វិទ្យាស្ថានបណ្ដុះបណ្ដាលពាណិជ្ជកម្ម និងស្រាវជ្រាវ (TTRI) នៃក្រសួងពាណិជ្ជកម្មកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយមជ្ឈមណ្ឌលសម្រាប់ជំរុញការនាំចូលពីប្រទេសកំពុងអភិវឌ្ឍន៍ (CBI) នៃក្រសួងការបរទេសហូរឡង់ ក្រោមការអញ្ជើញជាអធិបតីរបស់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។
យោងតាមការបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ លោកជំទាវ ចម និម្មល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងឱ្យ ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីឯកឧត្ដមអនុរដ្ឋលេខាធិការ ឯកឧត្ដមប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្ដមអគ្គនាយក លោកស្រី Judith Arends នាយកប្រតិបត្តិនៃមជ្ឈមណ្ឌល CBI ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីនៃវិទ្យាស្ថាន TTRI សរុបប្រមាណ ៣០នាក់បានអញ្ជើញជាសក្ខីកម្មក្នុងកម្មវិធីចុះអនុស្សរណៈយោគយល់គ្នា នៅទីស្ដីការក្រសួងពាណិជ្ជកម្មកម្ពុជា។
ក្នុងខ្លឹមសារដដែលលោកជំទាវ ចម និម្មល បញ្ជាក់ថា៖ «អនុស្សរណៈនៃការយោគយល់គ្នានេះមានសារៈសំខាន់ណាស់សម្រាប់វិទ្យាស្ថាន ក្នុងការលើកកម្ពស់ការផ្សព្វផ្សាយចំណេះដឹងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងនីតិវិធីពាក់ព័ន្ធ សម្រាប់ជំរុញពាណិជ្ជកម្មរបស់កម្ពុជា»។
លោកជំទាវ ចម និម្មល សង្កត់ធ្ងន់ថា៖ «បន្ទាប់ពីកិច្ចប្រជុំរបស់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធកន្លងទៅថ្មីៗនេះ វិទ្យាស្ថានមានតួនាទីកាន់តែច្រើនក្នុងការជំរុញការបណ្ដុះបណ្ដាល និងការផ្សព្វផ្សាយនានាទាក់ទងនឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម ជូនដល់សាធារណជន និស្សិត និងវិស័យឯកជន ឱ្យបានទាន់សភាពការណ៍ និងមានប្រសិទ្ធិភាព»។
យោងតាមសារបង្ហោះលើទំព័រហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្មដដែលបញ្ជាក់ថា អនុស្សរណៈយោគយល់គ្នានេះ នឹងមានកិច្ចសហការលើគម្រោង ដូចជា ១.គម្រោងបង្កើតផែនការអាជីវកម្មថ្មីរបស់ TTRI ឆ្នាំ២០២៣ដល់២០២៨ ២.គម្រោងបង្កើតមជ្ឈមណ្ឌលប្រឹក្សាយោបល់សហគ្រាសធុនតូចនិងមធ្យម ៣.គម្រោងបណ្តុះបណ្តាលសហគ្រាសធុនតូចនិងមធ្យមដើម្បីជំរុញការនាំចេញ ៤.គម្រោងគាំទ្រការបង្កើតហេដ្ឋារចនាសម្ព័ន្ធ IT ថ្មីៗរបស់វិទ្យាស្ថាន TTRI រួមមានថ្នាលរៀនអេឡិចត្រូនិក បណ្ណាល័យអេឡិចត្រូនិក និងគេហទំព័រថ្មី និង ៥.គម្រោងលើការស្រាវជ្រាវពាណិជ្ជកម្ម និងការបោះពុម្ពផ្សាយ។ ភាគីទាំងពីរក៏បើកផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការក្នុងគម្រោងផ្សេងទៀតនាពេលខាងមុខអាស្រ័យស្ថានភាពជាក់ស្តែង។
បើយោងតាមទិន្នន័យដែលបានបង្ហោះបញ្ជាក់បន្ថែមថា ចាប់ពីខែមករា ដល់វិច្ឆិកា ឆ្នាំ២០២២ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងហូឡង់ មានទំហំទឹកប្រាក់ប្រមាណ ៤៩៩,៤១លានដុល្លារ ដែលកើនឡើងប្រមាណ២០% លើទំហំទឹកប្រាក់ ៤១៥,៩៣លានដុល្លារ ក្នុងឆ្នាំ២០២១។
គួរបញ្ជាក់ថា មជ្ឈមណ្ឌល CBI ជាស្ថាប័នមួយស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីពាណិជ្ជកម្មក្រៅប្រទេស និងកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍ នៃក្រសួងការបរទេសហូឡង់។ មជ្ឍមណ្ឌលនេះក៏មានប្រតិបត្តិការនៅប្រទេសឡាវ ឥណ្ឌូនេស៊ី និងបង់ក្លាដែស និងមានតួនាទីស្នូលក្នុងការគាំទ្រជាបច្ចេកទេស និងហិរញ្ញវត្ថុដល់ដំណើរបរិវត្តកម្មសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងនិរន្តរភាពនៅប្រទេសកំពុងអភិវឌ្ឍន៍ តាមរយៈការបង្កើនជំនាញ និងសក្តានុពលនៃសហគ្រាសធុនតូច និងមធ្យម ក្នុងប្រទេសទាំងនេះ សម្រាប់ផលិតដើម្បីនាំចេញទៅកាន់ទីផ្សារអឺរ៉ុប៕