កំពុងដែលឈរមើលសៀវភៅជាច្រើនតាមស្តង់ពិពណ៍ លោក លេង ស៊ីដែន និស្សិតឆ្នាំទី២ ជំនាញវិស្វកម្មម៉ាញេទិច នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បាននិយាយថា លោកចង់ឱ្យយុវជនងាកមកការអានសៀវភៅវិញ ពីព្រោះសៀវភៅជាតម្លៃដ៏សំខាន់មួយសម្រាប់មនុស្សម្នាក់ៗ។
លោកថា៖ «សៀវភៅគឺមានសារៈសំខាន់ខ្លាំង ហើយសម័យឥឡូវដោយសារតែបច្ចេកវិទ្យាដើរខ្ពស់ទៀត វាអាចថាពួកគាត់ប្រើបច្ចេកវិទ្យាច្រើនដូចជាការមើលទូរស័ព្ទច្រើន ខ្ញុំចង់ឱ្យពួកគាត់ងាកពីការប្រើប្រាស់ទូរស័ព្ទហ្នឹង មកចូលរួមការអានសៀវភៅវិញពីព្រោះការអានសៀវភៅជាតម្លៃសម្រាប់មនុស្សម្នាក់ៗ។»
លោកបានបន្ថែមថា ការអានសៀវភៅផ្តល់គឺល្អជាងការអានលើប្រព័ន្ធអេឡិចត្រូនិច ពីព្រោះលោកយល់ថាវាមិនសូវប៉ះពាល់ភ្នែក និងមិនមានអារម្មណ៍ធុញក្នុងពេលអានសៀវភៅ។

រូបថត៖ ស៊ឹម ចាន់សំណាង
លោកថា៖ «ការអានសៀវភៅផ្តល់គឺល្អជាងពីព្រោះវាជាក្រដាស វាមិនសូវជាប៉ះពាល់ភ្នែកយើងច្រើនទេ ហើយណាមួយវាអត់សូវធុញដូចជាងការអានលើអេឡិចត្រូនិច បើអានលើអេឡិចត្រូនិចអាចប៉ះពាល់ភ្នែក ហើយណាមួយយើងអាចនឹងបែកអារម្មណ៍ទៅលេងកម្មវិធីអ្វីផ្សេងៗ ដូចជាលេងហ្គេម។»
កម្មវិធីតាំងពិពណ៍ថ្នាក់ជាតិលើកទី៩ ដែលមានទីតាំងនៅបណ្ណាល័យជាតិ បានប្រារព្ធឡើងរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២២។ កម្មវិធីពិពណ៍សៀវភៅថ្នាក់ជាតិនេះត្រូវបានអាក់ខានអស់រយៈពេល២ឆ្នាំ ក្រោយមានការរាតត្បាតជំងឺកូវីដ១៩។
យុវតីវ័យក្មេងម្នាក់ដែលកំពុងដើរមើលតាមស្តង់សៀវភៅជាមួយមិត្តភក្តិ កញ្ញា គឹម គិនបញ្ញាពេជ្រ និស្សិតឆ្នាំទី១ ជំនាញពាណិជ្ជកម្មអន្តរជាតិ នៃសកលវិទ្យាល័យកម្ពុជា បានលើកឡើងថា ការអានសៀវភៅជាចំណេះដឹងមួយដែលភ្ជាប់ទាក់ទងនឹងមេរៀនជីវិត និងការស្រមោលស្រមៃក្នុងការរស់នៅប្រចាំថ្ងៃ។
កញ្ញាថា៖ «សៀវភៅគឺវាផ្តល់សារៈសំខាន់ច្រើនមែនទែន ចំណេះដឹងដែលយើងបានមកពីសៀវភៅពីការអានវាខុសគ្នាពីការស្តាប់ ហើយដោយសារតែការអានយើងប្រើប្រាស់ទាំងការយល់ឃើញ ទាំងការស្រមោលស្រមៃរបស់យើង ហើយការអានសៀវភៅវាផ្តល់ចំណេះដឹងដែលទាក់ទងជាមួយនឹងមេរៀនជីវិត ទាំងការរស់នៅប្រចាំថ្ងៃដូចគ្នា»។
កញ្ញាបានបន្តថា មានមនុស្សជាច្រើនដែលចង់អានសៀវភៅប៉ុន្តែពួកគេមិនដឹងគួរចាប់ផ្តើមពីណា។ កញ្ញាក៏បញ្ជាក់ថា ពួកគេគួរតែកត់ត្រាមេរៀន ឬចំណេះដឹងទាំងនោះទុកសម្រាប់ប្រើប្រាស់។

រូបថត៖ គឹម ជីលីន
មន្រ្តីព័ត៌មានវិទ្យា [IT] នៃក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ លោក សៀង សង្ខារិទ្ធ បាននិយាយថា ការអានសៀវភៅគឺជាការបណ្តុះគ្រាប់ពូជដ៏សំខាន់ ហើយលោកមើលឃើញថាការមិនអានសៀវភៅធ្វើឱ្យចំណេះដឹងត្រូវបានកប់។
លោកថា៖ «ការអានសៀវភៅគឺជាការបណ្តុះគ្រាប់ពូជសម្រាប់គាត់រហូតទៅ ប្រសិនជាគាត់អត់អានទេចំណេះដឹងជាច្រើនដែលនៅក្នុងសៀវភៅនឹងត្រូវបានកប់ទុកហើយ។ ប្រសិនបើគាត់នៅតែលេងល្បែងតាមរយៈទូរស័ព្ទ ឬអ្វីមួយហ្នឹង អ៊ីចឹងគ្រាប់ពូជមួយហ្នឹងកាន់តែស្អុយទៅៗហើយ គេអាចនឹងមិនដុះ ឬកប់ទុកយូរទៅ។»
កញ្ញា សុខសាន្ត រតនៈពេជ្រ ក្រុមការងាររៀបចំកម្មវិធីពិពណ៍សៀវភៅ បាននិយាយមកកាន់ Newsroom Cambodia ថា កម្មវិធីពិពណ៍សៀវភៅឆ្នាំនេះគឺ «មួយថ្ងៃអាន មួយថ្ងៃដឹង» ហើយការធ្វើឡើងនេះដើម្បីពង្រឹងការអានក្នុងប្រទេសកម្ពុជា។
កញ្ញាថា៖ «កម្មវិធីពិពណ៍ឆ្នាំហ្នឹងគឺ មួយថ្ងៃអាន មួយថ្ងៃដឹង ហើយពួកយើងធ្វើរាល់ឆ្នាំដើម្បីពង្រឹងការអានក្នុងប្រទេសកម្ពុជា ជាពិសេសក្មេងៗដើម្បីពង្រឹងការអានរបស់គាត់មិនវ័យក្មេង ឬក៏ចាស់ទេនិយាយទៅគឺពង្រឹងគ្រប់ស្រទាប់អាយុទាំងអស់។»
កញ្ញាបានបញ្ជាក់ កម្មវិធីតាំងពិពណ៍សៀវភៅនេះមានការដាក់តាំងសៀវភៅជាច្រើនប្រភេទដែលជាតម្រូវការសម្រាប់យុវជន ហើយកញ្ញាក៏សង្ឃឹមថាមានកម្មវិធីនេះនឹងមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់មហាជន។
កញ្ញាថា៖ «ពួកយើងសង្ឃឹមដោយសារតែពួកយើងខំប្រឹងខ្លាំងមែនទែនតាំងពី pre-event [មុនចាប់ផ្តើមកម្មវិធី] មកដល់ថ្ងៃនេះ ហើយយើងនៅតែមើលឃើញថាស្រទាប់យុវវ័យឥឡូវចូលចិត្តអានសៀវភៅច្រើន។ ដូចេ្នះយើងព្យាយាមរកអ្វីដែលជាតម្រូវការរបស់គាត់ទៅលើសៀវភៅឬក៏ការលេងហ្គេមកំសាន្តទៅលើ Knowledge [ចំណេះដឹង] ហ្នឹង ដូចដែលថ្ងៃទី១ វាដំណើរការរលូនអ៊ីចឹងសង្ឃឹមថា២ថ្ងៃបន្ទាប់មកទៀត ពួកយើងនឹងខិតខំឱ្យខ្លាំងជាងហ្នឹងដើម្បីទទួលភ្ញៀវមកចូលរួមក្នុងផ្ទះយើង អ៊ីចឹងសង្ឃឹមថាជោគជ័យដូចឆ្នាំមុនៗដែរ។»
ត្រឡប់ទៅ លោក សៀង សង្ខារិទ្ធ វិញ បានលើកឡើងថា ការអានប្រៀបបាននឹងការលើកកម្ពស់កវីនិពន្ធសៀវភៅ ប៉ុន្តែប្រសិនបើមិនមានការលើកទឹកចិត្តនោះទេវានឹងមានការថមថយ។

រូបថត៖ គឹម ជីលីន
«ការលើកកម្ពស់អ្នកសរសេរសៀវភៅរបស់កវីនិពន្ធ គាត់អាចនឹងថមថយទៅវិញដែរ ទឹកចិត្តរបស់គាត់ដែលគាត់ខំប្រឹងសរសេរគិតដើម្បីបានជាគំនិតល្អមួយយកមកចែករំលែកហើយយើងមិនទទួលការចែករំលែករបស់គាត់វិញទៀត។»