ប្រាក់​របប​សន្តិ​សុខ​សង្គម​លើក​ទី​ ១​ ប្រចាំ​ខែ​ធ្នូ​ ឆ្នាំ​២០២២​ នឹង​ត្រូវ​ផ្ដល់​ជូន​ដល់​អតីត​យុទ្ធជន​ និង​គ្រួសារ​អតីត​យុទ្ធ​ជន​ដែល​រស់​នៅ​តាម​បណ្ដា​រាជ​ធានី​/ខេត្ត​ តាម​ប្រព័ន្ធ​ធនាគារ​អេស៊ីលីដា​ ភីអិលស៊ី​ និង​​ធានាគារ​កាណាឌីយ៉ា​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​ ១៤​ ខែធ្នូ​ ឆ្នាំ​២០២២​។

យោង​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​បេឡាជាតិ​អតីត​យុទ្ធជន​នា​ព្រឹក​ថ្ងៃ​ទី​ ១៣​ ខែ​ធ្នូ​​ ឆ្នាំ​២០២២​ នេះ​បាន​ជូន​ដំណឹង​ថា​ ប្រាក់​របប​សន្តិសុខ​សង្គម​លើក​ទី​ ១​ ប្រចាំ​ខែ​ធ្នូ​ ឆ្នាំ​២០២២​ នឹង​ត្រូវ​បាន​បើក​ផ្ដល់​ជូន​ចំពោះ​អតីត​យុទ្ធជន​គ្រប់​ប្រភេទ​ និង​គ្រួសារ​អតីត​យុទ្ធជន​នៅ​ថ្ងៃ​ទី​ ១៤​ ខែ​ធ្នូ​ ឆ្នាំ​២០២២​ តាម​ប្រព័ន្ធ​ធនាគារ​អេស៊ីលីដា​ ភីអិលស៊ី​ និង​​ធានាគារ​កាណាឌីយ៉ា​ទូទាំង​ប្រទេស​។

ក្នុង​សេចក្ដី​ជូន​ដំណឹង​ដដែល​នេះ​បាន​បញ្ជាក់​ថា៖​ ​«សម្រាប់​អតីត​យុទ្ធជន​ និង​គ្រួសារ​អតីត​យុទ្ធជន​នៅ​រាជ​ធានី​ភ្នំពេញ​ អាច​បើក​បាន​នៅ​ធនាគារ​កាណាឌីយ៉ា​ ក.​អ​ ចំណែក​ឯ​អតីត​យុទ្ធជន​ និង​គ្រួសារ​អតីតយុទ្ធ​ជន​នៅ​ ២៤​ ខេត្ត​ផ្សេង​ទៀត​ អាច​បើក​បាន​នៅ​ធនាគារ​អេស៊ីលីដា​ ភីអិលស៊ី​ ទូទាំង​ប្រទេស​»។

បេឡាជាតិ​អតីត​យុទ្ធជន​ ក៏​បាន​ធ្វើ​ការ​បញ្ចាក់​បន្ថែម​ផង​ដែរថា​ ក្នុង​ការ​បើក​ប្រាក់​របប​សន្តិសុខ​សង្គម​នេះ ​អតីត​យុទ្ធជន​ និង​គ្រួសារ​អតីតយុទ្ធជន​ទាំង​អស់​ត្រូវ​យក​ភ្ជាប់​មក​ជាមួយ​នូវ​សៀវភៅ​គណនី​ និង​អត្ត​សញ្ញាណ​ប័ណ្ណ​​សញ្ជាតិ​ខ្មែរឬកាត​អេធីអឹម​ (ATM)​ នៅ​តាម​ទូ​រ​អេធីអឹម​ (ATM)​​ របស់​ដៃ​គូ​ខាង​លើ​នៅ​ទូទាំង​ប្រទេស​៕