ប្រជាពលរដ្ឋចំនួន១៩នាក់ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ដែលការចាប់ខ្លួននេះធ្វើឡើងនៅក្នុងខែកញ្ញា ឆ្នាំ២០២២ ក្នុងករណីទំនាស់ដីធ្លីមួយដែលកំពុងកើតមានជាមួយក្រុមហ៊ុន សុខ សំណាង ក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។
យោងតាមអត្ថបទរបស់អង្គការលីកាដូបានបញ្ជាក់ថា ក្រុមអាវុធហត្ថប្រដាប់ដោយអាវុធនិងដំបង បានដាក់ពង្រាយ ដើម្បីចាប់ខ្លួនអ្នកភូមិចំនួន ៨នាក់ និងត្រួតពិនិត្យការដុតកម្ទេចផ្ទះសម្បែងនៅក្នុងតំបន់ទំនាស់ កាលពីថ្ងៃទី០៩ ទី១០ ខែធ្នូ ឆ្នាំ២០២២។
កម្លាំងអាវុធហត្ថ បានចាប់ខ្លួនស្រ្តីចំនួន ៥នាក់ និងបុរសចំនួន ៣នាក់ ក្នុងរយៈពេលពីរថ្ងៃនេះ។
អត្ថបទដដែលបញ្ជាក់ថា នៅក្នុងវីដេអូមួយ ត្រូវបានថតនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ដោយបង្ហាញពីកម្លាំងអាវុធហត្ថ កាន់ដំបងវែងក្នុងពេលចាប់ខ្លួនអ្នកភូមិម្នាក់ និងបានគំរាមកំហែង ប្រជាពលរដ្ឋផ្សេងទៀតមិនឱ្យថតរូបភាព។ វិដេអូមួយទៀត បានបង្ហាញពីផ្ទះសម្បែងរបស់ពួកគេកំពុងត្រូវបានដុតបំផ្លាញ។
អ្នកនាង ណាលី ពីឡូក នាយិកាទទួលបន្ទុកកិច្ចការក្រៅតំបន់នៃអង្គការលីកាដូបញ្ជាក់ក្នុងអត្ថបទរបស់លីកាដូថា៖ «អាជ្ញាធរគួរតែបញ្ឈប់អំពើហិង្សាដោយមិនសមហេតុផលនេះ។ បញ្ហាដីធ្លីនេះ គួរតែត្រូវដោះស្រាយដោយសន្តិវិធី មិនមែនតាមរយៈការចាប់ខ្លួន និងការបំផ្លិចបំផ្លាញ យ៉ាងអាក្រក់បែបនេះទេ»។
យោងតាមអត្ថបទដដែលសរសេរថា បច្ចុប្បន្ន អ្នកភូមិចំនួន៨នាក់កំពុងស្ថិតក្រោមការឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការ រួមជាមួយនឹងការកើនឡើង នៃចំនួនអ្នកភូមិផ្សេងទៀតដែលត្រូវបានចាប់ដាក់ពន្ធនាគារពាក់ព័ន្ធនឹងទំនាស់ដីធ្លីនេះ។ ដោយបុរសចំនួន៧នាក់ ត្រូវបានចាប់ខ្លួនដោយកម្លាំងនគរបាលប្រដាប់ដោយកាំភ្លើងបាញ់រះ ក្នុងខែកញ្ញា ឆ្នាំ២០២២។ បុរស២នាក់ និងស្រ្តី២នាក់ ផ្សេងទៀត ត្រូវបានចាប់ខ្លួនក្នុងខែវិច្ឆិកា ឆ្នាំ២០២២។ រហូតដល់ពេលនេះ មានអ្នកភូមិ ១៩នាក់ហើយ កំពុងជាប់ឃុំខ្លួនបណ្ដោះអាសន្ននៅក្នុងពន្ធនាគារខេត្តឧត្ដរមានជ័យ។
បើតាមអត្ថបទរបស់លីកាដូ ទំនាស់ដីធ្លីនេះ ពាក់ព័ន្ធនឹងប្រជាពលរដ្ឋប្រមាណ ៣៧០គ្រួសារ ដែលបានចាប់ផ្ដើមតាំងលំនៅក្នុងតំបន់នោះក្នុងឆ្នាំ២០១២ អំឡុងពេលដែលមានការបំផ្លាញព្រៃឈើ និងការឈូសឆាយដី ដោយក្រុមហ៊ុន សុខ សំណាង ដែលអះអាងថា ជាម្ចាស់នៃតំបន់ទំនាស់។ ក្រុមហ៊ុនបានទទួលដីសម្បទានសេដ្ឋកិច្ចចំនួន ១.៨៦៥ហិចតា នៃដីព្រៃក្នុងតំបន់ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព កាលពីខែមីនា ឆ្នាំ២០១២។
ប្រជាពលរដ្ឋមកពីខេត្តចំនួន៥ បានធ្វើចំណាកស្រុកទៅកាន់អតីតតំបន់ដីព្រៃ និងតាំងលំនៅដោយមានការសម្របសម្រួលដោយសាច់ញាតិរបស់អាជ្ញាធរក្នុងតំបន់ ក្រោយមកពលរដ្ឋបានធ្វើកសិកម្មលើដី ឬធ្វើការនៅក្នុងចំការកៅស៊ូនៅក្បែរនោះ។
ទំនាស់ដីធ្លីនេះ បានកើតឡើងក្នុងឆ្នាំ២០២១ ពេលដែលអាជ្ញាធរខេត្តចាប់ផ្ដើមព្រមានដល់គ្រួសារអ្នកភូមិដោយថាពួកគេកំពុងទន្រ្ទានយកដីក្រុមហ៊ុន និងបានដាក់សម្ពាធឱ្យពួកគេបញ្ឈប់ការធ្វើកសិកម្ម ចាប់ពីពេលនោះមក ក៏ចាប់ផ្ដើមមានអំពើហិង្សាកើតឡើងកាន់តែធ្ងន់ធ្ងរ ដោយកម្លាំងប្រដាប់អាវុធធ្វើការដុតបំផ្លាញផ្ទះសម្បែង និងការចាប់ខ្លួនអ្នកភូមិ៕