ក្រុមអង្គការសង្គមស៊ីវិលជិត២០ស្ថាប័ន ស្នើដល់រាជរដ្ឋាភិបាលដាក់ចេញវិធានការជាក់លាក់ អនុសាសន៍ដែលបានចែងនៅក្នុងសេចក្ដីអង្កេតសន្និដ្ឋានរបស់គណ:កម្មាធិការនៃអង្គការសហប្រជាជាតិទទួលបន្ទុកអនុសញ្ញា ស៊ី-ដ នៅក្នុងយុទ្ធនាការ១៦ថ្ងៃ និងទិវាសិទ្ធិមនុស្សអន្ដរជាតិឆ្នាំ២០២២ ដើម្បីលើកកម្ពស់សិទ្ធិមនុស្សនិងលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្ដ្រី។
ក្រុមអង្គការសង្គមស៊ីវិលដែលស្នើក្នុងនោះមានសមាគមអ្នកបម្រើការងារតាមផ្ទះ សមាគមគាំពារស្ដី្រងាយរងគ្រោះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាជាដើម ក្នុងសេចក្ដីថ្លែងការណ៍ចេញថ្ងៃទី១៣ខែធ្នូ ឆ្នាំ២០២២ ក្រុមអង្គការទាំងនោះលើកឡើងថា អនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្រី្ដ(NGO CEDAW) និងអង្គការសង្គមស៊ីវិលជាដៃគូ កំពុងចេញផ្សាយនៅរបាយការណ៍តាមដានអនុវត្តអនុសញ្ញាស៊ី-ដ សម្រាប់ឆ្នាំ២០២១។
របាយការណ៍បានលើកយកនូវចំណុចជោគជ័យ និងបញ្ហាខ្វះចន្លោះរបស់រដ្ឋាភិបាល ចំពោះការអនុវត្ដអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងស្រ្ដី(អនុសញ្ញា ស៊ី-ដ) ក្នុងអំឡុងឆ្នាំ២០២១។
នៅក្នុងការអនុវត្តសេចក្តីអង្កេតសន្និដ្ឋានចុងក្រោយរបស់គណៈកម្មាធិការស៊ី-ដ និងការធានាថាគ្រប់ស្ត្រី និងអ្នកដែលមិនកណត់អត្តសញ្ញណយេនឌ័រទាំងអស់ទទួលបានយ៉ាងពេញលេញនូវសិទ្ធិមនុស្សរបស់ពួកគេ។ «ទី១ អំពាវដល់រដ្ឋាភិបាលធានាឱ្យមានយន្តការច្បាប់មួយសម្រាប់អនុតវត្តសិទ្ធិរបស់ស្រ្តីនៅក្នុងរដ្ឋធម្មនុញ្ញ និងអនុសញ្ញាស៊ី-ដ និងលុបចោលនូវររាល់មាត្រាទាំងអស់នៅក្នុងច្បាប់ដែលចូលជាធរមានដែលមិនស្របគ្នាទៅនឹងសិទ្ធិទាំងនោះ និងឱ្យដំណើរការការសិក្សាវិភាគជាប្រចាំអំពីយេនឌ័រនៅគ្រប់សេចក្តីព្រាងច្បាប់ ឬគោលនយោបាយ។
ទី២ នៅតែអំពាវនាវឱ្យមានបម្រុងថវិកាជំនួយរយ:ពេលវែងចេញពីថវិកាជាតិសម្រាប់អនុវត្តការងារ បញ្ជ្រាបយេនឌ័រ ប្រយោជន៍បង្កើនសមភាពយេនឌ័រលើគ្រប់វិស័យ។ ទី៣ ស្នើឱ្យមានកិច្ចប្រឹងប្រែងជាក់លាក់ ដើម្បីប្រយុទ្ធប្រឆាំងនិងផ្នត់គំនិតដែលថាការសម្រុះសម្រួលក្នុងករណីនៃអំពើហិង្សាលើដៃគូស្និតស្នាល គឺជាលទ្ធផលដែលសមស្រប។
រដ្ឋាភិបាលចាំបាច់គួរតែធ្វើសកម្មភាពច្បាស់លាស់ក្នុងការធ្វើវិសោធនន៍កម្ម និងពង្រឹងច្បាប់ស្តីពី ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ ដើម្បីឆ្លុះបញ្ចាំងថាសិទ្ធិនៃអ្នកនៅរស់រានជីវិតពីអំពើហិង្សាស្របទៅតាមជម្រើសពួកគេក្នុងការទទួលបានដំណោះស្រាយប្រកបដោយប្រសិទ្ធិភាព និងយុត្តិធម៌»។
«ទី៤ នៅតែបន្ដទទូចស្នើឱ្យផ្ដល់សច្ចាប័នលើអនុសញ្ញារបស់អង្គការពលកម្មអន្តរជាតិខាងផ្នែកការងាររលេខ ១៩០ ស្ដីពី ការលុបបំបាត់អំពើហិង្សា និងការបៀតបៀនក្នុងពិភពការងារ និងការដោះស្រាយសម្រាប់គ្រប់ទម្រង់នៃការបៀតបៀន។ទី៥ បន្តស្នើឱ្យបណ្ដុះបណ្ដាលដល់ភ្នាក់ងារសន្តិសុខទាំងអស់ដែលគាំទ្រដោយរដ្ឋ ឬរដ្ឋបាលរាជធានី ខេត្ត រួមមានអ្នកគ្រប់គ្រង និងអ្នកចាត់ចែងផ្ទាល់របស់ពួកគេអំពីរបៀបនៃការប្រាស្រ័យទាក់ទងជាមួយសាធារណៈជន និងជាពិសេសស្រ្ដីក្រុមអ្នកតវ៉ា និងសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ តាមបែបអហិង្សា និងប្រកបដោយឥរិយាបថគិតគូអំពីយេនឌ័រ និងឱ្យបុគ្គលិកដែលរងការចោទប្រកាន់ពីបទប្រព្រឹត្តហិង្សា និងបៀតបៀនទទួលខុសត្រូវចំពោះទង្វើពួកគេ។
ទី៦ ស្នើឱ្យផ្ដល់ធនធានថវិកាជាតិដើម្បីធានាថាស្រ្ដី និងបុគ្គលអ្នកដែលមិនកំណត់អត្តសញ្ញាណយេនឌ័រទទូលបានការថែទាំសុខភាពផ្លូវភេទ និងសុខភាពបន្តពូជបានត្រឹមត្រូវ រួមមានការថែទាំសុខភាពមុនពេលសម្រាល និងយុទ្ធនាការចាក់វ៉ាក់សាំងដល់ស្រ្ដីមានផ្ទៃពោះទាំងអស់ដើម្បីកាត់បន្ថយអត្រាមរណភាពមាតា និងទារក»។
លោកស្រី ស ស៊ីណែត អនុប្រធាននាយកដ្ឋានការពារផ្លូវច្បាប់បាននិយាយថា ទាក់ទងនឹងច្បាប់ស្ដីពីការការចូលរួមនិងការទប់ស្កាត់ការរើងអើងប្រឆាំងនឹងនារីភេទក៏ដូចជាអនុសញ្ញាស៊ី-ដ សម្រាប់ក្រសួងកិច្ចការនារីក៏ដូចជាក្រុមប្រឹក្សាសកម្មភាពដើម្បីស្រ្ដី គេហៅក្រុមប្រឹក្សាជាតិដើម្បីស្រ្ដី គាត់មានតួនាទីក្នុងការរៀបចំរបាយការណ៍ទៅអង្គការសហប្រជាជាតិ ហើយការរៀបចំរបាយការណ៍របស់គាត់បានផ្ដល់ធាតុចូលនៃការផ្ញើចេញដោយក្រសួងពាក់ព័ន្ធចំនួនដែលស្របតាមមាត្រារបស់អនុសញ្ញាស៊ី ដ។
លោកស្រីថា «ជា រៀងរាល់៥ឆ្នាំ មានន័យថាយើងតែងរៀបចំរបាយការណ៍នេះទៅអង្គការសហប្រជាជាតិ ហើយអ្វីដែលយើងបានពីរបាយការណ៍នេះគឺអ្នកផ្ដល់ជូនគឺក្រសួងពាក់ព័ន្ធទាំងអស់ដែលជាអ្នកផ្ដល់ជូនទៅក្រុមប្រឹក្សាជាតិដើម្បីស្រ្ដី ហើយចំណុចមួយទៀតគួរតែមានបង្កើតច្បាប់ដាច់ដោយឡែកដែលទាក់ទងទៅនឹងការរើសអើងតាមពិតអនុសញ្ញានឹងគឺក្ដោបរួមទាំងអស់ហើយ គ្រាន់ថានៅក្នុងប្រទេសកម្ពុជាយើងក៏យើងបានរៀបចំឱ្យមានច្បាប់និងកិច្ចការពារផ្ដល់សិទ្ធិទៅដល់ស្រី្ដផងដែរ ដោយអនុឡោមទៅនឹងរដ្ឋធម្មនុញ្ញក៏ដូចជានៅក្នុងអនុសញ្ញាស៊ី ដ របស់យើងផងដែរ»។
«ហើយច្បាប់ទាំងអស់នោះមានដូចជាក្រមព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី ទាក់ទងនឹងច្បាប់ការងារ ទាក់ទងជាមួយនឹងជាមួយសិទ្ធិរបស់ជនពិការអីផ្សេងៗទៀត យើងមានទាំងអស់ហើយ ហើយកត់សម្គាល់មួយទៀតគឺទាក់ទងអនុសញ្ញាសិទ្ធិជនពិការក៏គេបានធ្វើ ទាក់ទងជាមួយការលុបបំបាត់រាល់ទម្រង់រើសអើងទៅស្រ្ដីក៏ដូចក្មេងស្រីពិការភាពផងដែរ»។
លោកស្រីបានបន្តទៀតថា ក្រសួងកិច្ចការនារីអ្វីបានធ្វើ ទីមួយក្រោមការសម្របសម្រួលរបស់ក្រុមប្រឹក្សាជាតិដើម្បីស្ដ្រីតែងតែរៀបចំរបាយការណ៍ដាក់ជូនទៅអង្គការសហប្រជាជាតិ ហើយរបាយការណ៍ទាំងអស់នោះគឺប្រមូលធាតុចូលពីក្រសួងពាក់ព័ន្ធសំខាន់ៗដែលជាអ្នកផ្ញើមក។
ទីពីរ ក្រសួងកិច្ចការនារីមានតួនាទីក្នុងការចូលរួមផ្សព្វផ្សាយក៏ដូចជាផ្ដល់កិច្ចការពារទៅដល់ស្ដ្រីនឹងក្មេងស្រីដែលគាត់ទទួលរងគ្រោះដោយអំពើហិង្សា ហើយសម្រាប់ការចូលរួមទប់ស្កាត់និងការផ្ដល់កិច្ចការពារនេះ ក្រសួងធ្វើជាច្រើនតាមរយ:យុទ្ធនាការក៏ដោយ យុទ្ធនាការឌីជីថលក៏ដោយ តាមរយ:ការផ្សាយផ្ទាល់ក៏ដោយ តាមរយ:ការបង្កើតទាំងរូបភាពឬទាក់ទងជាមួយនិងការបង្កើតសម្ភារ:ផ្សេងៗ ធានាយ៉ាងណាការបង្កើតសម្ភារ:ខិតប័ណ្ណទាំងអស់នេះត្រូវតែចូលរួមផ្សព្វផ្សាយគោលដៅធំបំផុតគឺទប់ស្កាត់អំពើហិង្សាលើស្រ្ដីនិងក្មេងស្រី។
លោកស្រីថា «ក្រសួងកិច្ចការនារីគឺយើងបានដើរទៅមុខដោយមានការផ្ដល់ថវិកាពីក្រសួងសេដ្ឋកិច្ចដើម្បីចូលរួមក្នុងការវិភាគ ឬដែលទាក់ទងវិភាគថវិកាក្នុងការអភិវឌ្ឍសកម្មភាពដែលឆ្លើយតបទៅនឹងការទប់ស្កាត់ ការឆ្លើយតបអំពើហិង្សាក្នុងគ្រួសារ ក៏ដូចជាអំពើហិង្សាលើស្រ្ដីផងដែរ»៕