កម្លាំងជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​រវៀង​ បាន​បង្ក្រាប​ករណី​រក្សា​ទុក​ ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ កាលពីថ្ងែទី​ ១០ ខែធ្នូ ឆ្នាំ ២០២២។

នៅ​ថ្ងៃ​ទី​០៨​ ខែធ្នូ​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១៥​និង​៣០​នាទី​ នៅ​ចំណុច​ព្រៃ​បារាំង​ ស្ថិត​ក្នុងភូមិ​រំចេក​ ឃុំ​រមណីយ​ ស្រុក​រវៀង​ ខេត្តព្រះវិហារ​ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ លាស់​ វីត​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ មុខរបរ​ ជាង​សិប្បកម្ម​ ស្នាក់​នៅ​បណ្តោះអាសន្ន​ភូមិ​អូរ​ពោធិ៍​ ឃុំ​រមណីយ​ ស្រុក​រវៀង​ខេត្តព្រះវិហារ​។ ក្នុង​នោះ​បានដកហូត​វត្ថុ​តាង​ ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ ចំនួន​០១​កញ្ចប់​,​ ម៉ូតូ​ចំនួន​ ០១​ គ្រឿង​ ម៉ាក​ CB​ ពណ៌​ក្រហម​ ទូរស័ព្ទ​ចំនួន​ ០២​ គ្រឿង​។​ 

ផ្អែក​តាម​ចម្លើយ​សារភាព​របស់​ឈ្មោះ​ លាស់​ វីត​ និង​ការ​ស្រាវជ្រាវ​ស៊ើបអង្កេត​របស់​សមត្ថកិច្ច​ជំនាញ​នៅ​ថ្ងៃ​ទី​០៩​ ខែ​ឆ្នាំ​ដដែល​ វេលា​ម៉ោង​ ១០​និង​៣០​នាទី​ នៅ​ចំណុច​ព្រៃ​ពពេល​ ស្ថិត​ក្នុងភូមិ​ត្រពាំង​ទន្ទឹម​ ឃុំ​រមណីយ​ ស្រុក​រវៀង​ ខេត្តព្រះវិហារ​ សមត្ថកិច្ច​បាន​បន្ត​ស្រាវជ្រាវ​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ សុ​គុណ​ សំណាង​ ហៅ​ ម៉ា​ប់​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ រស់នៅ​ភូមិ​ភ្នំ​ដែក​ ឃុំ​រមណីយ​ ស្រុក​រវៀង​ ខេត្តព្រះវិហារ​ ដកហូត​វត្ថុ​តាង​ ​​ ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ ចំនួន​ ២១​ កញ្ចប់​ ម៉ូតូ​ចំនួន​ ០១​ គ្រឿង​ ម៉ាក​ MSLAZ ​ទូរស័ព្ទ​ដៃ​ចំនួន​ ០១​ គ្រឿង​។​

ផ្អែក​តាម​ចម្លើយ​សារភាព​របស់​ឈ្មោះ​ សុ​គុណ​ សំណាង​ ហៅ​ ម៉ា​ប់​ និង​ការ​ស្រាវជ្រាវ​ស៊ើបអង្កេត​របស់​សមត្ថកិច្ច​ជំនាញ​ នៅ​ថ្ងៃខែ​ឆ្នាំ​ដដែល​ វេលា​ម៉ោង​១២​និង​៣០​នាទី​ នៅ​ចំណុច​បន្ទប់​ជួល​ (​រំដេង​)​ ស្ថិត​ក្នុងភូមិ​ត្រពាំង​ទន្ទឹម​ ឃុំ​រមទម​ ស្រុក​រវៀង​ ខេត្តព្រះវិហារ​ ​បាន​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ០៤​ នាក់​ បន្ថែម​ទៀត។​

ក្នុង​នោះ​បានដកហូត​វត្ថុ​តាង ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ ចំនួន​ ០១​ កញ្ចប់​, ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក​ប្រភេទ​ (WY)​ ចំនួន​ ២០៨​ គ្រាប់​, ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន​ ០១​ គ្រឿង​ និងទូរស័ព្ទ​ចំនួន​ ០៣​ គ្រឿង​។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​ ០៦​នាក់​ និង​វត្ថុ​តាង​ ត្រូវ​បាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​ប​ញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី​៕