ការដាក់បញ្ចូលតំបន់សមុទ្រជាសមាជិកក្លិបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោក ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការប្រកួតប្រជែងខ្ពស់ ព្រមទាំងចាត់ទុកជាតំបន់ឆ្នេរធម្មជាតិដ៏ទាក់ទាញបំផុតរបស់កម្ពុជា។

នៅក្នុងពិធីបិទមហាសន្និបាតលើកទី១៦របស់ក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួង​ដែនដី និង​នគរូបនីយកម្ម​ បានលើកឡើងថា ការចូលជាសមាជិកក្លិបឆ្នេរសមុទ្រលើពិភពលោកនេះ បានធ្វើឱ្យតំបន់ឆ្នេរកម្ពុជាបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញវិនិយោគសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងត្រូវបានចាត់ទុកថាជាគោលដៅទេសចរណ៍ធម្មជាតិដ៏មានភាពទាក់ទាញ និងប្រកបដោយភាពប្រកួតប្រជែងខ្ពស់នៅកម្ពុជា និងក្នុងតំបន់ ព្រមទាំងជាទេសចរណ៍ដ៏ធំ បន្ទាប់តំបន់បេតិកភណ្ឌវប្បប្រវត្តិសាស្ត្រ សៀមរាប-អង្គរ និងរាជធានីភ្នំពេញ ពិសេសខេត្តព្រះសីហនុដែលត្រូវរាជរដ្ឋាភិបាលកំណត់ជា «តំបន់សេដ្ឋកិច្ចពហុបំណង»។

លោកបានបន្ថែមថា៖ «ការចូលជាសមាជិកក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ពិតជាជំរុញឱ្យមានរបត់ថ្មីនៃការប្រែមុខមាត់ជាបន្ដបន្ទាប់របស់តំបន់សមុទ្រកម្ពុជា ទាំងលើទិដ្ឋភាពសង្គម-សេដ្ឋកិច្ច ទេសចរណ៍ នគរូបនីយកម្ម និងបរិស្ថាន ដែលជាកត្តាកំណត់លើការទទួលស្គាល់ជាអន្ដរជាតិនៃឆ្នេរសមុទ្រកម្ពុជា»។

លោកជា សុផារ៉ា ក៏បានស្នើឱ្យមានការអនុវត្តឱ្យបានហ្មត់ចត់នូវធម្មនុញ្ញឆ្នេរនេះ ដោយត្រូវយកចិត្តទុកដាក់ជំរុញឱ្យមានការចូលរួមពីប្រជាពលរដ្ឋ និងអាជ្ញាធរក្នុងតំបន់ឆ្លើយតបទៅទស្សនទាន «រួមគិត រួមធ្វើ រួមទទួលខុសត្រូវ» និងបានអំពាវនាវឱ្យអាជ្ញាធរគ្រប់គ្រងតំបន់ឆ្នេរសមុទ្រយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍ និងអភិរក្សធនធានសមុទ្រ និងថែរក្សាឆ្នេរសមុទ្រឱ្យស្អាត និងខិតខំដោះស្រាយបញ្ហាប្រឈមនានានៅតាមតំបន់ឆ្នេរ។

គួររំលឹកដែរថា កាលពីឆ្នាំ២០១៨ លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍​ បានលើកឡើងថា ក្នុងរយៈពេល១០ខែ ក្នុងឆ្នាំ២០១៨ មានភ្ញៀវទេសចរណ៍អន្ដរជាតិជាង៧៧ម៉ឺននាក់ បានមកទស្សនាតំបន់ឆ្នេរសមុទ្រនៅកម្ពុជា ក្នុងកំណើន២៦,៩ភាគរយ៕