របាយការណ៍នៃការស្ទង់មតិជាសាធារណ:បានបង្ហាញថា យុវជនខ្មែរតិចតួចប៉ុណ្ណោះដែលបានចូលរួម និងបង្ហាញចំណាប់អារម្មណ៍ទាក់ទងនឹងបញ្ហានយោបាយ ដោយសារមិនមានឱកាស បញ្ហាគ្រួសារ និងលំហនយោបាយក្នុងប្រទេសនៅមានកម្រិត។
យោងតាមរបាយការណ៍របស់អង្គការ Konrad Adenauer Stiftung ទាក់ទងនឹងការស្ទង់មតិសាធារណ:ក្នុងការចូលរួម និងការយល់ដឹងរបស់យុវជនកម្ពុជាទាក់ទងបញ្ហានយោបាយក្នុងប្រទេសបានបង្ហាញថា សម្រាប់ឆ្នាំ ២០២២ នេះ យុវជនចំនួន ១០% ប៉ុណ្ណោះដែលចាប់អារម្មណ៍ខ្លាំងនឹងបញ្ហានយោបាយ ក្នុងនោះផងដែរគេរកឃើញថាប្រជាពលរដ្ឋដែលមានអាយុច្រើន និងបុរស មានចំនួនច្រើនជាងយុវជនក្មេងៗ និងស្រ្តី។
លោកវណ្ណ ប៊ុណ្ណា អ្នកវិភាគភូមិសាស្រ្តនយោបាយ បានលើកឡើងថា មូលហេតុដែលយុវជនមិនសូវចាប់អារម្មណ៍ចូលរួមបញ្ហានយោបាយក្នុងប្រទេសគឺដោយសារកត្តានយោបាយមិនឱ្យតម្លៃសម្លេងយុវជន តាមរយៈការមិនដោះស្រាយនូវបញ្ហា និងការលើកឡើងរបស់សកម្មជនមួយចំនួន។
លោកបានបន្តទៀតថា ការមិនផ្ដល់ឱកាសពីសំណាក់គណបក្សនយោបាយដោយព្យាយាមបង្វែរចំណាប់អារម្មណ៍តាមរយៈការបង្កើតជាកម្មវិធីផ្សេង មិនឱ្យយុវជនចូលរួមខ្វល់ខ្វាយពីបញ្ហានយោបាយក្នុងប្រទេសក៏ជាមូលហេតុមួយដែលធ្វើឱ្យយុវជនគិតថាខ្លួនមិនមានសិទ្ធិក្នុងការបញ្ចេញមតិជាសាធារណះអំពីបញ្ហានេះ។
លោកមានប្រសាសន៍ថា៖ «ឥទ្ធិពលក្នុងការសម្រេចចិត្តផ្នែកនយោបាយរបស់យុវជនហ្នឹងនៅមានកម្រិត វាដោយសារកត្តានយោបាយនៅកម្ពុជា អ្នកនយោបាយមិនសូវជាឱ្យតម្លៃ គេហៅថា public opinion ឬក៏សម្លេងយុវជនអីប៉ុន្មានទេ។ ហើយមួយទៀតដោយសារបរិបទនយោបាយ អ្នកនយោបាយ គណបក្សនយោបាយហ្នឹង មានន័យថាគាត់មានកម្មវិធីជាច្រើន កុំឱ្យយុវជនខ្វល់ខ្វាយរឿងនយោបាយ រឿងការងារណាដែលពាក់ព័ន្ធបញ្ហាសង្គម។ ហើយអ្វីដែលជាការលើកឡើង ជាពិសេសសកម្មជនមួយចំនួន មិនត្រូវបានយកទៅដោះស្រាយ ដូច្នេះជាហេតុធ្វើឱ្យយុវជនគាត់គិតថា គាត់មិនមានសម្លេង ឥទ្ធិពលណាក្នុងឆាក ឬក្នុងការសម្រេចចិត្តរបស់អ្នកនយោបាយ»។
លោក វណ្ណ ប៊ុណ្ណា បានបន្ថែមថា គ្រួសារនិងបុគ្គលខ្លួនឯងផ្ទាល់ក៏ជាកត្តាសំខាន់ដែលបង្អាក់ និងរារាំងដល់យុវជនក្នុងការចូលរួមបញ្ហានយោបាយ និងបញ្ហាសង្គមនានាផងដែរ ដោយហេតុថា យុវជនខ្លួនឯងផ្ទាល់មិនសូវទទួលបានចំណេះដឹងដែលជាមូលដ្ឋានគ្រឹះក្នុងការត្រិះរិះឱ្យបានទូលំទូលាយមុននឹងសម្រេចចិត្តជឿលើគណបក្សណាមួយ។
លោក វណ្ណ ប៊ុណ្ណា បាននិយាយថា៖ «កត្តាគ្រួសារជាកត្តាសំខាន់ បើទោះបីជាយុវជននោះគាត់មានគំនិតចង់ចូលរួមយ៉ាងណាក៏ដោយ ប៉ុន្តែយ៉ាងណាការបទ្ទុចបង្អាក់គាត់ គឺជាការរាំងស្ទះនៃការចូលរួមបញ្ហានយោបាយ និងបញ្ហាសង្គម ។ ។ហើយកត្តាផ្សេងទៀតនោះគឺកត្តាខ្លួនគាត់ផ្ទាល់ ដែលគាត់មិនសូវទទួលបានចំណេះដឹងក្នុងការត្រិះរិះពិចារណាឱ្យបានទូលំទូលាយដោយគាត់ជឿទៅលើការឃោសនារបស់បក្សឬអ្នកនយោបាយណាមួយហ្មង»។
ទន្ទឹមហ្នឹងនេះ លោកក៏បានបន្ថែមថា កត្តាសំខាន់ៗបីដែលអាចលើកកម្ពស់ និងជំរុញឱ្យយុវជនចូលរួមក្នុងបញ្ហានយោបាយឱ្យបានកាន់តែសកម្ម។
ទីមួយ គឺយុវជនខ្លួនឯងផ្ទាល់ ដែលគួរព្យាយាមបង្កើនការយល់ដឹងរបស់ខ្លួនបន្ថែមទាក់ទងនឹងសិទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជាដើមដែលអាចមានប្រយោជន៍ដល់ការស្វែងយល់បន្ថែមក្នុងបញ្ហានយោបាយរបស់ប្រទេសផងដែរ។
ទីពីរគឺកត្ដាគ្រួសារ និងចុងក្រោយគឺរដ្ឋាភិបាល។ លោកបានបន្តថា រដ្ឋាភិបាលគួរបង្កើតជាវេទិកាសង្គមឱ្យបានច្រើនដើម្បីផ្ដល់ឱកាសឱ្យយុវជនបានចូលរួមផ្លាស់ប្ដូរយោបល់ជុំវិញបញ្ហាសង្គមឬបញ្ហានយោបាយផ្សេងៗដែលកើតមាន និងរៀនសូត្រពីគ្នាទៅវិញទៅមកបន្ថែម ព្រមទាំងត្រូវចាត់ទុកថា ការចូលរួមរបស់យុវជនជារឿងសំខាន់ដែលអាចរួមចំណែកធ្វើឱ្យសង្គមរីកចម្រើន មិនមែនជាការប៉ះពាល់ដល់អំណាចតួនាទីរបស់នណារម្នាក់ឡើយ។
លោក វណ្ណ ប៊ុណ្ណា បានមានប្រសាសន៍ថា៖ «រដ្ឋាភិបាល គឺគាត់ត្រូវចាត់ទុកថា ការចូលរួមរបស់យុវជនក្នុងបញ្ហាសង្គម បញ្ហានយោបាយជារឿងដែលធ្វើឱ្យសង្គមរីកចម្រើន មិនមែនដែលធ្វើឱ្យប៉ះពាល់ដល់អំណាចរបស់គាត់ ហើយនិងបង្កើតឱ្យយុវជនបានចូលរួមវេទិកា មានការផ្លាស់ប្តូរយោបល់ និងការសិក្សារៀនសូត្រពីគ្នាបន្ថែម»។
លោក មាស នី អ្នកវិភាគសង្គម និងនយោបាយក្នុងប្រទេសបានលើកឡើងថា ទិន្នន័យខាងលើគឺសមស្របទៅនឹងការសង្កេតឃើញរបស់លោកដោយហេតុថា យុវជនដែលកំពុងសិក្សានៅតាមបណ្ដាសាលារៀននានា មិនសូវសកម្មក្នុងការចូលរួមសិក្សាស្វែងយល់ និងចូលរួមធ្វើការងារសង្គមប៉ុន្មាននោះទេ ដោយសារសាលារៀនមិនសូវផ្ដល់ឱកាស។ លោកបានបន្តទៀតថា ដោយសារលំហនយោបាយរបស់ប្រទេសក្នុងការនិយាយឬពិភាក្សាលើបញ្ហាសង្គម និងនយោបាយមានការត្បិតត្បាតទើបធ្វើឱ្យយុវជនពិបាកនៅក្នុងការជួបជុំចែករំលែក។
លោកមានប្រសាសន៍ថា៖ «ទីពីរ ដោយសារលំហនយោបាយមានការត្បិតត្បាតដូចជាការប្រជុំអីផ្សេងៗ ឥលូវភាគច្រើនគឺច្រើនតែធ្វើឡើងក្រោមវត្តមាននៃការថតរូប ឬក៏ចុះទៅសួរដេញដោលរបស់អាជ្ញាធរមូលដ្ឋានស្ទើរតែគ្រប់កន្លែងទាំងនៅទីក្រុង ទាំងនៅជនបទ អីចឹងទៅវាធ្វើឱ្យរំខានដល់ការជួបជុំរបស់យុវជនក្នុងការពិភាក្សាទៅលើបញ្ហាផ្សេងៗពាក់ព័ន្ធទៅនឹងសង្គមនយោបាយអីហ្នឹង នេះជាការមើលឃើញពីខាងមុខឆាក»។
បន្ថែមពីនេះទៀតលោកបានលើកឡើងថា ការចូលរួមទាំងអសកម្មរបស់សម្ព័ន្ធយុវជនមួយចំនួន ក៏ជាហេតុផលដែលអាចធ្វើឱ្យការរកឃើញយុវជនដែលសកម្មក្នុងសកម្មភាពសង្គមនយោបាយមានចំនួនតិច ដោយលោកបានលើកយកឧទាហរណ៍សម្ព័ន្ធយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជានៃគណបក្សកាន់អំណាច តាមរយៈយុវជនខ្លះមានតែឈ្មោះក្នុងការចូលរួមការងារសង្គម ប៉ុន្តែមិនសកម្ម។
លោក មាស នី បានប្រាប់មកកាន់ Newsroom Cambodia ថា៖ «នេះគ្រាន់ជាការមើលឃើញរបស់ខ្ញុំទេ ខ្ញុំក៏មិនមានអីរិះគន់ដែរ ព្រោះអីនេះជាសិទ្ធិរបស់គណបក្សនយោបាយក្នុងការប្រមូលកម្លាំង នោះថាបើយើងមើលពីក្រោយឆាកវិញ ខាងសម្ព័នយុវជនរបស់គណបក្សកាន់អំណាច សសយក គាត់មានទំនាក់ទំនងជាមួយយុវជនច្រើនណាស់ ក៏ប៉ុន្តែអ្វីដែលខ្ញុំមើលឃើញគឺការចូលរួមរបស់គាត់ហ្នឹងវាចូលរួមដោយអសកម្ម គ្រាន់តែមានឈ្មោះ និងបញ្ជូនឈ្មោះយុវជនឬស្ថាប័នមួយហ្នឹងទៅឱ្យខាងការិយាល័យកណ្ដាលដោយមិនបានសួរនាំសាមីខ្លួននីមួយៗ។ ដោយសារតែយើងឱ្យយុវជនគ្រាន់តែចួលតាមបែបជាអសកម្មបែបនេះហើយដែលធ្វើឱ្យការរកឃើញយុវជនដែលសកម្មក្នុងសង្គមនយោបាយនេះគឺមានចំនួនតិច»។
លើសពីនេះទៀត លោក មាស នី បានបញ្ជាក់បន្ថែមថា យុវជនគួរពង្រឹងសមត្ថភាព និងត្រូវបន្ស៊ាំខ្លួនទៅនឹងការងារសង្គមឱ្យបានច្រើនមុននឹងចូលធ្វើការជាមួយគណបក្សនយោបាយណាមួយ ដើម្បីទុកជាបទពិសោធន៍ក្នុងការចូលរួមចែករំលែកជាមួយគេ ល្អជាងគ្រាន់តែអង្គុយស្ដាប់ និងដើម្បីក្លាយទៅជាយុវជនដែលសកម្មទាំងក្នុងការងារសង្គម និងបញ្ហានយោបាយក្នុងប្រទេសជាដើម។
លោក មាស នី បាននិយាយថា៖ «ពួកគាត់ត្រូវតែធ្វើម៉េចឱ្យមានភាពស៊ាំទៅនឹងការងារសង្គមសិន ព្រោះពេលដែលគាត់ចូលទៅធ្វើក្នុងជួរគណបក្សនយោបាយ ជាបណ្ដាញអីហ្នឹង គាត់អាចនឹងមានជាសមត្ថភាពជាបទពិសោធន៍ច្រើនក្នុងការចែកចាយទៅកាន់គណបក្សនយោបាយដែលគាត់ចូលរូម [….] ជាពិសេសនៅពេលដែលយុវជនចូលទៅក្នុងសម្ព័ន្ធភាពនយោបាយ ឬចលនានយោបាយអីហ្នឹងវាត្រូវតែឱ្យគាត់ជាយុវជនសកម្ម កុំឱ្យគាត់គ្រាន់តែចូលរួមជាមួយគេ ចាំតែស្ដាប់គេ»៕