ក្រសួងទេសចរណ៍ត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះ វេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ក្រោមប្រធានបទ‍ «ការគិតគូឡើងវិញពីភាពធន់ និងប្រព័ន្ធឌីជីថលក្នុងវិស័យទេសចរណ៍» ដើម្បីស្ដារឡើងវិញនូវវិស័យទេសចរណ៍ និងជំរុញផ្សព្វផ្សាយគោលដៅទេសចរណ៍ឱ្យកាន់តែផុសផុលបន្ថែមទៀត ចាប់ថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ខាងមុខ នៅខេត្តព្រះសីហនុ។

ក្នុងការផុស្ដរបស់ក្រសួងទេសចរណ៍បានបញ្ជាក់ថា អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្ដរជាតិលោកថោង រដ្ឋសក្ដិ បានថ្លែងថា សម្រាប់កម្ពុជា នឹងយកវេទិការនេះដើម្បីផ្សព្វផ្សាយសម្រាប់យុទ្ធការទស្សនាកម្ពុជាឆ្នាំ២០២៣(Visit Cambodia Year 2023) និងការធ្វើជាម្ចាស់ផ្ទះនៃប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ (32th Sea Games and 12th Para Games 2023)។

លោកថោង រដ្ឋសក្ដិបានបន្ថែមថា៖ «ការរៀបចំវេទិកាទេសចរណ៍មេគង្គ ឆ្នាំ២០២៣ ធ្វើឡើងក្នុងគោលបំណង ដើម្បីចូលរួមចំណែកក្នុងការស្ដារឡើងវិញវិស័យទេសចរណ៍ និងផ្សព្វផ្សាយជំរុញគោលដៅទេសចរណ៍របស់ប្រទេសមហាអនុតំបន់( Great Mekong Sub-region) ឱ្យកាន់តែផុសផុលថែមទៀត»។

អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុលោក មីន កុម្ភៈថា ក្រសួងទេសចរណ៍តែងតែយកចិត្តទុកដាក់លើការអភិវឌ្ឍន៍វិស័យទេសចរណ៍ ខេត្តព្រះសីហនុ ការអភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្មីៗ ការរៀបចំគោលដៅទស្សនា និងការរៀបចំព្រឹត្តិការណ៍សំខាន់ៗនានា ដែលចាប់ផ្ដើមពីថ្ងៃទី៩ ដល់ទី១៤ ខែធ្នូ ឆ្នាំ២០២៣ ហើយខេត្តព្រះសីហនុនឹងរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រ ជុំទី៣ លើកទី៩ និងការរៀបចំមហាសន្និបាតក្លឹបឆ្នេរសមុទ្រស្អាតជាងគេលើពិភពលោកផងដែរ។

លោកមីន កុម្ភៈបន្ថែមថា៖« ខេត្តព្រះសីហនុ មានកិត្តិយសធ្វើជាម្ចាស់ផ្ទះវេទិការទេសចរណ៍មេគង្គឆ្នាំ២០២៣ ដែលនឹងទទួលភ្ញៀវជាតិ និងអន្តរជាតិដោយផ្ទាល់ប្រមាណ២០០រូប ហើយរដ្ឋបាលខេត្តព្រះសីហនុបានត្រៀមខ្លួនជាស្រេចគ្រប់រូបភាព ដើម្បីជ្រោមជ្រែងកម្មវិធីខាងលើឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានផ្លែផ្កា»។

គួរបញ្ជាក់ថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតលើកទី១៦ ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ចាប់ពីថ្ងៃ៩-១៤ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ដោយពិធីមហាសន្និបាត នឹងប្រារព្វឡើងនាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕