ករណីនៃការវាយកម្ទេចកុដិបុរាណចំនួន៣ (កុដិលេខ៤៣ ៤៤ និង៤៥) ដែលកសាងនាកំឡុងឆ្នាំ១៩៣០ នៅក្នុងបរិវេណវត្តឧណ្ណាលោម គឺដើម្បីកសាងព្រះចេតិយ ហើយសកម្មភាពនេះ កំពុងរងការរិះគន់យ៉ាងផុសផុលពីមហាជនតាមរយៈបណ្ដាញសង្គម។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញលិខិតបង្គំទូលថ្វាយសម្ដេចព្រះមហាសង្ឃរាជាធិបតី ទេព វង្ស ពីករណីការវាយកុដិបុរាណចំនួន៣ នៅបរិវេណវត្តឧណ្ណាលោម ដែលក្រសួងចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌជាតិរបស់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ។

នៅក្នុងលិខិតខាងលើនេះ បានបញ្ជាក់ថា ក្រសួងមានការសោកស្ដាយជាខ្លាំង ព្រោះកុដិទាំងបីនេះក្រសួងបានចាត់ទុកជាសម្បត្តិបេតិកភណ្ឌជាតិ ហើយបានចុះក្នុងបញ្ជីរបស់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានីភ្នំពេញកាលពីឆ្នាំ២០១៧។

ក្នុងលិខិតនេះដដែលបានបញ្ជាក់បន្ថែមថា ក្នុងនាមក្រសួងជាសេនាធិការរបស់រាជរដ្ឋាភិបាល ដែលមានតួនាទីនិងភារកិច្ចក្នុងការគ្រប់គ្រង ថែរក្សា ការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ ក្រសួងក៏បញ្ជាក់ទូលថ្វាយដែរថា សកម្មភាពនៃការរុះរើនិងវាយកម្ទេចកុដិចាស់ដោយពុំបានសិក្សាពិគ្រោះ និងការអនុញ្ញាតពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈជាទង្វើដែលផ្ទុយនឹងច្បាប់ ព្រមទាំងសារាចររបស់រាជរដ្ឋាភិបាលដែលជាឯកសារគតិយុត្តជាធរមាន ដូចបានភ្ជាប់មកជាមួយដែលចង្អុលបង្ហាញថា  រាល់ការជួសជុលព្រះវិហារ ឬសំណង់អគារបេតិកភណ្ឌនានាត្រូវស្នើសុំការអនុញ្ញាតពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈដែលជាក្រសួងជំនាញ។

​គួររំលឹកដែរថា ក្នុងសារាចរស្ដីពីការទប់ស្កាត់ការវាយកម្ទេចនិងបំផ្លាញសំណង់បេតិកភណ្ឌ ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យដឹងថា ការបាត់បង់និងការវាយបំផ្លិចបំផ្លាញ ដោយសារតែទំនើបកម្ម បានធ្វើឱ្យខូចខាត​ចំពោះសំណង់អគារបេតិកភណ្ឌនៅតាមបណ្ដារាជធានី-ខេត្ត ក្នុងនោះមាន​សំណង់​អគារបេតិកភណ្ឌមួយចំនួនបានរងហានិភ័យ និង​​ស្ថិតក្រោម​ការគំរាមកំហែងខ្ពស់ដោយ​ការ​អភិវឌ្ឍ ដែលទាមទារឱ្យមានការថ្លឹងថ្លែងរវាងការអភិវឌ្ឍនិងការអភិរក្សឱ្យមានតុល្យភាព៕