លោកប៉ាន សូរស័ក្កិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បានដឹក​នាំ​គណប្រតិ​ភូ​កម្ពុជា​ ជួបពិភាក្សា​ការងារ​ជាមួយ​ លោ​ក Valdis Dombrovskis អនុប្រធាន​ប្រតិបត្តិ​ និងជា​ស្នងការ​ពាណិជ្ជកម្ម​សហភាពអឺរ៉ុប​ និង​សហការី​ ពិភាក្សាអំពី​ការរឹត​ចំណង​កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម​ទេភាគី​ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារ Sofitel Brussels Europe។

លោកប៉ាន សូរ​ស័ក្កិ​ បាន​ប្រាប់ពី​ស្ថានភាព​សេដ្ឋកិច្ចដែលកំពុង​ងើប​ប្រ​សើ​រឡើង​វិញ​របស់​កម្ពុជា​ មាន​ការ​បើក​ដំណើរ​ការ​សកម្មភាព​សង្គម​-សេដ្ឋកិច្ច​ និង​ការងារ​ខិត​ខំស្ការ​សេដ្ឋកិច្ច​ឡើង​វិញ​តាមរយៈការ​អនុ​វត្ត​ក្រ​បខណ្ឌ​យុទ្ធ​សាស្ត្រ​ និង​កម្មវិធី​ស្ដារ​ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជាក្នុងការ​រស់​នៅ​ជាមួយ​កូ​វីត-១៩​តាម​គន្លងប្រក្រតីភាពថ្មី ដែលផ្តោតលើវិស័យអាទិភាពជាច្រើនឆ្លើយតបនឹងការអភិវឌ្ឍពាណិជ្ជកម្មនិងវិនិយោគ កិច្ចសហប្រតិបត្តិការ និងការឈានឆ្ពោះទៅចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។

ក្នុងឱកាសនោះ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសហភាពអឺរ៉ុបនិងប្រជាជនអឺរ៉ុប ចំពោះការគាំទ្រនិងការផ្តល់ជំនួយហិរញ្ញវត្ថុនិងបច្ចេកទេស សម្រាប់ការអភិវឌ្ឍន៍លើវិស័យសំខាន់ៗរបស់កម្ពុជាដូចជា ពាណិជ្ជកម្ម កសិកម្ម សុខាភិបាល អភិវឌ្ឍន៍ជនបទ និងការកសាងធនធានមនុស្សជាដើម នេះយោង​តាម​ទំព័រហ្វេសប៊ុកផ្លូវការ​នៃ​ក្រសួង​ពាណិជ្ជ​កម្ម​។

ជាកិច្ចឆ្លើយតប លោក Valdis Dombrovskis ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប បានកត់សម្គាល់អំពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីជាមួយកម្ពុជា ដែលមានស្ថានភាពល្អប្រសើរទោះបីជាក្នុងដំណាក់កាលនៃបញ្ហាប្រឈមបង្ករដោយជម្ងឺរាតត្បាតសកលក៏ដោយ។

ក្នុងនោះដែរ លោក​ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប បានទទួលស្គាល់អំពីផលលំបាកដែលកម្ពុជាអាចនឹងជួបប្រទះក្រោយពេលកម្ពុជាចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចជាផ្លូវការហើយបានជម្រាបជូនថា សហភាពអឺរ៉ុបនិងបន្តអនុវត្តយន្តការគាំទ្រដល់ប្រទេសអភិវឌ្ឍន៍តិចតួចដែលគ្រោង Graduation រួមទាំងកម្ពុជា សំដៅឈ្ពោះទៅប្រើប្រាស់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម GSP+ នាពេលខាងមុខ។

ទន្ទឹមនឹងនោះ ភាគី EU ក៏បានសន្យាថានឹងបន្តផ្តល់ជំនួយបច្ចេកទេសនិងកម្មវិធីកសាងសមត្ថភាពជូនដល់កម្ពុជាតាមការចំាបាច់ សំដៅជួយដល់បំណងអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់របស់កម្ពុជា។

ចំពោះ​កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មក្នុងតំបន់ ភាគី EU បានជម្រាបអំពីការគាំទ្ររបស់ EU ដល់ការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននៅកម្ពុជាក្នុងឆ្នាំ២០២២នេះ ហើយបានលើកពីសេចក្តីព្រាងផែនការសកម្មភាពដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្រ្ត ASEAN-EU (2023-2027) និងអំពីកិច្ចពិគ្រោះយោបល់ ASEAN-EU Consultation ដែលនឹងក្លាយជាកត្តានាំផ្លូវសម្រាប់វឌ្ឍនភាពទៅថ្ងៃខាងមុខនៃការចរចាបង្កើត ASEAN-EU Free Trade Agreement។

ជាកិច្ចបញ្ចប់ រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា និងស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប បានឯកភាពនិងប្តេជ្ញាបន្តកិច្ចសន្ទនាល្អ ក៏ដូចជាដូចជាកិច្ចសហប្រតិបត្តិការស្អិតរមួតប្រកបដោយស្មារតីជួយគ្នា បំពេញបន្ថែម និងគោរពគ្នាទៅវិញទៅមក៕