ប្រជា​ពលរដ្ឋ​ចំនួន​១៩នាក់​ ត្រូវ​បាន​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់ ដែល​ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ខែ​កញ្ញា​ ឆ្នាំ​២០២២​​ ក្នុង​ករណី​ទំនាស់​ដី​ធ្លី​មួយ​ដែល​កំពុង​កើត​មាន​ជា​មួយ​ក្រុម​ហ៊ុន​ សុខ សំណាង​ ក្នុង​ស្រុក​ត្រពាំង​ប្រាសាទ​ ខេត្ត​ឧត្ដរ​មានជ័យ​។

យោង​តាម​អត្ថបទ​របស់​អង្គការ​លីកាដូ​បាន​បញ្ជាក់​ថា​ ក្រុម​អាវុធ​ហត្ថ​ប្រដាប់​ដោយ​អាវុធ​និង​ដំបង​ បាន​ដាក់​ពង្រាយ​ ដើម្បី​ចាប់​ខ្លួន​អ្នក​ភូមិ​ចំនួន​ ៨នាក់​ និង​ត្រួត​ពិនិត្យ​ការ​ដុត​កម្ទេច​ផ្ទះ​សម្បែង​នៅ​ក្នុង​តំបន់​ទំនាស់​ កាល​ពី​ថ្ងៃ​ទី​០៩ ទី​១០ ខែ​ធ្នូ​ ឆ្នាំ​២០២២​។

កម្លាំង​អាវុធ​ហត្ថ​ បាន​ចាប់​ខ្លួន​ស្រ្តី​ចំនួន​ ៥នាក់​ និង​បុរស​ចំនួន​ ៣នាក់​ ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​នេះ​។

អត្ថបទ​ដដែល​បញ្ជាក់​ថា នៅ​ក្នុង​វីដេអូ​មួយ​ ត្រូវ​បាន​ថត​នៅ​ថ្ងៃ​ទី​១០ ខែធ្នូ​ ឆ្នាំ​២០២២ ដោយ​បង្ហាញ​ពី​កម្លាំង​អាវុធហត្ថ​ កាន់​ដំបង​វែង​ក្នុង​ពេល​ចាប់​ខ្លួន​អ្នក​ភូមិ​ម្នាក់​ និង​បាន​គំរាម​កំហែង​ ប្រជាពលរដ្ឋ​ផ្សេង​ទៀត​មិន​ឱ្យ​ថត​រូប​ភាព​។ វិដេអូ​មួយ​​ទៀត​ បាន​បង្ហាញ​ពី​ផ្ទះ​សម្បែង​របស់​ពួក​គេ​កំពុង​ត្រូវ​បាន​ដុត​បំផ្លាញ​។

អ្នក​នាង​ ណាលី​ ពីឡូក​ នាយិកា​ទទួល​បន្ទុក​កិច្ច​ការ​ក្រៅ​តំបន់​នៃ​អង្គការ​លីកាដូបញ្ជាក់​ក្នុង​អត្ថ​បទ​របស់​លីកាដូ​ថា​៖ «អាជ្ញាធរ​គួរ​តែ​បញ្ឈប់​អំពើ​ហិង្សា​ដោយ​មិន​សម​ហេតុ​ផល​នេះ​។ បញ្ហា​ដី​ធ្លី​នេះ​ គួរ​តែ​ត្រូវ​ដោះ​ស្រាយ​ដោយ​សន្តិវិធី​ មិន​មែន​តាម​រយៈ​ការ​ចាប់​ខ្លួន​ និង​ការ​បំផ្លិច​បំផ្លាញ​ យ៉ាង​អាក្រក់​បែប​នេះ​ទេ​»។

យោង​តាម​អត្ថបទ​ដដែល​សរសេរ​ថា​ បច្ចុប្បន្ន​ អ្នក​ភូមិ​ចំនួន​៨នាក់​កំពុង​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​រង់​ចាំ​សវនាការ​ រួម​ជា​មួយ​នឹង​ការ​កើន​ឡើង​ នៃ​ចំនួន​អ្នក​ភូមិ​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​ចាប់​ដាក់​ពន្ធ​នាគារ​ពាក់​ព័ន្ធ​នឹង​ទំនាស់​ដី​ធ្លី​នេះ​។ ដោយ​បុរស​ចំនួន​៧នាក់​ ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​កម្លាំង​នគរបាល​ប្រដាប់​ដោយ​កាំភ្លើង​បាញ់​រះ​ ក្នុង​ខែ​កញ្ញា​ ឆ្នាំ​២០២២​។ បុរស​២នាក់​ និង​ស្រ្តី​២នាក់​ ផ្សេង​ទៀត​ ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​។ រហូត​ដល់​ពេល​នេះ​ មាន​អ្នក​ភូមិ​ ១៩នាក់​ហើយ​ កំពុង​ជាប់​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​ឧត្ដរ​មានជ័យ​។

បើ​តាម​អត្ថបទ​របស់​លីកាដូ​ ទំនាស់​ដី​ធ្លី​នេះ​ ពាក់​ព័ន្ធ​នឹង​ប្រជាពលរដ្ឋ​ប្រមាណ​ ៣៧០​គ្រួសារ​ ដែល​បាន​ចាប់​ផ្ដើម​តាំង​លំនៅ​ក្នុង​តំបន់​នោះ​ក្នុង​ឆ្នាំ​២០១២ អំឡុង​ពេល​ដែល​មាន​ការ​បំផ្លាញ​ព្រៃ​ឈើ​ និង​ការ​ឈូស​ឆាយ​ដី​ ដោយ​ក្រុម​ហ៊ុន​ សុខ​ សំណាង​ ដែល​អះ​អាង​ថា​ ជា​ម្ចាស់​នៃ​តំបន់​ទំនាស់​។ ក្រុម​ហ៊ុន​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​ ១.៨៦៥​ហិចតា​ នៃ​ដី​ព្រៃ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​គូលែន​ព្រហ្មទេព​ កាល​ពី​ខែ​មីនា​ ឆ្នាំ​២០១២​។

ប្រជាពលរដ្ឋ​មក​ពី​ខេត្ត​ចំនួន​៥ បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​កាន់អតីត​​តំបន់​ដី​ព្រៃ​ និង​តាំង​លំនៅ​ដោយ​មាន​ការ​សម្រប​សម្រួល​ដោយ​សាច់​ញាតិ​របស់​អាជ្ញាធរ​ក្នុង​តំបន់​ ក្រោយ​មក​ពលរដ្ឋ​បាន​ធ្វើ​កសិកម្ម​លើ​ដី​ ឬធ្វើ​ការ​នៅ​ក្នុង​ចំការ​កៅ​ស៊ូ​នៅ​ក្បែរ​នោះ​។

ទំនាស់​ដី​ធ្លី​នេះ​ បាន​កើត​ឡើង​ក្នុង​ឆ្នាំ​២០២១ ពេល​ដែល​អាជ្ញាធរ​ខេត្ត​ចាប់​ផ្ដើម​ព្រមាន​ដល់​គ្រួសារ​អ្នក​ភូមិ​ដោយ​ថា​ពួក​គេ​កំពុង​ទន្រ្ទាន​យក​ដី​ក្រុម​ហ៊ុន​ និង​បាន​ដាក់​សម្ពាធ​ឱ្យ​ពួក​គេ​បញ្ឈប់​ការ​ធ្វើ​កសិកម្ម​ ចាប់​ពី​ពេល​នោះ​មក​ ក៏​ចាប់​ផ្ដើម​មាន​អំពើ​ហិង្សា​​កើត​​ឡើង​កាន់​តែ​ធ្ងន់​ធ្ងរ​ ដោយ​កម្លាំង​ប្រដាប់​អាវុធ​ធ្វើ​ការ​ដុត​បំផ្លាញ​ផ្ទះ​សម្បែង​ និងការ​​ចាប់​ខ្លួន​អ្នក​ភូមិ​៕