អង្គការសង្គមស៊ីវិលមួយចំនួន នៅថ្ងៃចន្ទនេះ បានធ្វើយុទ្ធនាការ «៣សប្ដាហ៍ក្នុងពន្ធនាគារ» ដោយអំពាវនាវឱ្យតុលាការកម្ពុជាដោះលែងកញ្ញា ឈឹម ស៊ីថរ ថ្នាក់ដឹកនាំសហជីពណាហ្គាវើលដ៍ជាបន្ទាន់ដោយឥតលក្ខខណ្ឌ។
អង្គការសង្គមស៊ីវិលដែលរួមមាន មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) សមាគមអាដហុក អង្គការលីកាដូ និងអង្គការសង់ត្រាល់ជាដើម បានធ្វើយុទ្ធនាការ ៣សប្ដាហ៍ក្នុងពន្ធនាគារ ក្នុងគោលបំណងអំពាវនាវឱ្យមានការដោះលែងកញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់ ដោយមិនមានលក្ខខណ្ឌ។ យុទ្ធនាការធ្វើឡើង បន្ទាប់ពីកញ្ញា ឈឹម ស៊ីថរ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅនេះ ក្រោមមូលហេតុមិនបានគោរពតាមលក្ខខណ្ឌនៃការដាក់ឱ្យនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលារការ បន្ទាប់ពីកញ្ញាត្រឡប់ពីចូលរួមកម្មវិធីអន្តរជាតិមួយនៅប្រទេសអូស្រ្តាលី។
លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ប្រាប់ Newsroom Cambodia ថា ការចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ សារជាថ្មីនេះ គឺជាការរំលោភសិទិ្ធមនុស្សយ៉ាងធ្ងន់ធ្ងរ ព្រោះកញ្ញាមិនដែលទទួលបានការជូនដំណឹងពីអាជ្ញាធរតុលាការអំពីលក្ខខណ្ឌនៃការដាក់ឱ្យនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការនោះទេ។
លោកស្រីបាននិយាយថា៖ «បើកញ្ញាមានបំណងគេចខ្លួនពីនីតិវីធីច្បាប់មែននោះ មិនមែនកញ្ញាទៅហើយត្រឡប់មកប្រទេសខ្មែរវិញទេ តុលាការគាត់គួរតែមានការថ្លឹងថ្លែងចំពោះទិដ្ឋភាពទាំងអស់ហ្នឹង […] សម្រាប់យើងជាអង្គការសង្គមស៊ីវិល យើងឃើញនូវអំពើអយុត្តិធម៌ដែលកន្លងមកនេះមានការយាយីទៅលើសហជីពណាហ្គាវើលដ៍ផង ជាពិសេសចំពោះថ្នាក់ដឹកនាំដូចកញ្ញា ស៊ីថរ តែម្ដង។ ដូចនេះយើងអំពាវនាវឱ្យមានការដោះលែងកញ្ញាឡើងវិញហើយឱ្យមានការបញ្ចប់នូវវិវាទការងារមួយនេះ»។
លោកស្រី ចក់ សុភាព បន្ថែមថា ការចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ គឺបានបង្ហាញពីការធ្លាក់ចុះនៃស្ថានភាពសិទ្ធិមនុស្ស និងជាការគំរាមកំហែងដល់គោលការណ៍លទ្ធិប្រជាធិបតេយ្យរបស់ប្រទេសកម្ពុជាផងដែរ។ ទន្ទឹមហ្នឹងនេះ វាក៏នឹងធ្វើឱ្យប៉ះពាល់ដល់មុខមាត់ប្រទេសកម្ពុជាយើងលើឆាកអន្តរជាតិទៀតផង។
លោកស្រីបានបន្ថែមថា៖ «ការបន្តចាប់ខ្លួននេះជាការគំរាមកំហែងទៅដល់គោលការណ៍លទ្ធិប្រជាធិបតេយ្យដែលប្រទេសកម្ពុជាយើងទទួលស្គាល់ ហើយវានឹងប៉ះពាល់ទៅដល់មុខមាត់ប្រទេសកម្ពុជាយើងលើឆាកអន្តរជាតិទៀត ដូចយើងឃើញកន្លងមកហើយជាហូរហែរសហគមន៍អន្តរជាតិលើកឡើងជាច្រើន ជាពិសេសចំពោះការចាប់ខ្លួន ស៊ីថរ នេះមានការកើតចេញនូវសេចក្ដីថ្លែងការណ៍ជាច្រើនពីបណ្ដាទូត ពីបណ្ដាសហគមន៍អន្តរជាតិ អីចឹងខ្ញុំគិតថាប្រទេសកម្ពុជាយើងគួរតែបង្ហាញនូវឆន្ទ:នូវការគោរពទៅតាមគោលការណ៍សិទ្ធិមនុស្សអន្តរជាតិដែលខ្លួនបានទទួលស្គាល់ហ្នឹង ជាជាងការបន្តឱ្យមានការធ្លាក់ចុះនូវស្ថានភាពបែបនេះ»។
បើតាមលោកស្រី ចក់ សុភាព អង្គការសង្គមស៊ីវិលនឹងបន្តធ្វើយុទ្ធនាការនេះជារៀងរាល់សប្ដាហ៍តាមប្រព័ន្ធអនឡាញ និងតាមរយ:កម្មវិធីមួយចំនួនដទៃទៀតរហូតទាល់តែមានការដោះលែងកញ្ញា ស៊ីថរ។
Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយពីលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានទេ ដោយទូរស័ព្ទចូលជាច្រើនដងប៉ុន្តែមិនមានអ្នកទទួល។
គួរបញ្ជាក់ផងដែរថា កញ្ញា ឈឹម ស៊ីថរ ជាប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន ណាហ្គាវើលដ៍ ធ្លាប់ត្រូវបានតុលាការឃុំខ្លួនម្ដងរួចមកហើយ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២២នេះ៕