ក្រសួង​ធន​ធាន​ទឹក​ និង​ឧតុ​និយម​នៅ​ថ្ងៃ​អង្គារ​ បាន​ជូន​ដំណឹង​ដល់​ប្រជា​ពលរដ្ឋ​ និងវីរៈ​កង​ទ័ព​ដែល​រស់​នៅ​ និង​ឈរ​ជើង​នៅ​តំបន់ជួរ​ភ្នំ​ដង​រែក​ និង​ខ្ពង់​រាប​ភាគ​ឦសាន​ ព្រម​ទាំង​ប្រជា​នេសាទ​ ឱ្យ​បង្កើន​ការយក​ចិត្ត​ទុក​ដាក់​ថែ​រក្សា​សុខ​ភាព​ចំពោះ​ស្ថាន​ភាព​ចុះ​ត្រជាក់​ក្នុង​មួយ​សប្តាហ៍​ខាង​មុខ​នេះ​។

យោង​តាម​សេចក្តី​ជូន​ដំណឹង​ របស់ក្រសួង​ធន​ធាន​ទឹក​ និង​ឧតុនិយម​បាន​បង្ហោះ​លើទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ខ្លួន​នៅ​​ថ្ងៃ​ទី​១៣​ ខែ​ធ្នូ​ ឆ្នាំ​២០២២​ កម្ពុជា​នឹង​ទទួល​រង​ឥទ្ធិពល​ពី​ទ្រនុង​សម្ពាធ​ខ្ពស់​(ចិន)​និង​ខ្យល់​មូសុង​​ឦសាន​ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ខ្លាំង​។

បើ​តាម​សេចក្តី​ជូន​ដំណឹង​ខាង​លើ​បន្ថែម​ថា​  ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ​តំបន់​បី​មាន​ការប្រែប្រួល​ ក្នុង​នោះ​រួម​មាន​តំបន់​ទំនាប​កណ្ដាល​ សីតុណ្ហភាព​អប្បបរមា​ មាន​ពី​ ១៨​-២២​ អង្សាសេ និង​សីតុណ្ហភាព​អតិបរមា​ មាន​ពី​ ២៩​-៣១​ អង្សាសេ ហើយសីតុណ្ហភាព​អប្បបរមា​ នឹង​អាច​ចុះ​ត្រជាក់​ក្នុង​រង្វង់​ពី​ ១៦​-១៩អង្សាសេតាមបណ្តា​ខេត្ត​មួយ​ចំនួន​៖​ ខេត្ត​បន្ទាយមានជ័យ​ ប៉ៃលិន​ សៀមរាប​ និង​បាត់ដំបង​។

ចំពោះ​តំបន់​ខ្ពង់រាប​ សីតុណ្ហភាព​អប្បបរមា​ មាន​ពី​ ១៦​-១៩​ អង្សាសេ និង​សីតុណ្ហភាព​អតិបរមា​ មាន​ពី​ ២៨​-៣០​ អង្សាសេ។​​សីតុណ្ហភាព​អតិបរមា​ មាន​ពី​ ២៨​-៣០​ អង្សាសេ​ និង​សីតុណ្ហភាព​អប្បបរមា​ នឹង​អាច​ចុះ​ត្រជាក់​ក្នុង​រង្វង់​ពី​ ១៦​-១៨​  អង្សាសេ​ នៅ​បណ្តា​ខេត្ត​មួយ​ចំនួន​៖​ ខេត្ត​មណ្ឌលគិរី​ រតនគិរី​ ព្រះវិហារ​ និង​ឧត្តរមានជ័យ​។

ចំណែក​ឯ​ខាង​តំបន់​មាត់​សមុទ្រ​វិញ​ សីតុណ្ហភាពអប្បបរមា មានពី ១៩​-២១​ អង្សាសេ និង សីតុណ្ហភាពអតិបរមា មានពី ២៩​-៣១​ អង្សាសេ​ ហើយ​សីតុណ្ហភាព​អប្បបរមា​ នឹង​អាច​ចុះ​ត្រជាក់​ក្នុង​រង្វង់​ពី​ ១៨​-២០​ អង្សាសេ​។​នៅ​លើ​ផ្ទៃ​សមុទ្រ​ អាច​មាន​រលក​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ​៕