ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាង៧០ម៉ឺននាក់ចូលរួមកម្សាន្តក្នុងឱកាសបុណ្យសមុទ្រ ហើយក្រសួងគ្រោងបន្ថែមថ្ងៃនៃព្រឹត្តការណ៍បុណ្យសមុទ្រទៀត ដើម្បីបង្កបរិយាកាសសប្បាយជូនអ្នកចូលរួម។
ប្រភពព័ត៌មានពីទំព័រហ៊្វេសបុកផ្លូវការនៃក្រសួងទេសចរណ៍ បានឱ្យដឹងថា លោកថោង ខុន ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងនាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះថា ក្នុងពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ ថ្ងៃទី១១ ខែធ្នូនេះមានភ្ញៀវទេសចរ និងប្រជាពលរដ្ឋចូលរួមដើរលេងកម្សាន្តសរុបជាង៧០ម៉ឺននាក់ ខណៈអាជ្ញាធរខេត្តនៅបន្តការរៀបចំបុណ្យ បង្កការសប្បាយជូនប្រជាជន១ថ្ងៃ ឬ២ថ្ងៃទៀត។
លោកបានឱ្យដឹងថានៅថ្ងៃទី៣ ដែលត្រូវនឹងថ្ងៃទី១១ ខែធ្នូ គឺមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលរួមកម្សាន្តជាង៣០ម៉ឺននាក់។
លោកថា៖ «ក្នុងពេល៣ថ្ងៃនៃពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុនេះ មានភ្ញៀវសរុបប្រមាណជាង៧០ម៉ឺននាក់ ក្នុងនោះភ្ញៀវជាតិ៧០៨,០០០នាក់ និងភ្ញៀវបរទេស៤,០០០នាក់»។
លោកបន្តថា ប្រជាជនមានការសប្បាយរីករាយក្នុងការមកកម្សាន្តនៅក្នុងពិធីបុណ្យសមុទ្រនេះ ទាំងពេលយប់ និងពេលថ្ងៃ ក្នុងនោះប្រជាជនមួយចំនួនបានបន្តទៅទស្សនានៅតាមគោលដៅទេសចរណ៍ដទៃទៀត ហើយបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ គឺមិនមានអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះឡើយ។
លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឱ្យដឹងផងដែរថា នាឱកាសបុណ្យសមុទ្រនេះមានភ្ញៀវចូលតាមព្រលានយន្តហោះអន្តរជាតិចំនួន៧ជើង មានភ្ញៀវសរុប២៩១នាក់។ ភ្ញៀវដែលបន្តហួសទៅកម្សាន្តនៅតាមបណ្ដាកោះមានភ្ញៀវសរុប១,១៧៣នាក់ និងតាមរមណីយដ្ឋានបណ្ដាឆ្នេរ និងទស្សនាតន្ត្រីនានាមានចំនួនសរុប៧១១,១២៣នាក់។
ក្រៅពីនេះយោងតាមប្រភពដដែលបានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រនេះ មានឆាកប្រគំតន្ត្រីធំៗនៅតាមបណ្ដោយឆ្នេរ និងសកម្មភាពកម្សាន្តជាច្រើនទៀត។ បន្ថែមពីនេះមានការសម្ដែងសិល្បៈ របាំ ចម្រៀងនៅលើឆាកធំនៃទីលានតេជោ ដែលភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋអាចចូលរួមទស្សនាដោយសេរី។ លើសពីនេះមានការពិព័រណ៍ពាណិជ្ជកម្ម និងមហាស្រពម្ហូបអាហារ ភេសជ្ជៈ សរុបទាំងអស់មានចំនួន៣០០ស្ដង់ទៀត។
បើតាម លោក ថោង ខុន រដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍ អាជ្ញាធរខេត្តព្រះសីហនុអាចនឹងបន្តរៀបចំព្រឹត្តការណ៍បុណ្យសមុទ្រនៅថ្ងៃទី១៣នេះទៀតប្រសិនបើមានការចូលរួមកម្សាន្តច្រើនពីប្រជាពលរដ្ឋ ឬភ្ញៀវទេសចរដើម្បីអបអរមហាសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោកដែលកំពុងរៀបចំនៅខេត្តព្រះសីហនុពីថ្ងៃទី៩ ដល់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២៕