របាយ​ការណ៍​នៃ​ការ​ស្ទង់​មតិ​ជា​សាធារណ:​បាន​បង្ហាញ​ថា​ យុវជន​ខ្មែរ​តិច​តួច​ប៉ុណ្ណោះ​ដែល​បាន​ចូល​រួម​ និង​បង្ហាញ​ចំណាប់​អារម្មណ៍​ទាក់​ទង​នឹង​បញ្ហា​នយោបាយ​ ដោយ​សារ​មិន​មាន​ឱកាស​​ បញ្ហា​គ្រួសារ​ និង​លំហនយោបាយ​ក្នុង​ប្រទេស​នៅ​មា​​ន​កម្រិត​។​

យោង​តាម​របាយ​ការណ៍​របស់​អង្គការ​ Konrad​ Adenauer​ Stiftung​ ទាក់​ទង​នឹង​ការ​ស្ទង់​មតិ​សាធារណ:​ក្នុង​ការ​ចូល​រួម​ និង​ការ​យល់​ដឹង​របស់​យុវជន​កម្ពុជា​ទាក់​ទង​បញ្ហា​នយោបាយ​ក្នុង​ប្រទេស​បាន​បង្ហាញ​ថា​ សម្រាប់​ឆ្នាំ ​២០២២​ នេះ​ យុវជន​ចំនួន​ ១០%​ ប៉ុណ្ណោះ​ដែល​ចាប់​អារម្មណ៍​ខ្លាំង​នឹង​បញ្ហា​នយោបាយ​ ក្នុង​នោះ​ផង​ដែរ​គេ​រក​ឃើញ​ថា​ប្រជា​ពលរ​ដ្ឋ​ដែល​មាន​អាយុ​ច្រើន​ និង​បុរស​ មាន​​ចំនួន​ច្រើន​ជាង​យុវជន​ក្មេងៗ​ និង​ស្រ្តី។​

លោក​វណ្ណ​ ប៊ុណ្ណា​ អ្នក​វិភាគ​ភូមិ​សាស្រ្ត​នយោបាយ​ បាន​លើក​ឡើង​ថា​​ មូល​ហេតុ​ដែល​យុវជន​មិន​សូវ​ចាប់​អារម្មណ៍​ចូល​រួម​បញ្ហា​នយោបាយ​ក្នុង​ប្រទេស​គឺ​ដោយ​សារ​កត្តា​នយោបាយ​មិន​ឱ្យ​តម្លៃ​សម្លេង​យុវជន​ តាម​រយៈ​ការ​មិន​ដោះ​ស្រាយ​នូវ​បញ្ហា​ ​និង​ការ​លើកឡើង​របស់​សកម្មជន​មួយ​ចំនួន​។

លោក​បាន​បន្ត​ទៀត​ថា ​ការ​មិន​ផ្ដល់​ឱកាស​ពី​សំណាក់​គណបក្ស​នយោបាយ​ដោយ​ព្យាយាម​បង្វែរ​ចំណាប់​អារម្មណ៍​តាមរយៈការ​បង្កើត​ជា​កម្ម​វិធី​ផ្សេង​ មិន​ឱ្យ​យុវជន​ចូល​រួម​ខ្វល់​ខ្វាយ​ពីបញ្ហា​នយោបាយ​ក្នុង​ប្រទេស​ក៏​ជា​មូល​ហេតុ​មួយ​ដែល​ធ្វើ​ឱ្យ​យុវជ​ន​គិត​ថា​ខ្លួន​មិន​មាន​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​ជា​សាធារណះ​អំពី​បញ្ហា​នេះ។​

លោក​មាន​ប្រសាសន៍​ថា​៖ ​«ឥទ្ធិពល​ក្នុង​ការ​សម្រេច​ចិត្ត​ផ្នែក​នយោបាយ​របស់​យុវជន​ហ្នឹង​នៅ​មាន​កម្រិត​ វា​ដោយសារ​កត្តា​នយោបាយ​នៅ​កម្ពុជា​ អ្នក​នយោបាយ​មិន​សូវ​ជា​ឱ្យ​តម្លៃ​ គេ​ហៅ​ថា​ public​ opinion​ ឬ​ក៏​សម្លេង​យុវជន​អី​ប៉ុន្មាន​ទេ​។​ ហើយ​មួយ​ទៀត​ដោយសារ​បរិប​ទ​នយោបាយ​ អ្នក​នយោបាយ​ គណបក្ស​នយោបាយ​ហ្នឹង​ មាន​ន័យ​ថា​គាត់​មាន​កម្ម​វិធី​ជា​ច្រើន​ កុំ​ឱ្យ​យុវជន​ខ្វល់​ខ្វាយ​រឿង​នយោបាយ​ រឿង​ការងារ​ណា​ដែល​ពាក់ព័ន្ធ​បញ្ហា​សង្គម​។ ហើយ​អ្វី​ដែល​ជា​ការ​លើក​ឡើង​ ជា​ពិសេស​សកម្មជន​មួយ​ចំនួន​ មិន​ត្រូវ​បាន​យក​ទៅ​ដោះស្រាយ​ ដូច្នេះ​ជា​ហេតុ​ធ្វើឱ្យយុវជន​គាត់​គិត​ថា ​គាត់​មិន​មាន​សម្លេង​ ឥទ្ធិពល​ណា​ក្នុង​ឆាក​ ឬ​ក្នុង​ការ​សម្រេច​ចិត្ត​របស់​អ្នក​នយោបាយ​»។

លោក វណ្ណ ប៊ុណ្ណា

លោក​ វណ្ណ​ ប៊ុណ្ណា​ បាន​បន្ថែម​ថា​ គ្រួសារ​និង​បុគ្គល​ខ្លួន​ឯង​ផ្ទាល់​ក៏​ជា​កត្តា​សំខាន់​ដែល​បង្អាក់ និង​រារាំង​ដល់​យុវជន​ក្នុង​ការ​ចូល​រួម​បញ្ហា​នយោបាយ​ និង​បញ្ហា​សង្គម​នានា​ផង​ដែរ​ ដោយ​ហេតុ​ថា​ យុវជន​ខ្លួន​ឯង​ផ្ទាល់​មិន​សូវ​ទទួល​បាន​ចំណេះដឹង​ដែល​ជា​មូល​ដ្ឋាន​គ្រឹះ​ក្នុង​ការ​ត្រិះរិះ​ឱ្យ​បាន​ទូលំ​ទូលាយ​មុន​នឹង​សម្រេច​ចិត្ត​ជឿ​លើ​គណបក្ស​ណា​មួយ​។ ​

លោក​ វណ្ណ​ ប៊ុណ្ណា​ បាន​និយាយ​ថា៖​ ​«កត្តា​គ្រួសារ​ជា​កត្តា​សំខាន់​ បើ​ទោះ​បី​ជា​យុវជន​នោះ​គាត់​មាន​គំនិត​ចង់​ចូល​រួម​យ៉ាង​ណា​ក៏​ដោយ​ ប៉ុន្តែ​យ៉ាងណា​ការ​បទ្ទុច​បង្អាក់​គាត់​ គឺ​ជា​ការ​រាំង​ស្ទះ​នៃ​ការ​ចូល​រួម​បញ្ហា​នយោបាយ​ និង​បញ្ហា​សង្គម​ ។​ ។ហើយ​កត្តា​ផ្សេង​ទៀត​នោះ​គឺ​កត្តា​ខ្លួន​គាត់​ផ្ទាល់​ ដែល​គាត់​មិន​សូវ​ទទួល​បាន​ចំណេះដឹង​ក្នុង​ការ​ត្រិះរិះ​ពិចារណា​ឱ្យ​បាន​ទូលំទូលាយ​ដោយ​គាត់​ជឿ​ទៅ​លើ​ការ​ឃោសនា​របស់​បក្ស​ឬ​អ្នក​នយោបាយ​ណាមួយ​ហ្មង​»។

ទន្ទឹម​ហ្នឹង​នេះ ​លោក​ក៏​បាន​បន្ថែម​ថា​ កត្តា​សំខាន់ៗ​បី​ដែល​អាច​លើក​កម្ពស់​ និង​ជំរុញ​ឱ្យ​យុវជន​ចូល​រួម​ក្នុង​បញ្ហា​នយោបាយ​​ឱ្យ​បាន​កាន់​តែ​សកម្ម​។

ទីមួយ​​ គឺ​យុវជន​ខ្លួន​ឯង​ផ្ទាល់​ ដែល​គួរ​ព្យាយាម​បង្កើន​ការ​យល់​ដឹង​របស់​ខ្លួន​បន្ថែម​ទាក់​ទង​នឹង​សិទ្ធិ​ប្រជា​ធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​ជា​ដើម​ដែល​អាច​មាន​ប្រយោជន៍​ដល់​ការ​ស្វែង​យល់​បន្ថែម​ក្នុង​បញ្ហា​នយោបាយ​របស់​ប្រទេស​ផង​ដែរ​។

ទី​ពីរ​គឺ​កត្ដា​គ្រួសារ​ និង​ចុង​ក្រោយ​គឺ​រដ្ឋា​ភិបាល​។ លោក​បានប​ន្ត​ថា​ រដ្ឋា​ភិបាល​គួរ​បង្កើត​ជា​វេទិកា​សង្គម​ឱ្យ​បាន​ច្រើន​ដើម្បី​ផ្ដល់​ឱកាស​ឱ្យ​យុវជន​បាន​ចូល​រួម​ផ្លាស់​ប្ដូរ​យោបល់​ជុំ​វិញ​បញ្ហា​សង្គម​ឬ​បញ្ហា​នយោបាយ​ផ្សេងៗ​ដែល​កើត​មាន​ និង​រៀន​សូត្រ​ពី​គ្នា​ទៅវិញ​ទៅមក​បន្ថែម​ ព្រម​ទាំង​ត្រូវ​ចាត់​ទុក​ថា​ ការ​ចូល​រួម​របស់​យុវជន​ជា​រឿង​សំខាន់​ដែល​អាច​រួម​ចំណែក​ធ្វើឱ្យ​សង្គម​រីក​ចម្រើន​ មិន​មែន​ជា​ការ​ប៉ះ​ពាល់​ដល់​អំណាច​តួនាទី​របស់​នណា​រ​ម្នាក់​ឡើយ​។

លោក​ វណ្ណ​ ប៊ុណ្ណា​ បាន​មាន​ប្រសាសន៍​ថា៖​ ​«រដ្ឋា​ភិបាល​ គឺ​គាត់​ត្រូវ​ចាត់​ទុក​ថា​ ការ​ចូល​រួម​របស់​យុវជន​ក្នុង​បញ្ហា​សង្គម​ បញ្ហា​នយោបាយ​ជា​រឿង​ដែល​ធ្វើឱ្យ​សង្គម​រីក​ចម្រើន​ មិន​មែន​ដែល​ធ្វើឱ្យ​ប៉ះ​ពាល់​ដល់​អំ​ណាច​របស់​គាត់​ ហើយ​និង​បង្កើត​ឱ្យ​យុវជន​បាន​ចូល​រួម​វេទិកា​ មាន​ការ​ផ្លាស់​ប្តូរ​យោបល់​ និង​​ការ​សិក្សារៀន​សូត្រ​ពី​គ្នា​បន្ថែម​»។​

លោក​​ មាស​​ នី​ អ្នក​វិភាគ​សង្គម​ និង​នយោបាយ​ក្នុង​ប្រទេស​បាន​លើក​ឡើង​ថា​ ទិន្នន័យ​ខាង​លើគឺ​សម​ស្រប​ទៅនឹង​ការ​សង្កេត​ឃើញ​របស់​លោក​ដោយ​ហេតុ​ថា​ យុវជន​ដែល​កំពុង​សិក្សា​នៅតាម​បណ្ដា​សាលា​រៀន​​នានា​ មិន​សូវ​សកម្ម​ក្នុង​ការ​ចូល​រួម​សិក្សា​ស្វែង​យល់​ និង​ចូល​រួម​ធ្វើការងារ​សង្គម​ប៉ុន្មាន​នោះ​ទេ​​ ដោយ​សារ​សាលារៀន​មិន​សូវ​ផ្ដល់​ឱកាស​។ លោក​បាន​បន្ត​ទៀត​ថា​ ដោយសារ​លំហ​នយោបាយ​របស់​ប្រទេស​ក្នុង​ការ​និយាយ​ឬ​ពិភាក្សា​លើ​បញ្ហា​សង្គម​ និង​នយោបាយ​មាន​ការ​ត្បិត​ត្បាត​ទើប​ធ្វើ​ឱ្យ​យុវជន​ពិបាក​នៅក្នុង​ការ​ជួប​ជុំ​ចែក​រំលែក​។

លោក​មាន​ប្រសាសន៍​ថា៖​ ​«ទី​ពីរ​ ដោយសារ​​លំហ​នយោបាយ​មាន​ការ​ត្បិត​ត្បាត​ដូចជា​ការ​ប្រជុំ​អី​ផ្សេងៗ​ ឥលូវ​ភាគ​ច្រើន​គឺ​ច្រើនតែ​ធ្វើឡើង​ក្រោម​វត្តមាន​នៃ​ការ​ថត​រូប​ ឬ​ក៏​ចុះ​ទៅ​សួរ​ដេញ​ដោល​របស់​អាជ្ញាធរ​មូលដ្ឋាន​ស្ទើរ​តែ​គ្រប់​កន្លែង​ទាំង​នៅទីក្រុង​ ​ទាំង​នៅ​ជនបទ​ អីចឹង​ទៅ​វា​ធ្វើឱ្យ​រំខាន​ដល់​ការ​ជួបជុំ​របស់​យុវជន​ក្នុង​ការ​ពិភាក្សា​ទៅ​លើ​បញ្ហា​ផ្សេងៗ​ពាក់​ព័ន្ធ​ទៅនឹង​សង្គម​នយោបាយ​អីហ្នឹង​ នេះ​ជាការ​មើល​ឃើញ​ពី​ខាង​មុខ​ឆាក​»។

បន្ថែម​ពី​នេះទៀត​លោកបា​ន​លើក​ឡើង​ថា ​ការ​ចូល​រួម​ទាំង​អសកម្ម​របស់​សម្ព័ន្ធ​យុវជន​មួយ​ចំនួន​ ក៏​ជា​ហេតុ​ផល​ដែល​អាច​ធ្វើ​​ឱ្យ​ការ​រក​ឃើញ​យុវជន​ដែល​សកម្ម​ក្នុង​សកម្មភាព​សង្គម​នយោបាយ​មាន​ចំនួន​តិច​ ដោយ​លោក​បាន​លើកយក​​ឧទាហរណ៍​សម្ព័ន្ធ​​យុវជន​​នៃ​​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​នៃ​គណបក្ស​កាន់​អំណាច​ តាម​រយៈ​យុវជន​ខ្លះ​មាន​តែ​ឈ្មោះ​ក្នុង​ការ​ចូល​រួម​ការងារ​សង្គម​ ​ប៉ុន្តែ​មិន​សកម្ម​។

លោក​ មាស​​ នី​​​ បាន​ប្រាប់​មក​កាន់​ Newsroom​ Cambodia​ ថា៖​​ ​«នេះ​គ្រាន់​ជា​ការ​មើល​ឃើញ​របស់​ខ្ញុំ​ទេ​ ខ្ញុំ​ក៏​មិន​មាន​អី​រិះគន់​ដែរ​ ព្រោះ​​អី​នេះជា​សិទ្ធិ​របស់​គណបក្ស​នយោបាយ​ក្នុង​ការ​ប្រមូល​កម្លាំង​ នោះថា​បើយើង​មើល​ពី​ក្រោយ​ឆាក​វិញ​​ ខាង​សម្ព័ន​យុវជន​របស់​គណបក្ស​កាន់​អំណាច​ សសយក​ គាត់​មាន​ទំនាក់​ទំនង​ជាមួយ​​យុវជន​​ច្រើន​​ណាស់​​ ក៏​ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​មើល​ឃើញ​គឺ​ការ​ចូល​រួម​របស់គាត់​ហ្នឹង​វា​ចូល​រួម​ដោយ​អសកម្ម​ គ្រាន់​តែ​មាន​ឈ្មោះ​ និង​បញ្ជូន​ឈ្មោះ​យុវជន​ឬ​ស្ថាប័ន​មួយ​ហ្នឹង​ទៅ​ឱ្យ​ខាង​ការិយាល័យ​កណ្ដាល​ដោយ​មិន​បាន​សួរ​នាំ​សាមី​ខ្លួន​នីមួយៗ​។ ដោយ​សារ​តែ​យើង​​ឱ្យ​យុវជន​គ្រាន់​តែ​ចួល​តាម​បែប​ជា​អសកម្ម​បែប​នេះ​ហើយ​ដែល​ធ្វើឱ្យ​ការ​រក​ឃើញ​យុវជន​ដែល​សកម្ម​ក្នុង​សង្គម​នយោបាយ​នេះ​គឺ​មាន​ចំនួន​តិច​»។​

លើស​ពី​នេះ​ទៀត​ លោក​ មាស​ នី​ បាន​បញ្ជាក់​បន្ថែម​ថា​ យុវជន​គួរ​ពង្រឹង​សមត្ថភាព​ និង​ត្រូវ​បន្ស៊ាំ​ខ្លួន​ទៅ​នឹង​ការងារ​សង្គម​ឱ្យ​បាន​ច្រើន​​មុន​នឹង​ចូល​ធ្វើ​ការ​ជា​មួយ​គណបក្ស​នយោបាយ​ណាមួយ​ ​ដើម្បី​ទុក​ជា​បទ​ពិសោធន៍​ក្នុង​ការ​ចូល​រួម​ចែក​រំលែក​ជាមួយ​គេ ​ល្អ​ជាង​គ្រាន់​តែ​អង្គុយ​ស្ដាប់​ និង​ដើម្បី​ក្លាយ​ទៅ​ជា​យុវជន​ដែល​សកម្ម​ទាំង​ក្នុង​ការងារ​សង្គម​ និង​បញ្ហា​​នយោបាយ​ក្នុង​ប្រទេស​ជាដើម​។

លោក​​ មាស​ នី​​ បាន​និយាយ​ថា៖​ ​​​​​​​​​​​​​​​​​​«ពួក​គាត់​ត្រូវ​តែ​ធ្វើម៉េច​ឱ្យ​មាន​ភាព​ស៊ាំ​ទៅ​នឹង​ការងារ​សង្គម​សិន​ ព្រោះ​ពេល​ដែល​គាត់​ចូល​ទៅ​ធ្វើ​ក្នុង​ជួរ​គណបក្ស​ន​យោបាយ​ ជា​បណ្ដាញ​អី​ហ្នឹង​ គាត់​អាច​នឹង​មាន​ជា​សមត្ថភាព​ជា​បទ​ពិសោធន៍​ច្រើន​ក្នុង​ការ​ចែក​ចាយ​ទៅ​កាន់​គណបក្ស​នយោបាយ​ដែល​គាត់​ចូល​រូម​ [….]​ ជា​ពិសេស​នៅ​ពេល​ដែល​យុវជន​ចូល​ទៅ​ក្នុង​សម្ព័ន្ធ​ភាព​នយោបាយ​ ឬ​ចលនា​នយោបាយ​អី​ហ្នឹង​វា​ត្រូវ​តែ​ឱ្យ​គាត់​ជា​យុវជន​សកម្ម​ កុំ​ឱ្យ​គាត់​គ្រាន់​តែ​ចូល​រួម​ជាមួយ​គេ​ ចាំ​តែ​ស្ដាប់​គេ»​៕​