ព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ ខេត្តបាត់ដំបងនឹងរៀបចំឡើងនៅថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ១៥:០០ នាទីរសៀលដើម្បីអបអរសាទរពិធីបុណ្យឆ្លងឆ្នាំសកលឆ្នាំ ២០២២-២០២៣ ដែលមានទីតាំងចាប់ពី សួននាគបាញ់ទឹក ដល់មុខអគារសាលាខេត្តចាស់។
យោងតាមការបង្ហោះសារអមដោយរូបភាព លើទំព័រហ្វេសប៊ុកផ្លូវការរបស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង នៅថ្ងៃអង្គារ បានឱ្យដឹងក្នុងន័យដើមថា៖ «នៅរសៀលថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០២២ នៅសាលាខេត្តបាត់ដំបង លោក អ៊ុច អ៊ុំភីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង និងមន្ត្រីជំនាញ បានចូលរួមកិច្ចប្រជុំឆ្លងកម្មវិធីព្រឹត្តិការណ៍ម្ហូបអាហារខេត្តបាត់ដំបង ក្រោមអធិបតីភាពឯកត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង»។
ក្នុងខ្លឹមសារដែលបានបង្ហោះបានបញ្ជាក់បន្ថែមថា មាតិកានៃព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារនេះ បែងចែកជា ៨មាតិកា ក្នុងនោះរួមមាន ផែនការរួម ការបែងចែកតំបន់ ការសម្តែងរបាំ និងទស្សនីយភាព បញ្ចីរមុខម្ហូបបាត់ដំបង សំលៀកបំពាក់ សម្ភារៈប្រើប្រាស់ តំបន់ថតរូប(ផ្ទះបាយខ្មែរ) និងប្លង់បង្ហាញទីតាំង៕