វិទ្យា​ស្ថាន​បណ្ដុះ​បណ្ដាល​ពាណិជ្ជកម្ម​ និង​ស្រាវ​ជ្រាវ​ (TTRI) នៃ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ បាន​ចុះ​អនុ​ស្សរណៈ​យោគ​យល់​គ្នា​ (MOU) ជា​មួយ​មជ្ឈមណ្ឌល​សម្រាប់​ជំរុញ​ការ​នាំ​ចូល​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍​ (CBI) នៃ​ក្រសួង​ការ​បរទេស​ហូរឡង់​ ក្រោម​ការ​អញ្ជើញ​ជា​អធិបតី​របស់​រដ្ឋ​មន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​។

យោង​តាម​ការ​បង្ហោះ​លើ​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​ ក្រសួង​ពាណិជ្ជកម្ម​ នៅ​ថ្ងៃ​ទី​១៤ ខែ​ធ្នូ​ ឆ្នាំ​២០២២ លោក​ជំទាវ​ ចម និម្មល​ រដ្ឋ​លេខា​ធិការ​ក្រសួង​ពាណិជ្ជកម្ម​ តំណាង​ឱ្យ​ ឯកឧត្ដម​ ប៉ាន​ សូរស័ក្តិ​ រដ្ឋ​មន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ និង​មាន​ការ​ចូល​រួម​ពី​ឯកឧត្ដម​អនុរដ្ឋ​លេខា​ធិការ​ ឯកឧត្ដម​ប្រតិ​ភូរាជ​រដ្ឋា​ភិបាល​កម្ពុជា​ ឯកឧត្ដម​អគ្គនាយក​ លោក​ស្រី Judith Arends នាយក​ប្រតិបត្តិ​នៃ​មជ្ឈ​មណ្ឌល​ CBI ព្រមទាំង​ថ្នាក់​ដឹក​នាំ​ និង​មន្រ្តី​នៃ​វិទ្យាស្ថាន​ TTRI សរុប​ប្រមាណ​ ៣០នាក់​បាន​អញ្ជើញ​ជា​សក្ខី​កម្ម​ក្នុង​កម្មវិធី​ចុះ​អនុ​ស្សរណៈ​យោគ​យល់​គ្នា នៅ​ទី​ស្ដី​ការ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​។

ក្នុង​ខ្លឹម​សារ​ដដែល​លោក​ជំទាវ​ ចម និម្មល បញ្ជាក់​ថា៖​ «អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​នេះ​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​វិទ្យាស្ថាន​ ក្នុង​ការ​លើក​កម្ពស់​ការ​ផ្សព្វ​ផ្សាយ​ចំណេះ​ដឹង​ផ្នែក​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ និង​នីតិ​វិធី​ពាក់​ព័ន្ធ​ សម្រាប់​ជំរុញ​ពាណិជ្ជកម្ម​របស់​កម្ពុជា​»។​

លោក​ជំទាវ​ ចម និម្មល​ សង្កត់​ធ្ងន់​ថា​៖ «បន្ទាប់​ពី​កិច្ច​ប្រជុំ​របស់​រដ្ឋមន្រ្តី​សេដ្ឋកិច្ច​អាស៊ាន​និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​កន្លង​ទៅ​ថ្មី​ៗ​នេះ​ វិទ្យាស្ថាន​មាន​តួនាទី​កាន់​តែ​ច្រើន​ក្នុង​ការ​ជំរុញ​ការ​បណ្ដុះ​បណ្ដាល​ និង​ការ​ផ្សព្វផ្សាយ​នានា​ទាក់​ទង​នឹង​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ ជូន​ដល់​សាធារណជន​ និស្សិត​ និង​វិស័យ​ឯកជន​ ឱ្យ​បាន​ទាន់​សភាព​ការណ៍​ និង​មាន​ប្រសិទ្ធិ​ភាព​»។

យោង​តាម​​សារ​បង្ហោះ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​ក្រសួង​ពាណិជ្ជកម្ម​ដដែល​បញ្ជាក់​ថា​ ​អនុ​ស្សរណៈ​យោគ​យល់​គ្នា​នេះ​ នឹង​មាន​កិច្ច​សហ​ការ​លើ​គម្រោង​ ដូចជា​ ១.គម្រោង​បង្កើត​ផែន​ការ​អាជីវ​កម្ម​ថ្មី​របស់​ TTRI​ ឆ្នាំ​២០២៣​ដល់​២០២៨​ ២.គម្រោង​បង្កើត​មជ្ឈមណ្ឌល​ប្រឹក្សា​យោបល់​សហ​គ្រាស​ធុន​តូច​និង​មធ្យម​ ៣.​គម្រោង​បណ្តុះ​បណ្តាល​សហ​គ្រាស​ធុន​តូច​និង​មធ្យម​ដើម្បី​ជំរុញ​ការ​នាំ​ចេញ​ ៤.គម្រោង​គាំទ្រ​ការ​បង្កើត​ហេដ្ឋា​រចនា​សម្ព័ន្ធ​ IT​ ថ្មីៗ​របស់​វិទ្យាស្ថាន​ TTRI​ រួម​មាន​ថ្នាល​រៀន​អេឡិច​ត្រូនិក​ បណ្ណាល័យ​អេឡិច​ត្រូនិក​ និង​គេហទំព័រ​ថ្មី​ និង​ ៥.គម្រោង​លើ​ការ​ស្រាវ​ជ្រាវ​ពាណិជ្ជកម្ម​ និង​ការ​បោះ​ពុម្ព​ផ្សាយ​។ ភាគី​ទាំង​ពីរ​ក៏​បើក​ផ្លូវ​សម្រាប់​កិច្ច​សហ​ប្រតិបត្តិ​ការ​ក្នុង​គម្រោង​ផ្សេង​ទៀត​នា​ពេល​ខាង​មុខ​អាស្រ័យ​ស្ថាន​ភាព​ជាក់​ស្តែង​។

បើ​​យោង​តាម​ទិន្នន័យ​ដែល​បាន​បង្ហោះ​បញ្ជាក់​បន្ថែម​ថា​ ចាប់​ពី​ខែ​មករា ​ដល់​វិច្ឆិកា ​ឆ្នាំ​២០២២ ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​កម្ពុជា​ និង​ហូឡង់​ មាន​ទំហំ​ទឹក​ប្រាក់​ប្រមាណ​ ៤៩៩,៤១​លាន​ដុល្លារ​​ ដែល​កើន​ឡើង​ប្រមាណ​២០%​ លើ​ទំហំ​ទឹក​ប្រាក់​ ៤១៥,៩៣​លាន​ដុល្លារ​ ក្នុង​ឆ្នាំ​២០២១​។

គួរ​បញ្ជាក់​ថា​ មជ្ឈ​មណ្ឌល​ CBI​ ជា​ស្ថាប័ន​មួយ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​រដ្ឋ​មន្ត្រី​ពាណិជ្ជ​កម្ម​ក្រៅ​ប្រទេស​ និង​កិច្ច​សហ​ប្រតិបត្តិ​ការ​សម្រាប់​ការ​អភិវឌ្ឍ​ នៃ​ក្រសួង​ការ​បរទេស​ហូឡង់​។ មជ្ឍ​មណ្ឌល​នេះ​ក៏​មាន​ប្រតិបត្តិ​ការ​នៅ​ប្រទេស​ឡាវ​ ឥណ្ឌូនេស៊ី​ និង​បង់ក្លាដែស​ និង​មាន​តួនាទី​ស្នូល​ក្នុង​ការ​គាំទ្រ​ជា​បច្ចេកទេស​ និង​ហិរញ្ញវត្ថុ​ដល់​ដំណើរ​បរិវត្ត​កម្ម​សេដ្ឋកិច្ច​ប្រកប​ដោយ​បរិយាប័ន្ន​ និង​និរន្តរភាព​នៅ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ តាម​រយៈ​ការ​បង្កើន​ជំនាញ​ និង​សក្តានុ​ពល​នៃ​សហ​គ្រាស​ធុន​តូច​ និង​មធ្យម​ ក្នុង​ប្រទេស​ទាំង​នេះ​ សម្រាប់​ផលិត​ដើម្បី​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​៕