ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរជាង​៧០​ម៉ឺន​នាក់​ចូលរួម​កម្សាន្តក្នុង​ឱកាសបុណ្យ​សមុទ្រ​ ហើយក្រសួងគ្រោង​បន្ថែមថ្ងៃ​នៃ​ព្រឹត្តការណ៍​បុណ្យ​សមុទ្រ​ទៀត ​ដើម្បី​បង្ក​បរិយា​កាស​សប្បាយ​ជូន​អ្នក​ចូ​លរួម​។

ប្រភពព័ត៌មានពីទំព័រហ៊្វេសបុកផ្លូវការនៃក្រសួងទេសចរណ៍ បានឱ្យដឹងថា​ លោកថោង ខុន​ ជារដ្ឋមន្ត្រីក្រសួង​ទេស​ចរណ៍ បានថ្លែងនាថ្ងៃទី​១២​ ខែ​ធ្នូ​ ឆ្នាំ​២០២២​នេះ​ថា ក្នុងពិធី​បុណ្យសមុទ្រ​លើក​ទី៩​​ ជុំទី​៣ នៅ​ខេត្ត​ព្រះសី​ហនុ​ រយៈពេល​៣ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​៩ ដល់​ ថ្ងៃទី​១១ ខែធ្នូនេះ​មាន​​ភ្ញៀវ​ទេស​ចរ​ និងប្រ​ជា​ពលរដ្ឋ​ចូលរួម​ដើរ​លេង​កម្សាន្ត​សរុប​ជាង​៧០​ម៉ឺន​នាក់​ ខណៈ​អាជ្ញាធរ​ខេត្ត​នៅ​បន្ត​ការ​រៀបចំ​បុណ្យ​ បង្កការសប្បាយ​ជូន​ប្រជា​ជន​១ថ្ងៃ​ ឬ​២ថ្ងៃ​ទៀត​។

លោកបានឱ្យដឹងថា​នៅថ្ងៃទី៣​ ដែលត្រូវ​នឹង​ថ្ងៃ​ទី១១​ ខែធ្នូ​ គឺមាន​ប្រជា​ពលរដ្ឋ​ និង​ភ្ញៀវ​ទេស​ចរ​ចូល​រួម​កម្សាន្ត​ជាង​៣០​ម៉ឺន​នាក់​។​

លោក​ថា៖​ «​ក្នុង​ពេល​៣ថ្ងៃ​នៃ​ពិធី​បុណ្យ​សមុទ្រ​នៅ​ខេត្ត​ព្រះ​សីហនុ​នេះ​ មាន​ភ្ញៀវ​សរុប​ប្រមាណ​ជាង​៧០​ម៉ឺន​នាក់​ ក្នុង​នោះ​ភ្ញៀវ​ជាតិ​៧០​៨​,០០០នាក់​ និង​ភ្ញៀវ​បរទេស​៤,០០០នាក់​»។

លោកបន្តថា​ ប្រជាជន​មានការ​សប្បាយ​រីករាយ​ក្នុង​ការ​មក​កម្សាន្ត​នៅ​ក្នុង​ពិ​ធី​បុណ្យ​សមុទ្រ​នេះ​ ទាំង​ពេល​យប់​ និង​ពេល​ថ្ងៃ​ ក្នុង​នោះ​ប្រ​ជា​ជន​មួយ​ចំនួន​បាន​បន្ត​ទៅ​ទស្ស​នា​នៅ​តាម​គោល​ដៅ​ទេស​ចរណ៍​ដទៃ​ទៀត​ ហើយ​បញ្ហា​សន្តិ​សុខ​ សណ្ដាប់​ធ្នាប់​ គឺ​មិន​មាន​អ្វី​កើត​ឡើង​គួ​រឱ្យ​កត់​សម្គាល់​នោះឡើយ។

លោក​ តាំង​ សុចិត្រ​គ្រឹស្នា​ ប្រ​ធាន​មន្ទី​រ​ទេស​ចរណ៍​ខេត្ត​ព្រះ​សីហនុ​ បាន​ឱ្យដឹងផង​ដែរ​ថា​ នា​ឱកាស​បុណ្យ​សមុទ្រ​នេះ​មាន​ភ្ញៀវ​​ចូល​តាម​ព្រ​លាន​យន្ត​ហោះ​អន្តរជាតិ​ចំនួន​៧ជើង​ មាន​ភ្ញៀវ​សរុប​២៩១​នាក់​។ ភ្ញៀវ​ដែល​បន្តហួស​ទៅ​កម្សាន្ត​នៅ​តាម​បណ្ដា​កោះ​មាន​ភ្ញៀវ​សរុប​១,១៧៣​នាក់​ និង​​តាមរមណី​យដ្ឋាន​បណ្ដា​ឆ្នេរ​ និង​ទស្សនា​តន្ត្រី​នានា​មាន​ចំនួន​សរុប​៧១១,១២៣នាក់​។​

ក្រៅពីនេះ​យោងតាមប្រ​ភព​ដដែល​បាន​ឱ្យដឹង​ថា​ ក្នុ​ង​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​នេះ​ មាន​ឆាក​ប្រគំ​តន្ត្រី​ធំៗ​នៅ​តាម​បណ្ដោយ​ឆ្នេរ​ និង​សកម្មភាព​កម្សាន្ត​ជា​ច្រើន​ទៀត​។ បន្ថែមពីនេះ​មាន​ការ​សម្ដែង​សិល្បៈ របាំ​ ចម្រៀង​នៅ​​លើ​ឆាកធំ​នៃ​ទី​លាន​តេជោ​ ដែល​ភ្ញៀវ​ទេស​ចរ​ ក៏​ដូច​ជា​ប្រជា​ពលរដ្ឋ​អាច​ចូលរួម​ទស្សនា​ដោយ​សេរី​។ លើសពី​នេះមាន​ការ​ពិព័​រណ៍​ពា​ណិ​ជ្ជ​កម្ម​ និង​មហាស្រព​ម្ហូបអា​ហារ​ ភេសជ្ជៈ សរុប​ទាំង​អស់​មាន​ចំនួន​៣០០ស្ដង់​ទៀត​។

បើ​តាម​ លោក​ ថោ​ង ខុន​ រដ្ឋ​មន្ត្រី​នៃ​ក្រសួងទេសចរណ៍​ អាជ្ញា​ធរ​ខេត្ត​ព្រះ​សីហនុ​អាច​នឹង​បន្ត​រៀបចំព្រឹត្តការណ៍បុណ្យសមុទ្រនៅ​ថ្ងៃ​ទី​១៣​នេះ​ទៀត​ប្រ​សិន​បើ​មាន​ការ​ចូល​រួ​ម​​កម្សាន្តច្រើន​ពី​ប្រ​ជា​ពល​រដ្ឋ​ ឬ​ភ្ញៀវ​ទេស​ចរ​ដើម្បី​អបអរមហា​សន្និបាត​ក្លិប​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​បំផុត​លើ​សាកលលោក​ដែលកំពុង​រៀប​ចំ​នៅ​ខេត្ត​ព្រះ​សី​ហនុ​ពី​ថ្ងៃ​ទី​៩​ ដល់​ ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២២៕​