វៀតណាមជាប់ជាប្រទេសលំដាប់ថ្នាក់ទី១ ខណៈថៃជាប្រទេសជាប់លំដាប់ថ្នាក់ទី២ ដែលជាភ្ញៀវទេសចរអន្តរជាតិ មកលេងស្រុកខ្មែរច្រើនជាងគេ ក្នុងឆ្នាំ២០២២។ នេះបើយោងតាមការបង្ហាញរបស់ធនាគារពិភពលោកប្រចាំកម្ពុជា អំពីស្ថិតិស្ថានភាពភ្ញៀវទេសចរអន្តរជាតិមកទស្សនាស្រុកខ្មែរ នាព្រឹកថ្ងៃអង្គារនេះ។
យោងតាមស្ថិតិដដែលនោះថា ចំនួនភ្ញៀវមកពីប្រទេសវៀតណាមមានចំនួន ៣៦ភាគរយ និងភ្ញៀវមកពីប្រទេសថៃមានចំនួន ២២,៤ភាគរយ ដែលធ្វើឱ្យប្រទេសទាំងនេះ ជាប់លំដាប់ថ្នាក់ទី១ និងទី២។ ដោយឡែក ភ្ញៀវទេសចរចិនមានចំនួនត្រឹមតែ៤,៩ភាគរយ នៃចំនួនភ្ញៀវទេសចរសរុបក្នុងឆ្នាំ២០២២ ពោលថយចុះពី ៣៥,៧ភាគរយ នៅក្នុងឆ្នាំ ២០១៩។ ចំនួនភ្ញៀវដែលមកតាមជើងហោះហើរស្មើនឹង ៣៦,៦ភាគរយ ក្នុងឆ្នាំ២០២២ ពោលគឺទាបជាង ២ ភាគ ៣ កាលពីឆ្នាំ ២០១៩។
ធនាគារពិភពលោកប្រចាំកម្ពុជាបានបញ្ជាក់ក្នុងន័យដើមថា៖ «តាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា បានឱ្យដឹងថា ចន្លោះពីខែមករា ដល់កញ្ញា ឆ្នាំ ២០២២ ចំនួនភ្ញៀវទេសចរអន្តរជាតិកើនឡើង ១,២៦ លាននាក់។ ទោះជាយ៉ាងនេះក្តី ការងើបឡើងវិញនៃចំនួនភ្ញៀវទេសចរបរទេសដែលមកទស្សនាខេត្តសៀមរាប មានល្បឿនយឺតដែលនាំឱ្យចំណូលដែលប្រមូលបានពីថ្លៃចូលទស្សនាអង្គរវត្តនៅបន្តមានកម្រិតទាប។»
គួរបញ្ជាក់ផងដែរ រយៈពេល១០ខែ ឆ្នាំ២០២២ដូចគ្នានេះ នៅទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង១,៥៧លាននាក់ កើនឡើង៩៩១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ រីឯភ្ញៀវទេសចរផ្ទៃក្នុងធ្វើដំណើររកម្សាន្តក្នុងប្រទេសជាង១០,៨៦លាននាក់ កើនឡើង២៣៤ភាគរយ ធៀបរយៈពេលដូចគ្នា ឆ្នាំ២០២១៕