ប្រាក់របបសន្តិសុខសង្គមលើកទី ១ ប្រចាំខែធ្នូ ឆ្នាំ២០២២ នឹងត្រូវផ្ដល់ជូនដល់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនដែលរស់នៅតាមបណ្ដារាជធានី/ខេត្ត តាមប្រព័ន្ធធនាគារអេស៊ីលីដា ភីអិលស៊ី និងធានាគារកាណាឌីយ៉ា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២២។
យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់បេឡាជាតិអតីតយុទ្ធជននាព្រឹកថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២២ នេះបានជូនដំណឹងថា ប្រាក់របបសន្តិសុខសង្គមលើកទី ១ ប្រចាំខែធ្នូ ឆ្នាំ២០២២ នឹងត្រូវបានបើកផ្ដល់ជូនចំពោះអតីតយុទ្ធជនគ្រប់ប្រភេទ និងគ្រួសារអតីតយុទ្ធជននៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២២ តាមប្រព័ន្ធធនាគារអេស៊ីលីដា ភីអិលស៊ី និងធានាគារកាណាឌីយ៉ាទូទាំងប្រទេស។
ក្នុងសេចក្ដីជូនដំណឹងដដែលនេះបានបញ្ជាក់ថា៖ «សម្រាប់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជននៅរាជធានីភ្នំពេញ អាចបើកបាននៅធនាគារកាណាឌីយ៉ា ក.អ ចំណែកឯអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជននៅ ២៤ ខេត្តផ្សេងទៀត អាចបើកបាននៅធនាគារអេស៊ីលីដា ភីអិលស៊ី ទូទាំងប្រទេស»។
បេឡាជាតិអតីតយុទ្ធជន ក៏បានធ្វើការបញ្ចាក់បន្ថែមផងដែរថា ក្នុងការបើកប្រាក់របបសន្តិសុខសង្គមនេះ អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនទាំងអស់ត្រូវយកភ្ជាប់មកជាមួយនូវសៀវភៅគណនី និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឬកាតអេធីអឹម (ATM) នៅតាមទូរអេធីអឹម (ATM) របស់ដៃគូខាងលើនៅទូទាំងប្រទេស៕