួម​ មិន​ថា​ការ​បញ្ចេញ​មតិ​ក្នុង​ការងារ​សង្គម​ ឬ​ក៏​ផ្នែក​ណា​មួយ​សង្គម​​ ពួក​គាត់​ភ័យ​ខ្លាច​នឹង​នយោបាយ​ និង​អត់​ទាន់​យល់​ដឹង​ពី​ការ​ប្រើប្រាស់​សិទ្ធិ​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ហ្នឹង​បែប​ណា​ទេ»​។

អ្នក​សម្រប​សម្រួល​កម្ម​វិធី​មជ្ឈមណ្ឌល​តស៊ូ​មតិ​ និង​​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់​នៃ​អង្គការ​តម្លា​ភាព​កម្ពុជា​ កញ្ញា​ លី​ ស្រី​ស្រស់​ បាន​បន្ថែម​ទៀត​ថា​ មូល​ហេតុ​ដែល​ធ្វើ​ឱ្យ​ការ​ចូល​រួម​របស់​យុវជន​​ទៅ​នឹង​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​មាន​កម្រិត​គឺ​ដោយ​សារ​តែ​ភាព​ភ័យ​ខ្លាច​ និ​ង​ការ​មិន​បានដឹងថាខ្លួនមានសិទ្ធិក្នុងការតាមដានអនុវត្តផែនការនៅតាមឃុំសង្កាត់​របស់​ខ្លួន​។​

កញ្ញា​លើក​ឡើង​ថា៖​ ​«សួរ​ថា​ហេតុ​អ្វី​បាន​គាត់​ខ្លាច​? វា​មាន​ដើម​ចង​មួយ​ចំនួន​នៅ​ក្នុង​ប្រព័ន្ទ​ទាក់ទង​ទៅ​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ហ្នឹង​ ដែល​មិនទាន់​មាន​ប្រព័ន្ធ​ណា​មួយ​គាំទ្រ​ទៅ​លើ​អ្នក​ដែល​ហ៊ាន​រាយ​ការណ៍​អំពី​អំពើ​ពុក​រលួយ​ទេ។​ […]​ ហើយ​អត់​ដឹង​ថា​ខ្លួន​មាន​សិទ្ធិ​ក្នុង​ការ​តាម​ដាន​អនុវត្ត​ផែនការ​នៅ​តាម​ឃុំ​សង្កាត់​ អី​ចឹង​កន្លែង​ហ្នឹង​ហើយ​ ខ្វះ​ការ​ចូល​រួម​របស់​គាត់​ វា​ធ្វើ​ឱ្យ​មាន​ការ​ឆក​ល្វែង​មួយ​ចំនួន​ទៅ​លើ​ការ​អនុវត្ត​គោល​នយោបាយ​ទាំង​ថ្នាក់​ជាតិ​ ទាំង​ថ្នាក់​ក្រោម​ជាតិ​​ អាហ្នឹង​ទី​១»​។

កញ្ញា​ លី​ ស្រីស្រស់​បន្ត​ថា​ ការ​ខ្វះ​​នូវ​​យន្តការណ៍​​ និង​​ច្បាប់​​ដើម្បី​​ការពារ​​បុគ្គល​​រាយការណ៍​​ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយក៏ជាមូលហេតុមួយសំខាន់ដែលធ្វើឱ្យយុវជនមិនមានក្លាហាន​នៅក្នុងការចូលរួម។

​កញ្ញា​ លី​ ស្រីស្រស់​៖ «នៅ​ក្នុង​ការ​ជំរុញ​ឱ្យ​មាន​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ ជំរុញ​ឱ្យ​ពលរដ្ឋ​ចូល​រួម​ហ្នឹង​ គឺ​យើង​នៅ​ខ្វះ​យន្តការណ៍​ ​អីចឹង​យើង​អត់​មាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​ហើយ​ក៏​អត់​មាន​អង្គការ​សង្គម​ស៊ីវិល​ច្រើន​នៅ​​ក្នុង​ការ​ចួលរួម​ ក៏​ដូចជាការ​ធ្វើ​កិច្ច​ការទៅ​លើ​ការ​លើក​កម្ពស់​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ហ្នឹង​។

កញ្ញា​ក៏​បាន​បន្ថែម​ទៀត​ថា​៖ ​«មួយ​​វិញ​ទៀត​ នៅ​ក្នុង​ច្បាប់​ស្តី​ពី​អំពើ​ពុក​រលួយ​ហ្នឹង​យើង​មាន​ការ​ចែង​អំពី​ការ​ធានា​ការ​សម្ងាត់​ទៅ​លើការ​ដែល​ដាក់​ពាក្យ​ ប៉ុន្តែ​យើង​អត់​មាន​ច្បាប់​ការ​ការពារ​បុគ្គល​រាយ​ការណ៍​ទេ​ ឥឡូវ​ហ្នឹង​យើង​កំពុង​មាន​ draft​ law​  ពី​សេចក្តី​ព្រាង​ច្បាប់​នៃ​ការ​ការពារ​ស្រប​ពេល​បណ្តា​​ប្រទេស​ផ្សេង​ទៀត​គឺ​គេ​មាន​»។​

ទន្ទឹម​​ហ្នឹង​​នេះ​​ យុវតី​​​​ សាន់​​ កូនង៉ា​​ អាយុ​​ ២២​​ ឆ្នាំ​ ជា​​និស្សិត​​ផ្នែក​​ច្បាប់​​ឆ្នាំ​​ទី​ ៤​ នៃ​​សាកល​​វិទ្យាល័​យ​​ភូមិន្ទ​​នីតិ​​សាស្រ្ត​​ និង​​វិទ្យា​សាស្រ្ត​​សេដ្ឋកិច្ច​ ដែល​​បាន​​ចូល​រួមក្នុង​​កម្ម​វិធី​នេះ​​បាន​​ប្រាប់​​ Newsroom Cambodia ថា វា​​ពិត​​ជា​​សំខាន់​ខ្លាំង​ណាស់​ដែល​យុវជន​ត្រូ​វ​ចូល​រួម​ប្រ​យុទ្ធ​ប្រ​ឆាំង​នឹង​អំពើ​ពុក​រលួយ​តាមរយ:​ការ​ចូល​រួម​ស្អប់​អំពើ​ពុករលួយ​ និង​ការ​ជំរុញ​ឱ្យ​មាន​ច្បាប់​ការពារ​ជា​ដើម​។

​យុវតី​ សាន់ ​​កូនង៉ា​ បន្ត​ថា​ វា​ជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​កញ្ញា​ផ្ទាល់​ព្រម​ទាំង​យុវជន​ដទៃ​ទៀត​ក្នុង​ការ​ចូល​រួម​ទទួល​យក​ចំណេះដឹង​ពី​សំណា​ក់​វា​គ្មិន​ដែល​សុទ្ធ​សឹង​តែ​ជា​អ្នក​ជំនាញ​ និង​ពោរ​ពេញ​ទៅ​ដោយ​បទ​ពិសោទន៍​ និង​ជា​ឱ​កាស​មួយ​ក្នុង​ការ​ចែក​រំលែក​មតិ​យោបល់​គ្នា​ទៅ​វិញ​ទៅ​មក​ជុំ​វិញ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​។

យុវតី​រូប​នេះ​បាន​និយាយ​ថា​៖ ​​​​​‍​«វា​ពិត​ជា​មាន​សារ:​សំ​ខាន់​ណាស់​បើ​និយាយ​ឱ្យ​ចំ​ទៅ​ ​ព្រោះ​បើ​កាល​ណា​យុវជន​គាត់​អត់​ខ្វល់​ខ្វាយ​ទៅ​នឹង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ទេ​ គាត់​បណ្ដោយ​ឬ​ក៏​គាត់​អត់​ចូល​រួម​សកម្មភាព​មិន​ខ្វល់​ខ្វាយ​ទាល់​តែ​សោះ​នោះ​ ប្រទេស​ជាតិ​យើង​ក៏​ហ្នឹង​ពោរពេញ​ដោយ​ភាព​អាណា​ធិបតេយ្យ​ ហើយ​វា​នឹង​មាន​វិសមភាព​សង្គម​រវាង​អ្នក​មាន​អ្នកក្រ​ ការ​រើស​អើង​អី​ជា​ដើម​»។

បន្ថែម​ពី​នេះ​ទៀត លោក​ ជា​ ភក្ដី​ អាយុ ​២១​ ឆ្នាំ​ ជា​និស្សិត​ឆ្នាំ​ទី​ ៣​ ផ្នែក​ទំនាក់​ទំនង​អន្តរជាតិ​នៃ​សាកល​វិទ្យាល័យ​កម្ពុជា​ ដែល​ជា​យុវជន​ចូល​រួម​កម្ម​វិធី​ដែរ​នោះ​បាន​និយាយ​ថា​ វា​ពិត​ជា​មាន​ប្រយោជន៍​សម្រាប់​យុវជន​នៅ​ក្នុង​ការ​ចូល​រួម​ ព្រោះ​វា​បាន​ពង្រីក​ចំណេះ​ដឹង​របស់​ខ្លួន​ និង​យុវជន​ផ្សេង​ទៀត​ទាក់​ទង​អំពើពុក​រលួយ​បាន​ច្រើន​ជាង​មុន​។

លោក​ ជា​ ភក្ដី​ បាន​ប្រាប់​មក​កាន់​​ Newsroom​ Cambodia​ ថា៖​ ​«ពេល​ខ្ញុំ​មិន​ទាន់​បាន​ចូល​រួម​វគ្គ​បណ្ដុះ​បណ្ដាល​ ខ្ញុំ​មិន​ទាន់​បាន​ចូល​រួម​កម្ម​វិធី​ទិវា​ប្រឆាំង​ហ្នឹង​គឺ​ការ​យល់​ដឹង​ខ្ញុំ​ទាក់​ទង​នឹង​អំពើ​ពុក​រលួយ​គឺ​នៅ​មាន​កម្រិត​ ខ្ញុំ​អាច​យល់​ដឹង​តិច​តួច​ប៉ុណ្ណោះ​ តែ​នៅ​ពេល​យើង​ចូល​ទៅ​បាន​យើង​ដឹង​ថា​អំពើ​ពុករលួយ​វា​អាច​មាន​ច្រើន​ទម្រង់​ ច្រើន​ប្រភេទ​រួម​មាន​ទាំង​ការ​ពុក​រលួយ​ក្នុង​នយោបាយ​អី​ជា​ដើម​ ហើយ​វា​ក៏​ផ្ដល់​ឱកាស​ឱ្យ​ខ្ញុំ​បាន​បង្កើត​ទំនាក់​ទំនង​ និង​ស្គាល់​គេ​​កាន់​តែ​ច្រើន​ដែល​មក​ពី​ស្ថាប័ន​ឬ​អង្គការ​សង្គម​ស៊ីវិល​ផ្សេងៗ​គ្នា»​។

បន្ថែម​ពី​នេះ​ទៀត​ លោក​ក៏​បាន​លើក​ទឹក​ចិត្ត​ដល់​យុវជន​ដទៃ​ទៀត​ចូល​រួម​គ្រប់​សកម្មភាព​របស់​សង្គម​ឱ្យ​បាន​កុះករ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ព្រោះ​ការ​ចូល​រួម​ក្នុង​កម្ម​វិធី​បែប​នេះ​អាច​​​ផ្ដល់​ចំណេះ​ដឹង​ជា​ពីរ​ទៅ​បី​ដង​ពី​អ្វី​ដែល​បាន​រៀន​នៅ​ក្នុង​ថ្នាក់​របស់​ខ្លួន​។

​លោក​បាន​និយាយ​ថា៖ ​«ការ​ចូល​រួម​ក្នុង​កម្ម​វិធី​អី​មួយ​ គឺ​អាច​ស្មើរ​នឹង​ការ​ដែល​យើង​រៀន​ឬ​សិក្សា​ស្រាវ​ជ្រាវ​តាម​អ៊ីនធឺណិត​គុណ​នឹង​ពីរ​បី​ដង​ ដោយ​សារ​យើង​ជួប​ទិដ្ឋភាព​ជាក់​ស្ដែង​ យើង​ទទួល​បាន​បទ​ពិសោទន៍​ យើង​រៀន​ពី​វាគ្មិន​ជាក់​ស្ដែង​ចឹង​អាច​ឱ្យ​យើង​ឆាប់​ចាប់​បាន​ចំណេះដឹង​ជាង​ការ​ដែល​យើង​សិក្សា​ស្រាវ​ជ្រាវ​ ដូចនេះ​ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ដល់​យុវជន​ចូល​រួម​សកម្មភាព​ក៏​ដូច​ជា​កម្ម​វិធី​សង្គម​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើទៅ​​បាន​»៕