ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃអង្គារ បានជូនដំណឹងដល់ប្រជាពលរដ្ឋ និងវីរៈកងទ័ពដែលរស់នៅ និងឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ព្រមទាំងប្រជានេសាទ ឱ្យបង្កើនការយកចិត្តទុកដាក់ថែរក្សាសុខភាពចំពោះស្ថានភាពចុះត្រជាក់ក្នុងមួយសប្តាហ៍ខាងមុខនេះ។
យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយមបានបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ កម្ពុជានឹងទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់(ចិន)និងខ្យល់មូសុងឦសានក្នុងកម្រិតពីបង្គួរទៅខ្លាំង។
បើតាមសេចក្តីជូនដំណឹងខាងលើបន្ថែមថា ស្ថានភាពបែបនេះនឹងធ្វើឱ្យតំបន់បីមានការប្រែប្រួល ក្នុងនោះរួមមានតំបន់ទំនាបកណ្ដាល សីតុណ្ហភាពអប្បបរមា មានពី ១៨-២២ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ២៩-៣១ អង្សាសេ ហើយសីតុណ្ហភាពអប្បបរមា នឹងអាចចុះត្រជាក់ក្នុងរង្វង់ពី ១៦-១៩ អង្សាសេតាមបណ្តាខេត្តមួយចំនួន៖ ខេត្តបន្ទាយមានជ័យ ប៉ៃលិន សៀមរាប និងបាត់ដំបង។
ចំពោះតំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ១៦-១៩ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ២៨-៣០ អង្សាសេ។សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ អង្សាសេ និងសីតុណ្ហភាពអប្បបរមា នឹងអាចចុះត្រជាក់ក្នុងរង្វង់ពី ១៦-១៨ អង្សាសេ នៅបណ្តាខេត្តមួយចំនួន៖ ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងឧត្តរមានជ័យ។
ចំណែកឯខាងតំបន់មាត់សមុទ្រវិញ សីតុណ្ហភាពអប្បបរមា មានពី ១៩-២១ អង្សាសេ និង សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ អង្សាសេ ហើយសីតុណ្ហភាពអប្បបរមា នឹងអាចចុះត្រជាក់ក្នុងរង្វង់ពី ១៨-២០ អង្សាសេ។នៅលើផ្ទៃសមុទ្រ អាចមានរលកក្នុងកម្រិតពីមធ្យមទៅបង្គួរ៕